ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​អូស្ត្រាលី​ម្នាក់​ ខឹង​ម៉ូតូ​ខូច​ធាក់​មិន​ឆេះ​ បាន​ដុត​កម្ទេច​ចោល​ ផ្អើល​ក្រុង​ព្រះសីហនុ​ទាំង​យប់​

ព្រះសីហនុ ៖ មនុស្សម្នា​ស្ទើរ​មួយ​ក្រុងព្រះសីហនុ​បាន​ភ្ញាក់ផ្អើល​ឡើង​ទាំងយប់​ ខណៈ​ពេល​មាន​ជនបរទេស​ម្នាក់​ដែល​គេ​អះអាង​ថា​ជា​ជនជាតិ​អូស្ត្រាលី​បាន​ដុត​ម៉ូតូ​កញ្ចាស់​របស់​ខ្លួន​(​ម៉ាក​គ្រីះ​អង្គ​រ)​ឆេះ​អស់​ សល់​តែ​ដែក​ ដោយសារតែ​ខឹង​ម៉ូតូ​នោះ​ខូច​ធាក់​មិន​ឆេះ​ជិះ​ទៅមុខ​មិន​រួច។

ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​២១​យប់​ ថ្ងៃទី​០៤ ​ខែ​ឧសភា ​ឆ្នាំ​២០១៥ ​នៅ​តាម​បណ្តោយ​ផ្លូវត្រង់​ចំណុច​ផ្សា​រាត្រី​ ទល់​មុខ​(​ក្លិប​កម្សាន្ត​ខារ៉ាអូខេ​ឃី​ង​ផា​រ៉ូ​)​ ស្ថិតនៅ​ក្នុងភូមិ​លេខ​៤​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ។
ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​ខាង​លើ​នេះ​ បើ​តាម​សាក្សី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរៗ​នោះ ​រួម​នឹង​អ្នក​រត់​ម៉ូតូឌុប​ជាច្រើន​នាក់​បាន​និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ប្រហែល​ប្រមាណ​១​ម៉ោង ​គេ​ឃើញ​ជនជាតិ​បរទេស​ម្នាក់​ និង​ស្រី​ស្នេហ៍​របស់​គេ​ម្នាក់​ជាជនជាតិ​​ខ្មែរ ​បាន​ជិះ​ម៉ូតូ​ខាង​លើ​ឌុប​គ្នា​​ហើយ​​ខូច​នៅ​ចំណុច​កើតហេតុ​ខាងលើ ​គឺ​រលត់​ម៉ាស៊ីន​ជិះ​ទៅមុខ​លែង​រួច។

ជនបរទេស​ដែល​ជា​ម្ចាស់​ម៉ូតូ​ ក្រោយពី​ម៉ូតូ​របស់​ខ្លួន​ខូច​ក៏បាន​អូស​​ម៉ូតូ​នោះ​ដាក់​នៅ​ចិញ្ចើម​ផ្លូវ​ដើម្បី​ធ្វើការ​ពិនិត្យ​ និង​ជួសជុល​ដោយ​ខ្លួន​ឯង​អស់​រយៈពេល​ប្រមាណ​កន្លះ​ម៉ោង ​ប៉ុន្តែ​មិនអាច​ជួសជុល​បាន​។ ​លុះ​ក្រោយ​មក​ទៀត​ជនជាតិ​បរទេស​ជា​ម្ចាស់​ម៉ូតូ​រូប​នោះ​ក៏បាន​ហៅ​ជាង​ម៉ូតូ​ឲ្យ​មក​ធ្វើការ​ជួសជុល​វិញ​ម្តង​ តែ​នៅតែ​មិនអាច​ជួសជុល​បាន ​គឺ​ម៉ូតូ​នៅតែ​ធាក់​មិន​ឆេះ​ដដែល ​ជាហេតុ​ធ្វើ​ឲ្យ​ជនបរទេស​រូប​នោះ​មានការ​ខឹងសម្បារ​​យ៉ាង​ខ្លាំង រហូត​ឈាន​ដល់​ការសម្រេចចិត្ត​ដុត​ម៉ូតូ​កញ្ចាស់​នោះ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ចោល​តែម្តង​ រួច​ហើយ​ក៏បាន​នាំ​ស្រី​ស្នេហ៍​របស់​ខ្លួន​ទៅ​អង្គុយ​ផឹកស្រា​បៀរ​នៅ​ហាង​ជិត​នោះ​ធ្វើ​មិនដឹង​ ដោយ​ទុក​ឲ្យ​អណ្ដាតភ្លើង​​ឆាបឆេះ​តាម​អំពើ​ចិត្ត​រហូត​សល់​តែ​ដែក​ បង្ក​ឲ្យ​កើតមាន​ភាព​ភ្ញាក់ផ្អើល​ក្នុងពេលនោះ​តែ​ម្តង​។​

​ភ្លាមៗ​ គេ​ក៏​សង្កេត​ឃើញ​មាន​សមត្ថកិច្ច​ប៉ូលិស​ចំនួន​ប្រមាណ​២​ទៅ​៣​នាក់​ដែរ​ បាន​មកដល់​កន្លែង​កើតហេតុ ​ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ ​សមត្ថកិច្ច​ប៉ូលិស​ទាំងនោះ​មិនបាន​ធ្វើ​សកម្មភាព​អ្វី​ ឬ​ជួយ​អន្តរាគមន៍​ពន្លត់​ភ្លើង​ដែល​កំពុង​ឆាបឆេះ​នោះ​ឡើយ ​រួច​ហើយ​ក៏បាន​ចេញ​ទៅវិញ​បាត់​អស់ ​ដោយ​និយាយ​ថា​រឿង​នេះ​មិន​មាន​អ្វី​ធំដុំ​នោះ​ទេ ​ពីព្រោះ​ម៉ូតូ​នោះ​ជនបរទេស​ជា​ម្ចាស់​ជា​អ្នក​ដុត​ដោយ​ខ្លួន​ឯង ​មិន​មាន​ការ​ពាក់ព័ន្ធ​នឹង​អ្នកដទៃ​​នោះ​ឡើយ​។ ទង្វើ​បែប​​មិន​ទទួល​ខុសត្រូវ​របស់​សមត្ថកិច្ច​ប៉ូលិស​ខាង​លើ​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ថា​ ការ​ដុត​ម៉ូតូ​ចោល​នៅ​ទីប្រជុំជន​​សាធារណៈ​បង្ក​ភាព​ភ្ញាក់ផ្អើល​យ៉ាង​អនាធិបតេយ្យ​បែបនេះ ​វា​ជា​រឿង​ប៉ះពាល់​ខ្លាំង​ណាស់​ទៅ​នឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ ដូចនេះ​សមត្ថកិច្ច​ប៉ូលិស​គួរ​តែ​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​ម៉ូតូ​​ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​នាំ​ខ្លួន​ជនបរទេស​នោះ​យក​ទៅ​ធ្វើការ​អប់រំ​ឲ្យ​មានការ​យល់ដឹង​ពី​ច្បាប់​ខ្លះៗ​ដែរ​ ដើម្បី​កុំ​ឲ្យ​គេ​ប្រព្រឹត្តិ​ដូចនេះ​នៅ​ថ្ងៃក្រោយ​ទៀត​ ប៉ុន្តែ​ផ្ទុយទៅវិញ​បែរជា​នាំគ្នា​ធ្វើ​ព្រងើយ​គួរ​ឲ្យ​សោក​ស្ដាយ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684