ព័ត៍មានទាន់​ហេតុការណ៏
Search

បង្ក្រាប​ល្បែង​ហ្គេម​បាញ់​ត្រី​ក្បែរ​​រង្វង់​មូល​​​តាខ្មៅ

កណ្ដាល​ ៖ ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​តាខ្មៅ​សហការ​ជាមួយ​មន្ទីរ​ស្រាវជ្រាវ​​យុត្តិធម៌​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ទូច អ៊ី​ណាន មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​​​ខេត្ត​កណ្ដាល​ទទួលបន្ទុក​មន្ទីរ​ស្រាវជ្រាវ​​យុត្តិធម៌​បាន​ធ្វើ​ការ​ចុះ​បង្ក្រាប​ល្បែង​បាញ់​ត្រី​នៅ​ត្រង់​រង្វង់​មូល​​​​តាខ្មៅ​ ស្ថិត​ក្នុង​ភូមិ​តាខ្មៅ ​សង្កាត់​តាខ្មៅ ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​០៥​ ខែ​ឧសភា ឆ្នាំ​២០១៥។

លោក​វរសេនីយ៍​ហៀ​ង ច័ន្ទ ​ មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ ​បាន​ឲ្យ​ដឹង​ថា​ ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ល្បែង​ស៊ីសង​ហ្គាម​បាញ់​ត្រី​នៅ​ចំណុច​ខាងលើ​នោះ​គឺ​ឃាត់​ខ្លួន​មនុស្ស​១១​នាក់​ក្នុង​នោះ​មាន​ស្ត្រី​២​នាក់​ និង​មាន​ជនជាតិ​ចិន​ចំនួន​៣​នាក់ ​ព្រមទាំង​រឹបអូស​បាន​វត្ថុ​តាង​ទូ​ហ្គាម​ធំ​ ចំនួន​៣​គ្រឿង។

លោក​វរសេនីយ៍​ ទូច អ៊ី​ណាន ​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល​បាន​ឲ្យ​ដឹង​ថា ដោយមាន​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់ ​ដោយ​លោក​វរសេនីយ៍ឯក​​សំ តុលា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល​ និង​បាន​ឯកភាព​ពី​លោក ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល ​លោក​លឹម សុគ​ន្ថា កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌​ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​​​ដឹកនាំ​ដោយ​លោក​រូបលោក​ផ្ទាល់ និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​តាខ្មៅ បាន​ធ្វើ​ការ​បង្ក្រាប​ទីតាំង​ល្បែង​ស៊ី​សង​បាញ់​ត្រី​ ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​១១​​នាក់​ និង​រឹបអូស​ទូ​ហ្គាម​ធំ​ចំនួន​៣​ទូ ​ក្នុង​នោះ​មាន​មនុស្ស​ចំនួន​១១​នាក់ ​​ដែល​មាន​បុគ្គលិក​៥​នាក់​ជា​មេការ​ ភ្ញៀវ​ជនជាតិ​ចិន​៣​​​នាក់​ ខ្មែរ​២​នាក់។

លោក​វរសេនីយ៍ទោ​ ទូច អ៊ី​ណាន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មនុស្ស​១១​នាក់ និង​វត្ថុ​តាង​ខាង​លើ​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684