ព័ត៍មានទាន់​ហេតុការណ៏
Search
kpt

ទស្សនៈ​ដើម្បី​ជាតិ​រីកចម្រើន!

 

សម័យនេះ គេ​បាន​លើក​ជ្រោង​ស្លាក​សញ្ញា​មួយ​ដែល​មាន​ខ្លឹមសារ​ថា សិ​ទិ្ធ សេរីភាព និង​ប្រជាធិបតេយ្យ​។ ជាពិសេស​មនុស្ស​មាន​សិទ្ធិ​បង្កើត​គណបក្ស​នយោបាយ​ច្រើន​នៅក្នុង​ប្រទេស​នីមួយៗ ដែល​គេ​ហៅថា សេរី​ពហុបក្ស។ អ្វី​ដែល​ជា​បំណង​រួម​របស់​គណបក្ស​នយោបាយ​នីមួយៗ គឺ​គេ​តែង​បានដឹងថា ដើម្បី​ជាតិ រីកចម្រើន

ទាំង​គណបក្ស​នយោបាយ តូចតាច​ដែល​ទើបបាន​បង្កើត​ឡើង ឬ​ដែល​ទើបបាន​រុះរើ សាជាថ្មី​ក្តី និង​សម្រាប់​គណបក្ស​នយោបាយ​ធំ​ក្តី តែង​មាន​បំណង ជួយ​ជាតិ​ដើម្បី​ធ្វើ​ឲ្យ​ជាតិ​រីកចម្រើន។ ជាពិសេស​ចំពោះ​គណបក្សនយោបាយ​ដែលមាន​ឈ្មោះថា ប្រឆាំង​នោះ ក៏មាន​អត្ថន័យ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ទទួល​យក​តាម​លក្ខណៈ​សុជីវធម៌​នោះ គឺ​ប្រឆាំង​ដើម្បី​ស្ថាបនា ដូច​ពាក្យ​ដែល​គេ​តែង​បាន​ចងចាំ​មក​ថា ការរិះគន់​ដើម្បី​ស្ថាបនាយ៉ាង​នោះ​ដែរ​។ បានសេចក្តី​ថា ការរួបរួម​គ្នា​ដើម្បី​ផលប្រយោជន៍ ជាតិ និង​ប្រជាពលរដ្ឋ គឺ​បានបង្ហាញ និង​បញ្ជាក់​ឲ្យ​ដឹងថា មាន​ភ្នែក​ច្រើន​មាន​ត្រចៀក​ច្រើន និង​មាន​ឧ​ត្ត​ម​គតិ​ច្រើន ដើម្បី​ជួយ​កែលំអ​នូវ​ចំណុច​ខ្វះខាត​ឆ្គាំឆ្គង​ទាំង​អម្បាលម៉ាន​ឲ្យ​បានល្អ និង​មានការ​រីកចម្រើន ឡើងវិញ​។ កន្លងមក​គេ​តែងមាន​ការដឹងឮ​តៗ គ្នា​ថា បក្សប្រឆាំង​មាន​តួនាទី ដូចជា​ហ្វ្រាំង​នៃ​រថយន្ត​មួយ ឬ​ដូចជា​ចង្កូត​នៃ​ទូក ឬ​កប៉ាល់​មួយ​យ៉ាង​នោះដែរ​។ ក្នុង​ដំណើរ​បើកបរ​ទៅមុខ តែង​មាន​ការ​ឆ្លងកាត់​នូវ​ឧបសគ្គ​នានា​នោះ​គឺមាន​ហ្វ្រាំង​សម្រាប់​ទប់ទល់ ឬ​ជាការ​បន្ទច់​បង្អាក់ដំណើរ​ក៏​ថា បាន និង ដូចជា​ចង្កូតទូក ឬ​កប៉ាល់​សម្រាប់​ចៀសវាង ពី​ឧ​ប​ស័គ្គ​ហើយ​បាន​បន្ត​តម្រង់​ទៅមុខ​ឲ្យ​បាន​ទៅដល់​គោលដៅ​បាន​ឆាប់រហ័ស។

