ព័ត៍មានទាន់​ហេតុការណ៏
Search
d87aded3-92bd-4e1a-bef9-fa2172812fb0

ស៊ិន សំនៀង​កំពុង​ជោគជ័យ​នឹង​មុខ​ជំនួញ​ បើកហាង​លក់​វត្ថុ​អនុស្សាវរីយ៍

ភ្នំពេញ ៖ ចាប់តាំងពី​ចូល​ឈ្មុសឈ្មុល​ក្នុង​វិស័យ​សិល្បៈ​ អស់​រយៈពេល​ប្រមាណ​១២​ឆ្នាំ​មកនេះ បាន​ធ្វើ​ឲ្យ​តារា​សំដែង​និង​ចម្រៀង​លោក​ស៊ិន សំនៀង​អាច​សន្សំ​លុក​កាក់​ដែល​បាន​មកពី​ការងារ​សិល្បៈ​យ៉ាង​ក្រាស់ក្រែល​ ដើម្បី​យក​ទៅ​បើកហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ ដែល​សព្វថ្ងៃ​បាន​និងកំពុង​តែ​ទទួល​បាន​នៅ​អតិថិជន​ជាច្រើន​ និង​ភាព​កាក់កប​គួរ​ឲ្យ​កត់សម្គាល់​។ ដើម្បី​ចង់ដឹងថា តើ​ការ​រកស៊ី​ដាក់​ទុន​វិនិយោគ​បើកហាង​លក់​វត្ថុ​អនុស្សាវរីយ៍​គ្រប់​ប្រភេទ​របស់​តារា​សិល្បៈ​លោក​ស៊ិន សំនៀង​ទទួល​បាន​នៅ​ភាព​ផ្លែផ្កា​យ៉ាងណា​នោះ​«​កម្ពុ​ជាថ្មី​»​បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​តារា​សំដែង​រូប​នេះ​ក្នុងពេល​កំពុង​ថត​ខ្សែ​វីដេអូ​ភាគ​រឿង​«​បេះដូង​ក្រៅ​ទ្រូង​»​ម្តុំ​វត្ត​កៀនស្វាយក្នុង​ដោយ​លោក​ស៊ិន សំនៀង​និយាយ​ឲ្យ​ដឹងថា ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​របស់លោក​មាន​យី​ហា​ថា​«​សំណាង​ល្អ​»​ដែលមាន​ទីតាំង​នៅក្បែរ​ផ្សារ​ចាស់​ខេត្តសៀមរាប ​និង​បាន​ចាប់​បើក​ដំណើរការ​លក់ដូរ​អស់​រយៈ​ពេល​៤​ឆ្នាំ​មក​ហើយ​ដោយ​ចំណាយ​ដើមទុន​ដេ​គ័​រ​ហាង​ និង​ទិញ​សំភារៈ​ដាក់លក់​អស់​ប្រមាណ​ជិត​១០​ម៉ឺន​ដុល្លារ​។​

តារា​សិល្បៈ​ដែល​ចាប់ផ្តើម​មានឈ្មោះ​បោះ​សំឡេង ​តាមរយៈ​ការសំដែង​ខារ៉ាអូខេ​បទ​«​ដាក់​ទាន​ចិត្ត​ស្មោះ​»​របស់​ផលិតកម្ម​ហង្ស​មាស​រូប​នេះ​ បាន​និយាយ​បន្តថា រហូតមកដល់​ពេលនេះ​ការ​រកស៊ី​របស់​លោក​កំពុង​ទទួល​បាន​ជោគជ័យ ​ដោយ​មិន​មាន​ឧបសគ្គ​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​នោះទេ​។ នៅ​ហាង​របស់​លោក​មាន​ដាក់លក់​វត្ថុ​អនុស្សាវរីយ៍​គ្រប់​ប្រភេទ​ដូចជា​ធ្វើ​ចម្លាក់​ធ្វើ​អំពី​ឈើ ថ្មកែវ ស្ពាន់ ប្រាក់ ក្រណាត់​សូត្រ ជាដើម ដែល​រាល់​វត្ថុ​អនុស្សាវរីយ៍​ទាំងនោះ​លោក​បាន​កុម្ម៉ង់​និង​ទទួល​ទិញ​ពី​បងប្អូន​ប្រជាជន​យើង​មកពី​តាម​បណ្តា​ខេត្ត​នានា​។​

