ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-5-A-18-Full

ផលិតផល​ក្នុងស្រុក​ស្រា​ចេក​ចេញពី​សិប្បកម្ម​គំនិត​ថ្មី​

 

កំពង់ចាម ៖ ស្រា​ចេក​ជា​ផលិតផល​រក​ឃើញ​ថ្មី​ទៀត​ បន្ទាប់ពី​ស្ករ​គ្រាប់​ចេក និង​ស្ករ​ចេក​ដែល​ផលិត​ឡើង​ពី​សិប្បកម្ម​គំនិត​ថ្មី​មាន​អាស័យដ្ឋាន ភូមិ​តា​អុង , ឃុំ​តា​អុង​, ស្រុក​ចំការលើ , ខេត្ត​កំពង់ចាម​។​

លោក លឹម ផា​រ៉ា ម្ចាស់​សិប្បកម្ម​គំនិត​ថ្មី​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ ក្នុង​ឱកាស​បើកសម្ពោធ​ពិព័រណ៍​ភូមិ​១​ផលិតផល​១​ថា ផលិតផល​ស្រា​ចេក​ដែល​ដាក់​ក្នុង​ដប​វេច​ខ្ចប់​ត្រឹមត្រូវ​ទើបនឹង​ផលិត​ក្នុង​រយៈ​ពេល​៣​ខែ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ​ដែល​សិប្បកម្ម​គំនិតត​ថ្មី​ បាន​ផលិត​ឡើង​ទទួល​បាន​ជោគជ័យ​កន្លង​មក​នូវ​ផលិតផល​ស្ករ​គ្រាប់​ចេក​និង​ស្ករ​ចេក​។ គោលបំណង​នៃ​ការផលិត​វត្ថុធាតុដើម​អំពី​ចេក​នេះ លោក លឹម ផា​រ៉ា​បាន​រៀបរាប់​ពី​ដំបូង​រកស៊ី​ដាំចេក និង​ទិញ​ផ្លែ​ចេក​លក់​នៅ​តាម​បណ្តា​ខេត្ត​នានា​។ លុះដល់​រដូវ​ចេក​សំបូរ​ច្រើនពេក​ធ្វើ​ឲ្យ​ការ​លក់​ចេញ​មិនទាន់​ធ្វើ​ឲ្យ​ចេក​ខូច អាស្រ័យ​ដោយសារ​តម្រូវការ​តិច ទើប​មានគំនិត​កែច្នៃ​ផលិត​ធ្វើជា​ស្ករ​ចេក ស្ករ​គ្រាប់​ចេក​ឡើង​ពី​ព្រោះតែ​ផលិតផល​ផ្លែ​ចេក​មានតែ​ក្នុងស្រុក​គ្មាន​ការនាំ​ចូល​ពី​បរទេស​នោះទេ ហើយ​អាជីវកម្ម​ជា​បន្តបន្ទាប់​រកឃើញ​នូវ​ការ​ផលិត​ស្រា​អំពី​ផ្លែ​ចេក​ទៀត ដោយ​ការកែច្នៃ​ទៅជា​លក្ខណៈ​បន្ទុំ​ប្រើ​រយៈពេល​៣​ខែ​ទើប​អាច​ទទួលទាន​បាន ហើយក៏​ពុំមែន​ផលិត​ក្នុង​ជា​លក្ខណៈ​បិត​ដូចជា​ស្រាស​នោះដែរ​។​

លោក ផា​រ៉ា បន្តថា ស្រា​ចេក​ផលិតផល​ថ្មី​នេះ​មានទឹក​ពណ៌​លឿង​ខាប់​មាន​រសជាតិ​ជូរអែម​ដែល​កៀប​ចេញពី​ចេក​សុទ្ធសាធ​។ ផលិតផល​ទាំងអស់​អំពី​ចេក​មិនមាន​បន្ថែម​សារធាតុ​គីមី​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ឡើយ​។ ដោយ​ផលិតផល​ស្រា​ចេក​នេះ​ជួយ​ដល់​សុខភាព​ជាច្រើន​ទៀត​។ ផ្លែ​ចេក​បាន​បង្ហាញ​ឲ្យ​ឃើញ​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ដូចជា​ទប់ស្កាត់​អាការៈ​ប្រឈម​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល , ជំងឺ​ស្ទះ​សរសៃឈាម​ក្នុង​បេះដូង​, ជួយ​អ្នក​ចង់​ឈប់​ជក់បារី បង្កើន​សមត្ថភាព​ផ្ចង់អារម្មណ៍​សិក្សា​ឃា្លត​ឆ្ងាយ ​ពី​ជំងឺលើសឈាម និង​ជំងឺ​ធុញថប់​ក្នុង​អារម្មណ៍​។​ល​។​

លោក លឹម ផា​រ៉ា បាន​ឲ្យ​ដឹង​ពី​ការផលិត​ដំបូង​នូវ​ស្រា​ចេក​នេះ​ក្នុង​រយៈពេល​៣​ខែ​ដំបូង​បាន​ចំនួន​២​ពាន់​ដប ដោយ​លក់​ចេញ​ក្នុង​១​ដប​ថ្លៃ​៦​ដុល្លារ ដោយ​នៅក្នុង​សិប្បកម្ម​គំនិត​ថ្មី​នេះ​ប្រើប្រាស់​ម៉ាស៊ីន​ផលិត​ទាំង​តូច ធំ ១៦​គ្រឿង មាន​ទាំង​ម៉ាស៊ីន​កៀប ម៉ាស៊ីន​កិន​ដោយ​ចំណាយ​ដើមទុន​ប្រមាណ​១០​ម៉ឺន​ដុល្លារ​។ ផលិតផល​ស្រា​ចេក​នេះ​ត្រូវបាន​អ្នកវិនិយោគ​កូរ៉េ​កំពុងមាន​ការចាប់​អារម្មណ៍​ក្នុង​ការ​នាំចេញ ហើយដោយ​សារ​ត្រូវការ​សិក្សា​ស្វែងយល់​ពី​សិប្បកម្ម​គំនិត​ថ្មី​លើ​ចង្វាក់​ផលិតកម្ម​នេះ ដែល​អាច​រ៉ាប់រង​បាន​នូវ​ការផលិត និង​គុណភាព​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684