បាន​សេចក្តី​ថា ប្រទេសជាតិ​នីមួយៗ ប្រៀបដូចជា​នាវា​បើកបរ កណ្តាល​ជលសា ឬ​ដូច​រថយន្ត​បើកបរ​លើ​ផ្លូវ​យ៉ាង​នោះដែរ​។ ដូចនេះ​ទាំង​ចង្កូត និង​ទាំង​ហ្វ្រាំង ជា​រឿង​សំខាន់ និង​ចាំបាច់​បំផុត​សម្រាប់​ការបើកបរ​ទៅមុខ​ឆ្ពោះទៅកាន់​ត្រើយនាយ​ដែលជា​ទិសដៅ​។ យ៉ាង​នេះ​ហើយ​ទើប​បញ្ហា “​សេរី និង​ពហុបក្សគឺជា​ធាតុ​សំខាន់​ដែល​ជា​មជ្ឈមណ្ឌល​នៃ​ឃ្លាំង​គំនិត ឬ​ជា​តម្រិះ​ប្រាជ្ញាញាណ​សម្រាប់​ជួយ​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​មាន​សន្ទុះ​រីកចម្រើន ទៅមុខ​។ ជាការ​ពិតណាស់​គ្រប់​គណបក្សប្រឆាំង​ផងដែរ​តែងមាន​បំណង​ដូចគ្នា គឺ​ធ្វើ​ឲ្យ​ជាតិ​រីកចម្រើន​។ បានសេចក្តីថា មិន​មែនមាន​គណបក្ស​នយោបាយ​ច្រើន សម្រាប់​ឲ្យ​មនុស្ស​ឈ្លោះ​គ្នា ក្នុងការ​ប្រកាន់​បក្ខពួក​និយម​នោះទេ​។ ម្យ៉ាងទៀត​ចំពោះ​គណបក្សប្រឆាំង គឺ​ក្នុងន័យ​ជួយ​ស្ថាបនា ឬ​ជួយ​កែលំអ និង​តម្រង់​ទិស​ប៉ុណ្ណោះ ដោយ​មិនមែនជា ការប្រឆាំង​ដើម្បី ផ្តួល​រំលំ​គ្នា​នោះទេ ហើយក៏​មិនមែន​ធ្វើ​ឲ្យ​គេ​ដួល ឬ​ធ្លាក់ទឹក​ទៅ​ដើម្បី​ផលប្រយោជន៍​ខ្លួនឯង ក្នុងការ​ឡើងកាន់​អំណាច​នោះឡើយ។

មកដល់​ចំណុច​នេះ ក៏​គេ​តែង​បាន​យល់​យ៉ាងច្បាស់​ថា មេៗ នៃ​គណបក្ស​នយោបាយ​ប្រភេទ​ណា​ក៏មាន​បំណង​ចង់​ឈ្នះឆ្នោត និង​ចង់​ធ្វើជា​នាយករដ្ឋមន្ត្រី​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​ជា​ចំណង់ ឬ​ជា​បំណងប្រាថ្នា​នេះ វាស​ម្រេច​នៅលើ​អំណាច​មួយ​ជា​មូលដ្ឋាន​នោះ គឺ​ប្រជាធិបតេយ្យ​។

បាន​សេចក្តី​ថា ជាការ​សម្រេច​ឡើង ដោយ​ឆន្ទៈ​ប្រជាពលរដ្ឋ​គាំទ្រ​ក្នុងការ​បោះឆ្នោត​ពិតប្រាកដ​។ រឿង​នេះ​ដែល​ជា​រឿង​ពិបាក​ជាង ការប្រឆាំងទៅទៀត​ព្រោះ​ដើម្បី​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នោះ​មិនមែន​ជា​ការងាយស្រួល​ដូចជា ការបញ្ចេញមតិ ឬ​សំដី​រិះគន់​គេ​នោះ​ទេ។

ប្រាកដជា​មិន​ងាយស្រួល​តាមចិត្ត​ចង់​នោះ​ទេ​ព្រោះ​មតិ​ទូទៅ ឬ​មតិ​ពី​មជ្ឈដ្ឋាន​សង្គម មិនមែន បាន​ថ្មី​ចោល ចាស់នោះ​ទេ។ បើ​ថ្មី​នៅតែ​អន់​ខ្សោយ​ជាង ចាស់​នោះ ឬ​ចាស់​នៅតែ​ល្អ​ជាង​ថ្មី​នោះ​ប្រាកដជា​គេ​មិន​បោះបង់​ចាស់​ទៅ​យក​ថ្មី​នោះ​ឡើយ​។ គឺ​ទាល់តែ​គណបក្ស​នយោបាយ​ថ្មី​ក្តី ឬ​គណបក្សប្រឆាំង​ក្តី កសាង​ផលប្រយោជន៍​ជូន​ជាតិ​ឲ្យ​មានការ​រីកចម្រើន លើសគេ​ទើប​មានសង្ឃឹម​។ ប៉ុន្តែ​បើ​គណបក្ស​នោះ​យោង​តែ​អាត្មា​មិន​រួច​ផង គឺ​រស់​តែ​ពាក្យ​ឯ​ត្រគាក​ស្លាប់​ស្តូក​នោះ ធ្វើ​ម៉េច​នឹង​បានឈ្នះ​ឆ្នោត​ទៅ​?…..



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684