ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-05-15-r-full

អភិវឌ្ឍ វិជ្ជាជីវៈ ដល់​យុវជន

តាម​ទម្លាប់​នៃ​ការសិក្សា​ពី​មុន​មក ឬ​ជា​ពេល​កន្លងមក​គេ​តែង​បានដឹង​ជាទូទៅ​ថា សិស្ស​ឬ​និស្សិត​នៅ​សាកលវិទ្យាល័យ និង​នៅ​មហាវិទ្យាល័យ​ទើប​មានការ​សិក្សា​បច្ចេកទេស​វិជ្ជាជីវៈ​។ បានសេចក្តីថា សាលារៀន​ក្រៅពី​សាលា​ចំណេះ​ទូទៅ​នោះ​ទើប​មាន​ការបើក​បង្រៀន​មុខវិជ្ជា​ឯកទេស​វិជ្ជាជីវៈ​ដល់​សិស្ស​និង​និស្សិត​។ ប៉ុន្តែ​បច្ចុប្បន្ននេះ​ឬ​ថ្មីៗ​នេះ​គេ​បានទទួល​ព័ត៌មាន​គួរ​ជាទី​រីករាយ​នៃ​សិស្ស​នៅ​មធ្យមសិក្សា​ទុតិយភូមិ​ក៏មាន​ភ័ព្វវាសនា​បាន​សិក្សា​បច្ចេកទេស​វិជ្ជាជីវៈ​ដែរ​។​

ព័ត៌មាន​ថ្មីៗ​គេ​បានដឹងថា ប្រទេស​ចិន​ផ្តល់ជំនួយ​នៃ​ការសិក្សា​របស់​សិស្ស កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​គឺ សិស្ស​ថ្នាក់​ទី​១០,​ទី​១១, និង​ទី​១២ ក្នុងការ​សាកល្បង​លើ​ខេត្ត​គោលដៅ​ចំនួន​៦ គឺ កំពង់ចាម​, បាត់ដំបង​,​បន្ទាយមានជ័យ​,​កំពង់ស្ពឺ​, កំពត និង​តាកែវ​។ តាម​ព័ត៌មាន​បាន​បន្ត​ឲ្យដឹងទៀតថា ការចាប់ផ្តើម​អនុវត្ត​គម្រោង​នៃ​ការសិក្សា​វិជ្ជាជីវៈ​របស់​សិស្ស​វិទ្យាល័យ​លើ​ខេត្ត​ទាំង​៦​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ចុងឆ្នាំ​២០១៥​នេះ​។ បាន សេចក្តី​ថា គម្រោង​នេះ​នឹង​ចាប់ផ្តើម​បោះជំហាន​ចាប់ពី​ដើមឆ្នាំ​សិក្សា​ថ្មី​នៃ​ឆ្នាំ​សិក្សា​២០១៥២០១៦ នេះ​តទៅ​។​

ចំពោះមុខ​វិជ្ជា បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​ដែល​ត្រូវ​ផ្តល់​ឲ្យ​សិស្ស​វិទ្យាល័យ​នោះ មាន​៥​មុខវិជ្ជា គឺផ្នែក​អគ្គិសនី​, ផ្នែក​អេឡិចត្រូនិក​, ផ្នែក​កសិកម្ម​, ផ្នែក​មេកា​និក និង​ផ្នែក​គណនេយ្យ​។ គេ​យល់ថា​មុខវិជ្ជា​ទាំង​៥​នេះហើយ​ដែលជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍន៍​ជាតិ ជាពិសេស​គឺជា​មុខវិជ្ជា​ដែល​មាន​តម្រូវការ​តាម​ទីផ្សារ​ការងារ ឬ​ហៅថា​ជា​មុខវិជ្ជា​ដែលជា​តម្រូវការ​នៅក្នុង​សង្គម​កំពុង​ពេញនិយម​ផង​ហើយ​ដែលជា​ការបង្ក​លក្ខណៈ​ងាយស្រួល​ដើម្បីអោយ​យុវជន​មានការ​ងាយស្រួល​រក​ការងារ​ធ្វើ​ផង​។ ដ្បិត​កន្លងមក​នៅ​ចុងបញ្ចប់​នៃ​ការសិក្សា​ទុតិយភូមិ​នោះ សិស្ស​ដែល​បាន​ឈប់​រៀន​ទៅ​នោះ​នឹង​ពុំ​អាច​រក​ការងារ​បាន​ធ្វើ​ទេ ព្រោះ​មិន​មាន​វិជ្ជាជីវៈ​ណាមួយ​ស្រប​ទៅ​តាម​ទីផ្សារការងារ​នៅឡើយ​។ គឺ​លុះត្រា​ណា​តែ​សិស្ស ឬ​និស្សិត​បាន​ឆ្លងកាត់​ការសិក្សា​និង​បាន​បញ្ចប់​ការសិក្សា​សាលា​បច្ចេកទេស​វិជ្ជាជីវៈ​នោះ​ទើប​អាច​រក​ការងារ​បាន​ធ្វើ។

