ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉េអិម​ខណ្ឌដូនពេញ​បង្ក្រាប​ចោរឆក់​ម្នាក់​ ពេល​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជនបរទេស

ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ បាន​ចេញ​ប្រតិបត្តិ​ការ​​ដេញ​ចាប់​បង្ក្រាប​ក្រុមចោរឆក់​ម្នាក់​ក្នុងចំណោម​គ្នា២​​ភ្លាមៗ ​បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជនបរទេស​កាលពី​វេលា​ម៉ោង​១៩​និង​២៥​នាទី​ ព្រលប់​ថ្ងៃទី​០៤ ខែឧសភា​ ឆ្នាំ​២០១៥ ​នៅ​ចំណុច​ផ្លូវ​លេខ​១៧៨ ​កែង​ផ្លូវ​លេខ​១៣ ​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។

មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ទី​១-​ឈ្មោះ ស៊ិន ស្ត័ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ​ស្នាក់​នៅផ្ទះ​លេខ​៣៩៩ ​ផ្លូវលំ​ ភូមិ​ព្រែក​ទាល់ ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបាន​ដកហូត​-​ម៉ូតូ​០១​គ្រឿង​ ម៉ាក​ស្មាស​វី ពណ៌ក្រហម​លាយ​ខ្មៅ​ស៊េរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BQ-6343​។ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ឡុង បាន​រត់​គេចខ្លួន​ហើយ​បាន​យក​សំភារៈ​របស់​ជនរងគ្រោះ​ ទៅជា​មួយ​មាន​ទូរស័ព្ទ​០១​គ្រឿង ​ម៉ាក​IPhone5c​ លុយ​១០០$ និង​កាត​ATM​។ ជនរងគ្រោះ​ឈ្មោះ​Serena Trett ភេទ​ស្រី ​អាយុ​២២​ឆ្នាំ​ ជនជាតិ​អង់គ្លេស មុខរបរ​និស្សិត ​ស្នាក់នៅ​សណ្ឋាគារ​ Lorcly Jubby នៅ​សង្កាត់​បឹងរាំង​ខណ្ឌដូនពេញ​។

ប្រភព​ព័ត៌មាន​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បានឱ្យដឹង​ទៀតថា​ នៅមុន​ពេល​កើត​ហេតុ​កម្លាំង​​កងរាជអាវុធហត្ថ​ បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន ក៏​ប្រទះឃើញ​ក្រុម​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​ខណៈ​មកដល់​ចំណុច​កើតហេតុ​ពេល​ឃើញ​ជនបរទេស​ដើរ​ថ្មើរ​ជើង​តាម​បណ្តោយ​ផ្លូវ​លេខ​១៣ ​ពី​ជើង​ទៅ​ត្បូង​ ឆ្ពោះទៅ​ព្រះបរមរាជវាំង​ ​ស្រាប់​តែ​ជនសង្ស័យ​ដែល​អង្គុយ​ខាងក្រោយ បាន​លោត​ចុះ​មក​ឆក់​កាបូប​ពី​ជនបរទេស​រួច​រត់ឡើង​ជិះ​ម៉ូតូ​វិញ។ ពេលនោះ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ ឃើញ​ដូច្នេះ​ក៏​ជួយ​អន្តរាគមន៍​ចាប់​បង្ក្រាប​ភ្លាមៗ​រហូតដល់​ផ្លូវ​លេខ​១៧៨ ​ក្នុង​សង្កាត់​ជ័យជំនះ​ ​កម្លាំង​បាន​កៀរ​ម៉ូតូ​ក្រុម​ជនសង្ស័យ​ឲ្យ​ដួល​រួច​ជនសង្ស័យ​ទាំង​នោះ​បាន​ព្យាយាម​រត់គេចខ្លួន ​ត្រូវ​ចាប់បាន​ម្នាក់​ដែល​ជា​អ្នកបើក​ម៉ូតូ​ និង​ម្នាក់ទៀត​ជា​អ្នក​ឆក់​បាន​រត់គេច​បាត់ ​ដោយ​យក​កាបូប​របស់​ជនរងគ្រោះ​ទៅជា​មួយ​ផង​។

ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​នាំ​ខ្លួន​ទៅ​កាន់​ទី​បញ្ជា​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684