ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2015-05-05-full-Y

អ្នក​នាំ​ពាក្យ​បញ្ជាក់​ថា សម្ដេច​តេជោ ហ៊ុន សែន ពិត​ជា​បាន​ផ្ញើ​សារ​ទៅ​កាន់​លោក សម រង្ស៊ី ពិតមែន

ភ្នំពេញ​ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផល​វរុណ បាន​អះអាង​ប្រាប់​កម្ពុជា​ថ្មី​នា​រសៀល​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៥​នេះ​ថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិតជា​បាន​ផ្ញើ​សារ​ទៅកាន់​លោក សម រង្ស៊ី មែន ដោយ​សារ​តែ​លោក សម រង្ស៊ី បាន​បង្ហាញ​ពី​នយោបាយ​ទុច្ចរិត​របស់​ខ្លួន។

លោក ឈឹម ផល​វរុណ បាន​បញ្ជាក់​យ៉ាងនេះ​ថា “​រឿង​សម្ដេច​ផ្ញើ​សារ​នេះ​ជា​រឿង​ពិត បើ​ធ្វើ​បែប​ហ្នឹង​សួរ​ថា​គាត់​ស្មោះត្រង់​នឹង​វប្បធម៌​សន្ទនា​អត់​? វប្បធម៌​សន្ទនា​ប្រព្រឹត្តិ​ទៅ​បាន​ល្អ វា​ទាល់តែ​គូ​សន្ទនា​ស្មោះត្រង់​នឹង​គ្នា ហើយ​គូសន្ទនា​នេះ ទោះជា​ម្ខាង​ខំ​យ៉ាងណា​ក៏ដោយ ហើយ​ម្ខាង​ទៀត​អត់​ស្មោះត្រង់ ក៏​វា​ពិបាក​ដែរ មិនមែន​ស្រួល​ទេ ហើយ​ភាគី​ម្ខាង​ខិតខំ​ឲ្យ​តម្លៃ​វប្បធម៌​សន្ទនា ​បើ​យើង​មិន​ធ្វើ​ទេ អតីតកាល​យើង​ចេះតែ​ជួប​រហូត ហេតុនេះ​ទើប​យើង​ឲ្យ​តម្លៃ​ទៅលើ​វប្បធម៌​សន្ទនា​នេះ ដើម្បី​បញ្ចប់រឿង​បែកបាក់​ជាតិ​ហ្នឹង។ ប៉ុន្តែ​ម្ខាង​ទៀត​នោះ គឺ​ខាង​លោក សម រង្ស៊ី គាត់​ស្មោះត្រង់​ដែរ​អត់? ឬថា​គាត់​ជួប​អ្នកគាំទ្រ មិនដឹង​ដោះស្រាយ​យ៉ាងម៉េច គាត់​ក៏​និយាយ​បែប​ហ្នឹង​ទៅ? ហើយ​បើ​ជួប​អ្នកគាំទ្រ​មិន​ចេះ​ដោះស្រាយ​ទៅជា​ភូត​មុខ​ពីរ​មុខ​បី មិន​ស្មោះត្រង់​ អាហ្នឹង​វា​មិនមែន​ដោះស្រាយបញ្ហា​ទេ​”។​

លោក ឈឹម ផល​វរុណ បញ្ជាក់​ដែរ​ថា «បើ​ធ្វើ​យ៉ាងហ្នឹង​ មានន័យថា​គាត់​ខ្វះ​សមត្ថភាព បើ​មាន​សមត្ថភាព វា​ទាល់តែ​គាត់​ចេះ​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ពី​បញ្ហា ទើប​គាត់​មាន​សមត្ថភាព ហើយ​គាត់​គិតតែ​លេងល្បែង មួយ​ដើរ​តួ​កាច មួយទៀត​ដើរតួ​ស្លូត អាហ្នឹង​គេ​ហៅ​ទុច្ចរិត​ហើយ​»៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684