ប៉ុន្តែ​ជា​បច្ច័យ​ល្អ​សំរាប់​ពេលនេះ​ប្រសិនបើ​នៅ​មធ្យមសិក្សា​ទុតិយភូមិ​សិស្ស​បាន​ឆ្លងកាត់​មុខវិជ្ជា​បច្ចេកទេស​វិជ្ជាជីវៈ​ដូច​បាន​ជំ​ថ​រាប​ខាងដើម​នេះ​ប្រាកដជា​សិស្ស​មាន​សញ្ញាណ​នៃ​មុខវិជ្ជា​នេះ​ជា​មូលដ្ឋាន​សម្រាប់​ប្រើប្រាស់​និង​រៀន​បន្ត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ទៀត​ផង​។ ការពិត​អ្វី​ដែល​សិស្ស​បាន​សិក្សា​នោះ​គឺ ចំណេះដឹង​នោះ​តែង​មាន​នៅក្នុង​ខ្លួន​សិស្ស​ជា​ទុន​សម្រាប់​បន្ត​ឈោង​ទៅកាន់​ទិសដៅ​សំខាន់ៗ​នៃ​មុខវិជ្ជា​នេះ​បាន​ខ្ពង់ខ្ពស់​បន្តទៅ​ទៀត ពិតប្រាកដ​។ ជាក់ស្តែង​បើ​សិស្ស​បាន​ឈប់រៀន​ក្រោយពី​បាន​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​នោះ​គឺ​សិស្ស​នឹង​មាន​ចំណេះដឹង​ផ្នែក​បច្ចេកទេស​ដែល​គេ​បាន​រៀន​រួច​មក​ហើយ​នោះ​សម្រាប់​បំពេញការងារ​ក្នុង​សង្គម ក៏​ឃើញថា ឆាប់​ចេះ​ឆាប់​ចាំ​និង​ឆាប់​អនុវត្ត​ទៅ​កើត ព្រោះ​គេ​ធ្លាប់បាន​ឆ្លងកាត់​នៃ​ការសិក្សា​រយៈពេល​៣​ឆ្នាំ​រួចមក​ហើយ។ ប្រការ​សំខាន់​ម្យ៉ាងទៀត​បើ​សិស្ស​នោះបាន​បន្តទៅ​រៀន​សាលា​វិជ្ជាជីវៈ​បច្ចេកទេស​លើ​មុខវិជ្ជា​ដដែល​ទៀត​នោះ​គឺ សិស្ស​នោះ​នឹង​កាន់​តែមាន​ការចេះ​និង​យល់ដឹង​កាន់តែ​ប្រសើរ​បំផុត​។​

បើ​យើង​ធ្វើការ​វិភាគ​លើ​មុខវិជ្ជា ទាំង​៥​ខាងលើ​ដែល​តម្រូវ​លើ​ការសិក្សា​ជា​លក្ខណៈ​ទូទៅ​របស់​សិស្ស​មធ្យមសិក្សា​នោះ​គឺ​មានន័យថា ជាការ​ផ្សាភ្ជាប់ និង​ជីវភាព​រស់នៅ​ស្របតាម​តម្រូវការ​បច្ចុប្បន្ននេះ​ពិតប្រាកដ​។ ជាក់ស្តែង​ដូចជា​បញ្ហា​អគ្គិសនី​គឺ ជា​អាទិភាព​នៃ​ការរស់នៅ​ទាន់សម័យ​ដែល​កំពុង​គ្របដណ្តប់​តាំងពី​ទីក្រុង​ដល់​ជនបទ ស្រេច​ទៅ​ហើយ​។ ជា​បន្តទៅ​ទៀត​សម័យនេះ​ជា​សម័យ​អេឡិចត្រូនិក មេកា​និក និង​កសិកម្ម​ទំនើប​ទៀតផង​។ ដូចនេះ​សិស្ស​ដែលមាន​ចំណេះដឹង​ជា​មូលដ្ឋាន​នេះហើយ​គឺជា​ធនធាន​នៃ​យុវជន​ដ៏​ល្អ​ស្របតាម​ពាក្យស្លោក​អប់រំ​ថា “​យុវជន​ជា​សសរទ្រូង​ប្រទេសជាតិ​ពិតប្រាកដ។

ដូចនេះ​គេ​តែង​សង្ឃឹមថា ធនធាន​យុវជន​នេះ​ហើយ​ដែល​ជា​ដើមចម​នៃ​ធនធានមនុស្ស​ក្នុង​សង្គម​ទៅ​អនាគត​នឹង​កសាង​វឌ្ឍនភាព​និង​វិបុលភាព​ដែល​ជា​ពូជ​ធារ​ផលិត​ចេញពី​វិស័យ​អប់រំ​ប្រកបដោយ​ជោគជ័យ​ដ៏​ក្រៃលែង​បំផុត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684