ព័ត៍មានទាន់​ហេតុការណ៏
Search

អបអរសាទរ​ទិវា​ពិភពលោក​ ប្រឆាំង​នឹង​ជំងឺហឺត​ ក្រោម​ប្រធានបទ​«​ការ​យក​ឈ្នះ​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ហឺត​របស់​អ្នក​»

ភ្នំពេញ ​៖ ជំងឺហឺត​គឺជា​ជំងឺ​រ៉ាំរ៉ៃ​មួយ ដែល​មិន​មាន​ការ​ព្យាបាល​ឱ្យ​ជាសះស្បើយ​ទាំងស្រុង​នោះ​ទេ ទោះ​បី​អ្នកមាន​សុខ​ភាពល្អ​ធម្មតា​ក៏ដោយ អ្នក​នៅតែ​អាច​មាន​ជំងឺ​នេះ​ជាប់​ក្នុង​ខ្លួន​ដែរ​។ នៅ​លើ​ពិភព​លោក​មាន​មនុស្ស​ប្រមាណ​៣០០​លាន​នាក់​រង​ផល​ប៉ះពាល់​ពី​ជំងឺហឺត​។ ដោយឡែក​នៅ​កម្ពុជា​មាន​មនុស្ស​ប្រមាណ​១០%​នៃ​ប្រជាជន​សរុប​ក្នុង​ទូទាំង​ប្រទេស​កើតមាន​ជំងឺហឺត​។​
នេះ​ជា​ប្រសាសន៍​លោក​សាស្ត្រាចារ្យ គឹម អាង សាស្ត្រាចារ្យ នី ចន្ទី លោក​វេជ្ជបណ្ឌិត ឆ ប៊ុន​ប៊ូល លោក​វេជ្ជបណ្ឌិត ង​ន ណា​វុ​ធ្ធ និង​វេជ្ជបណ្ឌិត Sudeep Acharya ជា​ក្រុម​គ្រូពេទ្យ​ជំនាញ​ឯកទេស​ខាង​ផ្លូវ​ដកដង្ហើម​(​ជំងឺ​សួត​)​នៅ​កម្ពុជា​បាន​លើក​ឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំឆ្នាំ​នៅ​សណ្ឋាគារ​អ៊ី​ន​ធ័​រ​កុងទីណង់តាល់ រាជធានី​ភ្នំពេញ ក្រោម​ប្រធានបទ​«​ការ​យក​ឈ្នះ​ដើម្បី​ប្រឆាំង​នឹង​ជំងឺហឺត​របស់​អ្នក​»​។​
សន្និសីទ​នេះ​រៀបចំ​ដោយ​ក្រុមហ៊ុន​ថែទាំ​សុខភាព​ដ៏​ធំ​មួយ គឺ​ក្រុមហ៊ុន GlaxoSmthkline (GSK) សហការ​ជា​សមាគម​ក្រុម​គ្រូពេទ្យ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​អបអរសាទរ​ទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺហឺត ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០៥​នេះ​ផង និង​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ដល់​សាធារណៈ​ជន​ទូទៅ​ឱ្យ​យល់​កាន់​តែ​ច្បាស់​អំពី​ជំងឺហឺត​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​
សន្និសីទ​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា ជំងឺហឺត​នេះ​ជា​បន្ទុក​មួយ​ទាំង​នៅ​ប្រទេស​ក្រីក្រ និង​ប្រទេស​អភិវឌ្ឍន៍​រីកចម្រើន​មាន​កើត​ជំងឺហឺត​នេះ​ជាច្រើន​។ នៅ​ប្រទេស​កម្ពុជា​យើង​ដោយ​ប្រជា​ល​រដ្ឋ​មិនសូវ​ខ្វាយខ្វល់​មិនសូវ​នឹកឃើញ​ពី​ជំងឺហឺត​ប៉ុន្មាន ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​អត្រា​ស្លាប់​របស់​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ​នាំ​មុខ​គេ បណ្ដាល​មកពី​ជំងឺ​ផ្លូវដង្ហើម​។
