ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​មន្ត្រី​ក្រោមឱវាទ​ចូល​បំភ្លឺ​ផ្ទាល់​ជូន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា

 

ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ និង​មន្ត្រី​ក្រោមឱវាទ រសៀល​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៥​នេះ បាន​ចូល​បំភ្លឺ​ផ្ទាល់មាត់​ជូន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា។

លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​ប្រជុំ ជជែក​គ្នា​អស់​រយៈពេល​៣​ម៉ោង​កន្លះ គឺ​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា បាន​ទទួល​ព័ត៌មាន​វិជ្ជមាន​មួយចំនួន​ទាក់ទង​នឹង​ដំណើរការ​ដោះស្រាយ​របស់​ក្រសួងបរិស្ថាន ហើយ​ជា​ចុងក្រោយ​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា បាន​ស្នើ​សុំ​លោក​រដ្ឋមន្ត្រី​លើ​៤​ចំណុច ១-​សុំ​ឲ្យ​លោក​រដ្ឋមន្ត្រី​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ឈ្វៀ​ល​ដី​ជូន​ប្រជាពលរដ្ឋ ដែល​នៅសល់​ប្រមាណ ៣១៨​ហិកតា នៅ​ស្រុក​គី​រី​សាគរ ស្រុក​បុ​ទុម​សាគរ ដែល​កំពុង​វិវាទ​ជាមួយ​ប្រជាជន ហើយ​ពួកគាត់​មិនទាន់បាន​ជួយ​ទំនាក់ទំនង ហើយ​មិនទាន់បាន​ចាកចេញ​។ ទី​២សូមកុំ​ឲ្យមាន​ការបង្ខិតបង្ខំ ឬក៏​ប្រើប្រាស់​វិធានការ​គំរាមកំហែង ឬ​ប្រើប្រាស់​តុលាការ​ចំពោះ​អ្នក​ដែល​មិនទាន់​ចាកចេញ​ទាំង​៣១៨​គ្រួសារ​នេះ គឺ​ធ្វើយ៉ាងណា​ឲ្យមាន​ការជជែក​គ្នា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី តាម​កិច្ចសន្យា​រវាង​រដ្ឋាភិបាល​ជាមួយនឹង​ក្រុមហ៊ុន និង​សេចក្តីជូនដំណឹង​ចុងក្រោយ របស់​រាជរដ្ឋាភិបាល​លេខ ៣០៥ ។ ទី​៣-​សុំឲ្យ​ក្រសួងបរិស្ថាន​ធ្វើការ​ស៊ើបអង្កេត​នូវ​ភាព​មិនប្រក្រតី​ការ​ដោះស្រាយ​ផលប៉ះពាល់​កន្លងមក ព្រោះ​យោង​តាម​របាយការណ៍​របស់​សង្គម​ស៊ីវិល​បាន​បង្ហាញ​ឃើញថា​មានការ​ពុករលួយ មានការ​រើសអើង​ទាក់ទង​នឹង​ដំណោះស្រាយ​បញ្ហា​ផលប៉ះពាល់​នោះ​។ និង​ទី​៤សុំ​ឲ្យមាន​របាយការណ៍ ឯកសារ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​សំណង​ពី​ក្រុមហ៊ុន​មក​គណៈកម្មការ​ទី​១​រដ្ឋសភា​។​

លោក សាយ សំ​អាល់ បាន​មានប្រសាសន៍ថា ទាក់ទង​នឹង​ការ​លើកឡើង​របស់​គណៈ​កម្ម​ការ​ទី​១​រដ្ឋសភា​ដែល​ថា មាន​ភាព​លំអៀង​ក្នុង​ការ​ដោះស្រាយ​នោះ លោក​បាន​ជំរាប​ជូន​ទៅ​លោក​ប្រធាន​គណៈកម្មការ​ទី​១ និង​សមាជិក​សមាជិកា​រដ្ឋ​សភា​ថា ក្រសួងបរិស្ថាន​បាន​នឹង​កំពុង​ខិតខំ​ធ្វើ​សព្វថ្ងៃ​នេះ ហើយ​ជៀសវាង​ណាស់​នូវ​បញ្ហា​ដែល​មិន​ក្រ​ដី​នេះ ព្រោះថា​ការ​ដោះស្រាយ​បញ្ហា​ចង់​មាន​តម្លាភាព យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ទាំងនោះ​។ ចំពោះ​សំណើ​របស់​គណៈកម្មការ​ដែល​បាន​លើក​ឡើង ក្រសួង​បាន​ទទួល​ដើម្បី​យក​មក​សិក្សា និង​ពិភាក្សា​គ្នា ថា​តើ​យើង​អាច​ដោះស្រាយ​របៀប​យ៉ាង​ដូចម្តេច​ជូន​ប្រជាពលរដ្ឋ​ទាំង​នៅ​ស្រុក​ទុម​សាគរ និ​ស្រុក​គី​រី​សាគរ​នោះ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684