ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​រថយន្ត​លុចស៊ី​ស​LX470​​​លឿន​មិន​ប្រយ័ត្ន​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ក្រឡាប់​ផ្ងារ​ជើង

ភ្នំពេញ ​៖​ យុវជន​ម្នាក់​បាន​បើក​រថយន្ត​លុច​ស៊ី​ស​LX470 ក្នុង​ល្បឿន​លឿន​ ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ ​បណ្ដាលឲ្យ​​ក្រឡាប់​រថយន្ត​ផ្ងារ​ជើង ​និង​របួសធ្ងន់​ម្នាក់។

គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី ​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​ទី​៦ ខែ​ឧសភា​ ឆ្នាំ​២០១៥ ​នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន។

សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​ម្នាក់​បើក​រថយន្ត​ម៉ាក​លុច​ស៊ី​ស​LX470 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1AA-8595 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​នរោត្តម​​ ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ចុះ​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់ ហើយ​បួង​ចង្កូត​ទៅ​លិច​ដោយ​​ល្បឿន​លឿន​ពេល​​​បួង​ចង្កូត​មិនទាន់​ក៏​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​​​គង​លើ​ទ្រូង​ផ្លូវ​​​ក្រឡាប់​ផ្ងារ​ជើង​ និង​​​កៀប​តៃកុង​ជាប់​រង​របួស​ធ្ងន់។

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំគ្នា​គាស់​យក​ចេញ​មកក្រៅ ​និង​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម។ ចំណែក​រថយន្ត​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​យក​​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684