ឆ្លើយតប​ជាមួយនឹង​សំណួរ​ជា​បន្ត​ទាក់ទង​នឹង​ថា តើ​ហេតុអ្វី​បានជា​តារា​សិល្បៈ​លោក​ស៊ិន សំនៀង​បោះទុន​រកស៊ី​បើកហាង​នៅ​ខេត្តសៀមរាប​ ដែល​មិន​មែនជា​ស្រុកកំណើត​របស់​ខ្លួន​នោះ​? ត្រូវបាន​តារា​សិល្បៈ​ដ៏​ស្រស់​សង្ហា​រូប​នេះ​បញ្ជាក់ថា ដោយសារតែ​លោក​សម្លឹង​មើលឃើញថា ខេត្ត​សៀមរាប​គឺជា​ខេត្ត​ប៉ូល​ទេសចរ​មួយ​ដ៏​ល្បី​នៅ​ប្រទេស​កម្ពុជា​។ ការ​ដាក់ទុន​រកស៊ី​ទីតាំង​គឺជា​រឿង​សំខាន់បំផុត ពោល​ដូចដែល​យើង​ដឹង​ហើយ​ថា នៅ​ខេត្តសៀមរាប​ក្នុង​មួយឆ្នាំៗ​មាន​ភ្ញៀវទេសចរ​រាប់​ម៉ឺន​នាក់​មកលេង​កំសាន្ត ហើយ​ពួកគាត់​ទាំងនោះ​ តែងតែ​មិន​ភ្លេច​ឡើយ​នៅ​ការទិញ​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​នៅ​ហាង​របស់​លោក​ផងដែរ​។​

ស៊ិន សំនៀង​និយាយទៀតថា រយៈពេល​ជាង​មួយឆ្នាំ​ចុងក្រោយ​នេះ​ការប្រកប​មុខ​ជំនួញ​ជួញ​ដូរ​របស់​លោក​ហាក់ដូច​ជាមាន​សន្ទុះ​គួរសម​ ដែល​អាច​ទាញយក​កំរៃ​បាន​ច្រើន​ពីមុខ​របរ​លក់​វត្ថុ​អនុស្សាវរីយ៍​នេះ​។ ជាទូទៅ​លោក​អាច​នៅ​មើល​ហាង​បានជាប់​លាប់ ​តែ​រដូវវស្សា​ប៉ុណ្ណោះ ដោយ​ឡែក​នៅ​រដូវប្រាំង​វិញ​លោក​មាន​ការងារ​សិល្បៈ​ច្រើន​។ បន្ទាប់ពី​ជោគជ័យ​លើ​មុខ​ជំនួញ​នេះ​បច្ចុប្បន្ន​លោក​កំពុងតែ​ត្រៀម​ពង្រីក​ការ​រកស៊ី​បន្ថែមទៀត ​គឺ​បើក​ផ្ទះសំណាក់ និង​ហាង​លក់​ដើមឈើ ផ្កា​ស្រស់​នៅ​ខេត្តសៀមរាប​នេះ​បន្ថែមទៀត​។​

បន្ទាប់ពី​ការ​បើកហាង​រកស៊ី​កំពុងតែ​រលូន ​ទៅមុខ​នោះ​តារា​សំដែង​លោក​ស៊ិន សំនៀង​និយាយ​បញ្ជាក់​ថា ដោយឡែក​អាជីព​សិល្បៈ​វិញ​ក៏​មិន​មាន​បញ្ហា​នោះដែរ ដែល​ពេលនេះ​លោក​ទទួល​បាន​ការ​ថត​សំដែង​ខ្សែ​វីដេអូ​ថត​ស្ប៉ត​ផ្សាយពាណិជ្ជកម្ម ខារ៉ាអូខេ​ឲ្យ​បណ្តា​ផលិតកម្ម​ក្នុងស្រុក​មួយចំនួន​ជា​បន្តបន្ទាប់​។ ក្រោយពេល​ការងារ​សិល្បៈ​ក៏ដូចជា​មុខ​ជំនួញ​កំពុងតែ​ជោគជ័យ​នោះ ចំណែកឯ​រឿង​ស្នេហា​វិញ​លោក​ស៊ិន សំនៀង​បញ្ជាក់​ទៀតថា នៅ​មិនទាន់​គិតដល់​នៅឡើយ ពោល​ចាំ​ពង្រីក​មុខរបរ​មួយ​ក្ឌាំង​ទៀត​សិន​ ក៏​វា​មិនទាន់​ហួសពេល​នោះដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684