ព័ត៍មានទាន់​ហេតុការណ៏
Search
2_2

អារ៉ាប៊ីសាអ៊ូឌីត​ទម្លាក់គ្រាប់បែក​ទៅលើ​យេមែន ជាមួយ​ការ​ផ្គត់ផ្គង់​គ្រាប់​បែក​ចង្កោម​របស់​អាមេរិក

ក្រុម​ប្រទេស​ចម្រុះ​ដែល​នាំមុខ​ដោយ​អារ៉ាប៊ី​សាអ៊ូឌីត កំពុង​តែ​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម​ដែល​ផ្គត់​ផ្គង់​ដោយសហរដ្ឋ​អាមេរិក នៅក្នុង​ការ​វាយប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​កងកម្លាំង​ឧទ្ទាម​ហ៊ូធី នៅក្នុង​ប្រទេស​យេមែន។ អង្គការ​​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch បាន​រាយការណ៍​ដូច្នេះ។ គោលដៅ​នៃការ​ទម្លាក់​គ្រាប់បែក​នោះ​ គឺក្រុមហ៊ូធី ដែលស្ថិតនៅ​តាម​ភូមិ​នានា​ នាំ​ឲ្យ​មានការ​គំរាម​កំហែង​ដល់ជន​សីុវិល។

នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កាលពី​ពេល​ថ្មីៗនេះ​ ក្រុម​កង​កម្លាំង​ប្រទេស​ចម្រុះ​បាន​ប្រើ​ប្រាស់​គ្រាប់បែកចង្កោម​នៅភាគ​ខាង​ជើង​នៃ​តំបន់​ស្វយ័ត​ Saada ដែល​ជាប់នឹង​ព្រំ​ប្រទល់​ជាមួយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែល​ធ្លាប់​គ្រប់គ្រង​កាន់​កាប់​ដោយ​ក្រុម​ឧទ្ទាម​កាល​ពី​មុន​មក។

គ្រាប់បែក​ចង្កោម​មាន​គ្រាប់​ផ្ទុះតូចៗ ដល់ទៅ​រាប់​រយគ្រាប់​ដែលហៅថា ប៊ុមប៊ី ដែល​រាយ​ប៉ាយ​ទៅលើ​តំបន់ដ៏ធំ​ទូលាយ។ ប្រភេទ​អាវុធ​នេះ គ្រោះថ្នាក់​ ពីព្រោះថា គ្រាប់បែក​តូចៗ​ទាំង​នោះ​វា​មិនទាន់​ផ្ទុះ​ភ្លាម​ឡើង​នោះទេ ហើយវា​អាច​​សម្ងំស្ងៀម​អស់រយៈ​ពេលដល់ទៅ​រាប់​ទសវត្សរ៍​ មុនពេលវា​ត្រូវផ្ទុះឡើង។​ ជនស៊ីវិល ​ពិសេស​គឺ​កុមារ​​ សុទ្ធ​តែ​ជា​ជន​រងគ្រោះ​ដំបូង​គេ​នៅ​ក្នុង​ប្រវត្ដិ​សាស្ដ្រ​ ដោយសារ​តែ​គ្រាប់បែក​អន្ទាក់នេះ។

សន្ធិ​សញ្ញា​អន្ដរ​ជាតិ​មួយ​ ត្រូវ​បាន​ចុះហត្ថ​លេខា​ចំនួន​១១៦ប្រទេស ហាមប្រាម​កា​រប្រើ​ប្រាស់​គ្រាប់បែក​ចង្កោម​ (ប៊ុមប៊ី) នេះ ប៉ុន្ដែ​សហ​រដ្ឋ​អាមេរិក​ សមាជិក​នៃ​បណ្ដា​ប្រទេស​ដែល​នាំ​មុខ​ដោយអារ៉ាប៊ីសាអ៊ូឌីត និងប្រទេស​យេមែន ខ្លួនឯង​តែម្ដង​ មិនមែន​ជា​ប្រទេស​ហត្ថ​លេខី​នោះ​ទេ។ ជាគោល​ការណ៍​នៃការនាំចេញ​អាវុធ​របស់សហរដ្ឋ​អាមេរិក​ បើ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ស្នើសុំថា មិន​មាន​ប្រភេទ​អាវុធ​គ្រាប់​បែក​ចង្កោម​ណាមួយ​​ត្រូវបាន​លក់​ទៅ​ឲ្យ​បរទេស​ ល្គឹក​ណា​ែត​ការ​ប្រើ​គ្រាប់បែក​ដែល​ជា​គ្រឿងផ្ទុះ​ប្រភេទ​នេះ​ដើម្បីបោសសម្អាត​ជាស្ថាពរ​នូវ​គោល​ដៅ​យោធា​ ហើយ​នឹង​មិន​ត្រូវ​បាន​យក​ទៅប្រើ​នៅ​ទីណា​ដែល​មានជនស៊ីវិល​កំពុង​តែ​ត្រូវ​បាន​គេដឹងថា មានវត្ដមាន​ ឬក៏​នៅ​ទីតំបន់​ណា​ដែល​ជា​ទូទៅ​មិន​មាន​ជនស៊ីវិល​រស់នៅ។

