ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រារព្ធ​មី​ទ្ទីង​ខួប​ទី ១៥២ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០១៥ ខេត្ត​ត្បូងឃ្មុំ​

 

ត្បូងឃ្មុំ ៖ ជា​លើក​ទី​១ ហើយ​ដែល​សាលាខេត្ត​ត្បូងឃ្មុំ បាន​ប្រារព្ធ​ធ្វើ​មីទ្ទីង​ខួប​ទី ១៥២ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៥ ហើយ​ខេត្ត​ក៏បាន​ប្រកាស​ឲ្យ​ដឹង​ពី​សប្បុរសជន​ជាច្រើន ដែល​បាន​ចូលរួម នូវ​ទឹកប្រាក់​សរុប​ចំនួន​ជិត​១០​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ សម្រាប់​ប្រតិបត្តិ​ការ​ឆ្លើយតប​គ្រោះ មហន្តរាយ​នានា នៅក្នុង​ដែនដី​របស់​ខ្លួន​នៅ​រសៀល​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥​នេះ។

ឯកឧត្តម លី ឡេង អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា សាខា​កាកបាទក្រហម​ខេត្ត ទោះបី​ទើបបាន​បង្កើតឡើង​ក្នុង​រយៈពេល​ជិត​មួយឆ្នាំ​ក៏ដោយ ក៏បាន​ខិតខំ​បំពេញ នូវ​បេសក​កម្ម​មនុស្សធម៌​របស់​ខ្លួន ក្នុង​ការ​ផ្តល់សេវា និង​ការសម្របសម្រួល​ការងា​រ ដោយ​សហការ​ជិតស្និទ្ធ ជាមួយ​បណ្តា​មន្ទីរ អង្គភាព ក្រុមហ៊ុន ពាក់ព័ន្ធ ក្នុង​ប្រតិបត្តិការ​គ្រប់លំដាប់​ថ្នាក់ ចាប់ពី​ខេត្ត​រហូត​ដល់​សហគមន៍ ដើម្បី​ឆ្លើយតប​ចំពោះ​ជនរងគ្រោះ យកចិត្តទុកដាក់​ពិសេស​លើ​ការផ្តល់សេវា​គ្រប់​គ្រង​គ្រោះមហន្តរាយ​ការអប់រំ​ថែទាំ​សុខភាព ការអភិវឌ្ឍ សុខភាព​សហគមន៍​មូលដ្ឋាន ការលើក​កម្ពស់​គោលការណ៍​គ្រឹះ និង​តម្លៃ​មនុស្សធម៌​ទូទាំង​ខេត្ត ដោយ​អនុវត្ត ការធ្វើ​វិមជ្ឈការ និង​សហ​វិមជ្ឈការ​ដល់​អនុ​សាខា។ ជាមួយនេះដែរ​សាខា​កាកបាទក្រហម​ខេត្ត បាន​ខិតខំ ប្រឹងប្រែង​ពង្រឹង​សមត្ថភាព​របស់​ខ្លួន ក្នុង​ដំណើរការ​អភិបាលកិច្ច​ល្អ និង​ការគ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព ទាំង​នៅ សាខា អនុសាខា ព្រមទាំង​បង្កើត​នូវ​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការល្អ ជាមួយ​សហ​គមន៍​ជាតិ និង​អង្គការ​ជា​ដៃគូ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដ៏ទៃទៀត សំដៅ​លើកកម្ពស់​តម្លាភាព និង​គណនេយ្យ​ភាព​ដើម្បី​ទាក់ទាញ បាន​នូវ​ជំនឿ​ទុកចិត្ត​ពី​សប្បុរសជន ជាតិ​-​អន្តរជាតិ និង​ដៃគូ​គ្រប់​មជ្ឈដ្ឋាន ឲ្យ​គាំទ្រ​ដល់​សកម្មភាព ប្រតិបត្តិការ មនុស្សធម៌​របស់ខ្លួ ។

សកម្មភាព​ទាំងអស់នេះ គឺជា​ដំណើរការ​ឆ្ពោះទៅមុខ ដើម្បី​បន្ថយ​បេសកកម្ម​មនុស្សធម៌ របស់​ខ្លួន​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ស្របតាម​ទិសដៅ​នៃ​ផែនការ​អភិវឌ្ឍ​រយៈពេល ៦​ឆ្នាំ ២០១៤២០១២០ ដែល​បាន​កសាងឡើង​តាម​ទស្សនៈ​វិស័យ និង​បេសកកម្ម​នៃ​យុត្តិសាស្ត្រ ២០១១២០២០ របស់​កាកបាទក្រហម​កម្ពុជា។ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា បាន​ថ្លែងការណ៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ថា នៅក្នុង​ឆ្នាំ​២០១៥​នេះ យើង​នៅមាន​កិច្ចការ​ធំៗ​មួយចំនួន​ទៀត ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ចំពោះមុខ​រួមមាន​ដូចជា អំពើហិង្សា​នានា​ការកើត​មាន​ជំងឺឆ្លង​ថ្មីៗ បញ្ហា គ្រោះថ្នាក់​ចរាចរ បញ្ហា​គ្រឿងញៀន រួមជាមួយ​នឹង បញ្ហា​ប្រឈម​ជា​សាកល​មួយ​ចំនួនទៀត​ដែល​បង្ក​ដោយសារ ការ​បម្រែបម្រួល​អាកាសធាតុ ការកើនឡើង​កម្តៅ​នៃ​ភពផែនដី ដែល​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ​ធំៗ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និង​ជំងឺឆ្លង​នានា​ដែល​បាន​នឹង​កំពុង​ជះឥទ្ធិពល ទៅលើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​យើង​នៅតាម​សហគមន៍​មូលដ្ឋាន ហើយ​បញ្ហា​ធ្វើ​ចំណាកស្រុក ការហូរ ចូល​នៃ​វប្បធម៌​បរទេស និង​បញ្ហា​និន្នាការ​ផ្នែក​សាសនា ដែល​បញ្ហា​ទាំង​អស់នេះ យើង​ត្រូវ​រួមគ្នា​គិតគូរ​និង​រក​ដំណោះស្រាយ​ឲ្យ​បាន​សមស្រប និង​ទាន់ពេលវេលា ដើម្បី​ជួយសង្គ្រោះ​ជីវិត​ជន​ងាយ​រងគ្រោះ និង​ការ​ការពារ​សេ​ចក្រី​ថ្លៃថ្នូរ​របស់​ពួកគេ​ក្នុងនាម​មនុស្ស​ជាតិ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684