ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ​ចុះ​វាស់វែង​ដី​ទំនាស់​ស្តង់​លក់​ឈើ​មួយ​កន្លែង ​ខ្ចី​ពី​សង្កាត់​ផ្សារឆ្នាំង​ជិត​១៥​ឆ្នាំ​ហើយ​ មិន​ព្រម​ឲ្យ​សង្កាត់​វិញ​

កំពង់ឆ្នាំង ​៖ ក្រោយពី​លោកស្រី គឹម លុយ ចៅក្រម​សាលាដំបូង​ខេត្ត​បាន​បើក​សវនាការ​សួរនាំ​ផ្ទាល់​មាត់​មិនបាន​ជោគជ័យ​លើ​សំណុំរឿង​លេខ​៤០១ ចុះ​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៤ របស់​លោក​ស្រី ភួ​ន ឈុ​យ​អេង ចៅសង្កាត់​ផ្សារឆ្នាំង​ប្ដឹង​ទាមទារ​ដី​របស់​សង្កាត់​ផ្សារឆ្នាំង ដែល​ឈ្មោះ សុខ សុភា ខ្ចី​ធ្វើ​រោង​លក់​ឈើ​ជិត​១៥​ឆ្នាំ​មក​ហើយ គឺ​​មិន​ព្រម​ឲ្យ​សង្កាត់​វិញ​។

នៅ​ព្រឹក​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៥ លោកស្រី​ចៅក្រម និង​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត និង​មន្ត្រី​ភូមិបាល​ក្រុង​កំពង់ឆ្នាំង​បាន​ចុះ​ពិនិត្យ​ការវាស់វែង​ដី​ទំនាស់​ជាក់ស្តែង ដោយមាន​ការចូលរួម​ពី​ភាគី​ទំនាស់​ទាំង​២​ផង​ដែរ​។​

យោង​តាម​ឯកសារ​របស់​លោកស្រី​ចៅសង្កាត់​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០០០ ឈ្មោះ សុខ សុភា រស់នៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ធ្វើ​លិខិត​ខ្ចី​ដី​សង់​ស្តង់​លក់​ឈើ​២​កន្លែង​ដែល​មាន​ទំហំ​២៥​គុណ​និង​២០​ម៉ែត្រ តែ​ម្ចាស់​ស្តង់​ឈើ​មួយ​កន្លែង​គេ​បាន​ប្រគល់​ដី​ឲ្យ​សង្កាត់​វិញ​ហើយ​។​ ដោយឡែក​ នៅក្នុង​ឆ្នាំ​២០០០​នោះ​ដែរ ក៏​មានឈ្មោះ សាន់ ឆៃ និង​ឈ្មោះ សាន់ វណ្ណ​ដេ​ត បាន​ធ្វើ​លិខិត​ខ្ចី​ដី​សង្កាត់​ផ្សារឆ្នាំង សង់​ស្តង់​លក់​ឈើ​២​កន្លែង​ផង​ដែរ ប៉ុន្តែ​នៅពេល​សង្កាត់​ទាមទារ​ដី​នោះ​វិញ​ឈ្មោះ សាន់ ឆៃ និង​ឈ្មោះ សាន់ វណ្ណ​ដេ​ត ក៏​បាន​ប្រគល់​ដី​នោះ​ឲ្យ​សាលាសង្កាត់​វិញ​ហើយ​ដែរ​។​