ជំងឺហឺត​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​សម្ងំ​នៅក្នុង​ខ្លួន បើ​និយាយ​ឱ្យ​សាមញ្ញ​នោះ អ្នក​កើត​ជំងឺហឺត​ច្រើន​ហត់​ដូច​ថប់ដង្ហើម ណែន​ទ្រូង ក្អក​ច្រើន ហៀរ​សំបោរ​។ ហត់​នៅ​ពេល​ដែល​ដង្ហើមចេញ​តឹង នេះ​បណ្ដាល​មកពី​រលាក​ផ្លូវដង្ហើម​។ រោគសញ្ញា​ជំងឺហឺត ក្អក​ឈាម ក្អក​ហត់​ខ្លាំង ក្អក​នៅពេល​យប់​ទៀបភ្លឺ​ក្អក​ជាង​ធម្មតា ជួនកាល​ក្អក​ឮសូរ​ដង្ហើម​ខឹកៗ​ពិបាក​នឹង​ដកចេញ ជួនកាល​បាត់​ទៅ​វិញ ជួន​កាល​រោគសញ្ញា​នេះ​ក្នុង​មួយ​ខែ​កើតមាន​ពី២​ទៅ​៣​ដង​ក៏​មាន​។ ចំណាំ​ ជាទូទៅ​បើ​រោគសញ្ញា​នេះ​កើត​មាន​ពី​៣​ដង​ក្នុង​មួយ​ខែ​នោះ ខ្លួន​យើង​ត្រូវ​ចាប់អារម្មណ៍​ថា ច្បាស់​ជា​មាន​រោគ​ហឺត​កើតឡើង​ហើយ ត្រូវ​រត់​ទៅ​រក​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ បើសិន​ជា​មាន​សញ្ញា​ក្អក​រ៉ាំរ៉ៃ បាន​ន័យ​ថា ទង​សួត​ក៏​ខូច សួត​ក៏​ខូច អ្នកជំងឺ​ហត់​រហូត បើ​ជួយ​មិនទាន់​អាច​ស្លាប់​ក៏​មាន​។​
សន្និសីទ​ក៏បាន​ផ្តាំផ្ញើ​ថា កត្តា​គ្រោះថ្នាក់​ចំបង​ជាងគេ ​គឺ​បណ្ដាល​មកពី​ពពួកសត្វ​ល្អិត​ដែល​យើង​មើល​មិន​ឃើញ​នឹង​ភ្នែក​ទទេ គប្បី​យើង​ត្រូវ​រស់នៅ​ស្អាត គេហដ្ឋាន បន្ទប់​គេង គ្រែ​ដេក ជា​មូល​ហេតុ​ទីមួយ​នាំ​ឱ្យ​មាន​អាល្លែកហ្ស៊ី​ផ្លូវដង្ហើម សួត ច្រមុះ ដែល​ត្រូវ​សំអាត​ជា​រៀងរាល់ថ្ងៃ​កុំឱ្យ​មាន​ធូលី​ដី​ហុយ​កុំឱ្យ​មាន​ភាព​សំណើម​។ នៅក្នុង​ផ្ទះ​បើ​អាច​ជៀសវាង​បាន គួរ​កុំ​ចិញ្ចឹម​សត្វ​ឆ្កែ ឆ្មា ក្នុងផ្ទះ បើ​សិន​ជា​ចិញ្ចឹម​សូម​ចិញ្ចឹម​ដាក់​បន្ទប់​ដោយឡែក​។ ក្រៅ​ពី​នេះ​មាន​កត្តា​ផ្សេងៗ​ទៀត ដែល​ជា​មូល​ហេតុ​នាំ​ឱ្យ​កើត​ជំងឺហឺត ដូចជា​បណ្ដាល​មកពី​ការ​ជក់បារី ការ​ស្រូប​ផ្សែង​បារី​ពី​គេ ដែល​ជះឥទ្ធិពល​អាក្រក់​យ៉ាង​ខ្លាំង​ដល់​ជំងឺ​សួត​របស់​កុមារ ដែល​ជា​កត្តា​ជំរុញ​ជំងឺហឺត​ដែល​ប្រុង​នឹង​កើតមាន​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។​
ចំណុច​សំខាន់​មួយទៀត មនុស្ស​ដែល​កើត​ជំងឺហឺត​មាន​ប្រតិកម្ម​ឆ្លើយតប​ទៅ​នឹង​កត្តា​ប្រឈម​មុខ​ខុសៗ​គ្នា ដូចនេះ​អ្នក​កើត​ជំងឺហឺត​ម្នាក់ៗ​ត្រូវតែ​ដឹង​ពី​អ្វី​ដែល​បង្ក​ឱ្យ​មាន​រោគសញ្ញា និង​ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កត្តា​ប្រឈមមុខ ដែល​បង្ក​ឱ្យ​មាន​រោគសញ្ញា​ជំងឺហឺត​។ ពួកគេ​គួរ​ប្រើ​ថ្នាំ​ដែល​បាន​ចេញ​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ និង​ជួប​ពិគ្រោះ​យោបល់​ឱ្យ​បាន​ទៀងទាត់​។ ថ្នាំ​២​ប្រភេទ​ដែល​ត្រូវការ​ប្រើ​ជា​ចាំ​បាច់​មាន​ដូចជា ថ្នាំ​ដែល​ផ្តល់​ប្រសិទ្ធភាព​ឆាប់រហ័ស ជា​ថ្នាំ​បញ្ឈប់​រោគសញ្ញា នៃ​ជំងឺហឺត និង​ថ្នាំ​សម្រាប់​គ្រប់គ្រង​ជំងឺ ជា​ថ្នាំ​ដែល​ត្រូវ​ប្រើ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ការពារ និង​ជៀសវាង​ការ​រើ​ឡើងវិញ​នៃ​ជំងឺហឺត ពិសេស​ថ្នាំ​បើកផ្លូវ​ដង្ហើម និង​ថ្នាំ​កាត់បន្ថយ​ការ​ហើម​ទងសួត​កុំឱ្យ​ត្បៀត​ផ្លូវដង្ហើម​ពិបាក​ដក​ដង្ហើម​៕

​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684