ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-05-15-f-full

ប្រធានាធិបតី​បារាំង​ធ្វើដំណើរ​មកដល់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​បាន​ចូលគាល់​ព្រះមហាក្សត្រ​សាល់​ម៉ាន់

 

ប្រទេស​បារាំង និង​អា​រ៉ា​ប៊ី​សា​អូឌីត មាន​ជំនឿ​យ៉ាង​មុតមាំ​ថា កិច្ចព្រមព្រៀង​នាពេល​អនាគត​ណាមួយ​រវាង​ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​មហាអំណាច​ពិភពលោក​ទាំង​៦ ត្រូវតែ​ធានាបាន​ថា វា​នឹង​មិន​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​នៅក្នុង​តំបន់ ក៏ដូចជា​ការ​គំរាមកំហែង​ដល់​ប្រទេសជិតខាង​អ៊ីរ៉ង់​ជាដាច់ខាត។ ប្រទេស​ទាំងពីរ បាន​អះអាង​បែបនេះ មុន​កិច្ចប្រជុំ​កំពូល​នៅក្នុង​ទីក្រុង​រី​យ៉ា​ដ នា​ថ្ងៃ​អង្គារ​នេះ។

គួរ​ឲ្យ​ដឹង​ថា ប្រទេស​អា​រ៉ា​ប៊ី​សា​អូ​ឌី បាន​អ​ញ្ចើ​ញ​ប្រធានាធិបតី​បារាំង គឺ​លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ដែល​ប្រទេស​របស់​លោក​នៅ​តែ​មាន​គោលជំហរ​រឹងមាំ​ចំពោះ​កិច្ចចរចា​នុយគ្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​នោះ មកកាន់​ទីក្រុង​រី​យ៉ា​ដ ដើម្បី​ពិភាក្សា​លើ​បញ្ហា​ក្នុង​តំបន់ ជាមួយនឹង​ក្រុម​មេដឹកនាំ​នៅ​តំបន់​ឈូង​សមុទ្រ​អារ៉ាប់ ដែលមាន​ការព្រួយបារម្ភ​ថា ការផ្សះផ្សារ​ជាមួយ​ទីក្រុង​តេ​អេ​រ៉ង់ អាច​នឹង​នាំ​អស្ថិរភាព​កាន់តែខ្លាំង​ឡើង​ជាង​មុន​នៅក្នុង​តំបន់​។​

លោក​ប្រធានាធិបតី​ហូ​ឡង់ និង​ស្តេច​សាល់​ម៉ាន់​របស់​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ បន្ទាប់ពី​មាន​ជំនួប​ចរចា​កាលពី​ថ្ងៃ​ចន្ទ​ថា បារាំង និង​អា​រ៉ា​ប៊ី​សា​អូឌីត បានប្រកាស​ឲ្យ​ដឹង​ពី​ភាពចាំបាច់​ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​រឹងមាំ យូរអង្វែង និង​គ្មាន​ជម្លោះ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​។​

សេចក្តីថ្លែងការណ៍​បាន​បន្តទៀតថា កិច្ចព្រមព្រៀង​នេះ មិនត្រូវ​បង្ក​ឲ្យ​មាន​អសន្តិសុខ និង​អស្ថិរភាព​នៅក្នុង​តំបន់ ឬក៏​គំរាមកំហែង​ដល់​សន្តិសុខ​នៅក្នុង​ប្រទេសជិតខាង​អ៊ីរ៉ង់​ជាដាច់ខាត​។​

សូមបញ្ជាក់ថា លោក​ហូ​ឡង់ បាន​ចូលគាល់​ស្តេច​ថ្មី​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត រយៈពេល​១​ម៉ោង បន្ទាប់ពី​ស្រស់ស្រូប​អាហារ​ពេល​ល្ងាច​នៅឯ​រាជវាំង​ព្រះអង្គ និង​បាន​ពិភាក្សា ផងដែរ​ពី​តួនាទី​របស់​ប្រទេស​អ៊ីរ៉ង់ នៅក្នុង​ប្រទេស​យេ​ម៉ែន និង​ប្រទេស​ស៊ី​រី ជា​កន្លែង​ដែល ពួកគេ​បញ្ជាក់ថា គ្មាន​ទៀត​ទេ​អនាគត​របស់លោក​ប្រធានាធិបតី​ស៊ី​រី គឺ​លោក​បា​សា អាល់ អាសាដ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684