ដោយឡែក​លោក សុខ សុភា វិញ​ ពេល​ចៅសង្កាត់​ផ្សារឆ្នាំង​ទាមទារ​យក​ដី​នោះ​វិញ​កាលពី​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០០៣ លោក​ក៏បាន​សន្យា​យល់ព្រម​រុះរើ​ស្តង់​ឈើ​ចេញ​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០០៣ ដោយ​បាន​ផ្ដិត​ស្នាម​មេដៃ​លើ​កំណត់ហេតុ​យ៉ាង​ច្បាស់​លាស់​។ ​ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​រុះរើ លោក សុខ សុភា មិនបាន​រុះរើ​ស្តង់​ឈើ​ចេញពី​ដី​សង្កាត់​ផ្សារឆ្នាំង​តាម​ការសន្យា​ខាងលើ​របស់​ខ្លួន​ឡើយ គឺ​នៅតែ​បន្ត​គ្រប់គ្រង​ដី​នេះ​រហូតមកដល់​បច្ចុប្បន្ន មិនតែប៉ុណ្ណោះ​នៅពេល​លោកស្រី​ចៅក្រម​សាកសួរ គឺ​លោក សុខ សុភា បាន​ឆ្លើយ​ថា បាន​ទិញ​ដី​នេះ​តៗ​ពី​គេ​មក ប៉ុន្តែ​មិន​មាន​ឯកសារ​អ្វី​ជា​ភស្តុតាង​បង្ហាញ​តុលាការ និង​អាជ្ញាធរ​សង្កាត់​ឡើយ​។​

លទ្ធផល​នៃ​ការវាស់វែង​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៥ លោក ស៊ិន សូត្រ ប្រធាន​ភូមិបាល​ក្រុង​កំពង់ឆ្នាំង​ជា​អ្នក​វាស់វែង​ដី​ទំនាស់​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ដី​សរុប​របស់​សាលា​សង្កាត់​មាន​ទំហំ​ក្បាលដី​ជាប់​ថ្នល់​កៅស៊ូ​ប្រវែង​១៨,៩០​ម៉ែត្រ ដោយឡែក​ដី​សាលាសង្កាត់​កំពុងធ្វើការ​បច្ចុប្បន្ន​មាន​ក្បាលដី​ប្រវែង​៨,៤០​ម៉ែត្រ និង​បណ្តោយ​១៤,៤០​ម៉ែត្រ​។​ ចំណែក​ដី​ដែល​លោក​សុខ សុភា កំពុង​គ្រប់គ្រង​ជា​ដី​របស់​សាលា​សង្កាត់​ផ្សារឆ្នាំង​មាន​ក្បាលដី​ប្រវែង​១០,៥០​ម៉ែត្រ និង​បណ្តោយ​២១,៧០​ម៉ែត្រ​។​
លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ដី​ទាំងអស់​ខាង​លើ​នេះ​ជា​ដី​ចំណី​ទន្លេ តាមផ្លូវ​ច្បាប់​រដ្ឋ​មិន​អនុញ្ញាត​អាច​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ស្របច្បាប់​អោយ​បុគ្គល​ឯកជន​ណាមួយ​បានទេ បូក​ទាំង​ដី​ និង​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​សំរោង​ក៏​មិនអាច​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ស្របច្បាប់​ឲ្យ​បាន​ដែរ​។​

នៅ​ព្រឹក​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៥ ក៏​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០​នាក់​នៅក្នុង​សង្កាត់​ផ្សារឆ្នាំង បាន​មក​ចូលរួម​មើល​ការវាស់វែង​នេះ​ដែរ ហើយ​ពួកគាត់​បាន​អះអាង​ថា​ដី​ដែល​លោក សុខ សុភា ធ្វើជា​ស្តង់​លក់​ឈើ​មកដល់​សព្វ​ថ្ងៃ​នេះ​គឺជា​ដី​របស់​សាលាសង្កាត់​ផ្សារឆ្នាំង និង​លោក សុខ សុភា រកស៊ី​មានបាន​ធ្វើ​ផ្ទះថ្ម​ក៏​ដោយសារ​ដី​នេះ​ល្មម​ប្រគល់​ដី​នេះ​ឲ្យ​សាលាសង្កាត់​វិញ​ហើយ ព្រោះ​សាលាសង្កាត់​ទាមទារ​យក​ដី​នេះ​មក​សាងសង់​សាលាសង្កាត់​ថ្មី​ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ មិនមែន​ទាមទារ​មក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​ឡើយ​។​
ទាក់ទង​នឹង​ទំនាស់​ខាង​លើ​នេះ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៥ លោក សុខ សុភា និង​លោក មេធាវី​របស់​គាត់​បាន​បដិសេធន៍​មិន​ផ្តល់​ការ​សម្ភាស​ដល់​អ្នកសារព័ត៌​មាន​​ក្នុង​រឿង​ខាងលើ​នេះ​ឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684