គ្រាប់បែក​ចង្កោម​ដែលយក​ទៅទម្លាក់​នៅ​លើ​ប្រទេស​យេមែននោះ ឈ្មោះ CBU-105 Sensor Fused Weapons ដែល​ត្រូវ​បាន​ផលិត​ដោយ​សាជីវ​កម្ម The Textron Systems Corporation។ គឺជាគ្រាប់បែក​ដែលមានទម្ងន់​៤៥០​គីឡូក្រាម មាន​១០ថត “10 BLU-108 Submunitions”។​គ្រាប់​បែក​នេះ​ពេល​ទម្លាក់​ពីលើ​យន្ដហោះ​មក​វា​ត្រូវ​តែ​បែក​ខ្ញែក​រប៉ាត់​រប៉ាយ​តាំង​ពី​នៅលើ​អាកាស ហើយ​សណ្ដូនដោយឆត្រ​យោង​ ទើបធ្លាក់​មក​ដល់ដី។ បន្ទាប់មក​វា​ក៏បែក​ខ្ញែក​ម្ដង​ទៀត​ទៅ​ជា​គ្រាប់បែក​តូចៗដូចគ្រាប់ឃ្លី ដែល​វា​អាច​បំផ្ទុះ​រថ​ពាស​ដែក ដូចជា​រថក្រោះ និង​យន្ដយុទ្ធ APCs ហើយ​កម្ទេច​យុទ្ធភ័ណ្ឌ​គ្រឿង​ចក្រ​ទាំង​នោះ​បាន។

វីដេអូ​មួយបង្ហាញ​ឲ្យឃើញ​ពីការ​ទម្លាក់​គ្រាប់​បែកធុន CBU-105 Sensor Fuzed Weapons នេះ​ចំនួន​២គ្រាប់​កាលពី​ថ្ងៃ​ទី​១៧ ខែ​មេសា ដែល​បង្ហាញ​តាមរយៈ​ Houthi YouTube Channel ដែល​ស្និទ្ធ​នឹងក្រុមនេះ។

អារ៉ាប៊ីសាអ៊ូឌីត បានចុះ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​នឹង​រោងចក្រ​ផលិត​អាវុធ​ប្រភេទ​នេះ​នៅ​ឆ្នាំ​២០១៣។ ប្រទេសនេះ​បាន​ទទួល​រួចមក​ហើយ​នូវ​គ្រាប់បែក​ប្រភេទ​នេះ​មួយ​ចំនួននៅ​ខែ​មិថុនា ឆ្នាំ២០១០ ដោយស្ថិត​នៅ​ក្រោម​កិច្ច​​ព្រមព្រៀង​មួយ​ដែល​ត្រូវ​បានប្រកាស​កាលពី​ឆ្នាំ​២០០៧ មក​នោះ។

ក្រុង Riyadh បាន​បដិសេធ​ថា មិន​បាន​ប្រើ​គ្រាប់​បែក​ចង្កោម​នេះ​ទេ​នៅ​ក្នុង​យុទ្ធនាការ​របស់​ខ្លួន​ក្នុង​ប្រទេស​យេមែន​កាលពី​ថ្ងៃ​ទី២៩ ខែ​មីនា គឺ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់ពី​ខ្លួន​បើក​យុទ្ធនា​ការ​ទម្លាក់គ្រាប់បែក​នោះ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684