ព័ត៍មានទាន់​ហេតុការណ៏
Search

ឯម សាវឿន​ ស្វាគមន៍​ចំពោះ​ការ​សុំ​សងសឹក​របស់​សេង ស្រឿ​ន រីឯ ញ៉េ សិទ្ធ ជួប ឃីម សា​វ៉េ​ត​

ប្រដាល់​ ៖ ឯម សាវឿន អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ បាន​ស្វាគមន៍​ចំពោះ​ការ​សុំ​ឡើង​សង​សឹក​របស់​សេង ស្រឿ​ន អ្នក​ប្រដាល់​ក្លិប​ព្រះខ័ន​រាជ នា​ល្ងាច​ថ្ងៃ​សុក្រ​ ទី​០៨​ ខែ​ឧសភា​នេះ នៅ​លើ​សង្វៀន​ស្ទឹងមានជ័យ។
សេង ស្រឿ​ន​នេះ ទើបតែ​ជ្រុះ​ធ្លាក់​ពី​ការប្រកួត​ជម្រុះ​ខ្សែក្រវាត់​ស្រា​បៀរ​លី​អូ​ទម្ងន់​៦០​គីឡូ​ក្រាម​ថ្មីៗ​នេះ​។ គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ដែល​មិនសូវ​ទទួល​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន​អ្នក​ស្នេហា​កីឡាប្រដាល់​នោះ​ទេ តែ​គេ​ជា​អ្នក​ប្រដាល់​ដែល​មាន​ចិត្ត​ស៊ូ​ក្នុង​ការប្រកួត។

ចំណែក ឯម សាវឿន គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដែរ​។ អ្នក​ប្រដាល់​រូប​នេះ​មាន​ការ​ចាប់អារម្មណ៍​ពី​អ្នកមើល ដោយ​គេ​ធ្លាប់​បាន​ផ្ដួល​ជើង​ខ្លាំង​ជើងចាស់​ជាច្រើន​នាក់​កន្លង​មក​នេះ ហើយ​ចុង​ក្រោយនេះ គេ​វាយ​ឈ្នះ​សោម វិឆ័យ អ្នក​ប្រដាល់​វ័យក្មេង​ក្លិប​សាល​វ័​ន្ត​កីឡា​ក្នុង​ទឹក​ទី​២។ ឯម សាវឿន ក្នុង​ប្រភេទ​ទម្ងន់​៦០​គ​.​ក្រ​នេះ គឺ​ពិបាក​រក​អ្នកណា​ផ្ដួល​យកឈ្នះ​គេ​បាន​នោះ​ណាស់។ ប៉ុន្តែ​ក៏​មាន​អ្នកវិភាគ​កីឡាប្រដាល់​ក្នុងស្រុក​មួយចំនួន​អះអាង​ថា ឯម សាវឿន​នេះ​មិនជា​ល្អ​និង​ខ្លាំង​ប៉ុន្មាន​នោះ​ដែរ។ ទោះជា​យ៉ាងណា សាវឿន​បច្ចុប្បន្ន​នេះ មាន​សមត្ថភាព​ខ្ពស់​ជាង​មុន​ច្រើន ដោយ​វាយ​ឈ្នះ​ច្រើនជាង​ចាញ់។ ក្នុង​កំណត់ត្រា​ប្រកួត​ចំនួន​៥៥​លើក សាវឿន​វាយ​ឈ្នះ​៤៣​លើក ចាញ់​១១​លើក ស្មើ​០១​លើក និង​វាយ​ដៃគូ​ប្រកួត​អោយ​សន្លប់​បាន​ចំនួន​១៤​លើក។

សេង ស្រឿ​ន ត្រូវ​គេ​មើលឃើញ​វាយ​ល្អ​ក្នុង​ការ​ប្រកួត​ចុងឆ្នាំ​២០១៤​និង​ដើមឆ្នាំ​២០១៥​នេះ។ សម្រាប់​ការប្រកួត​ចុងក្រោយ​របស់ គឺ​គេ​វាយ​ចាញ់​សុខ សុវណ្ណ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួង​ការពារជាតិ​ដោយ​ពិន្ទុ។

ទោះជា​យ៉ាងណា សម្រាប់​ការ​ទស្សន៍ទាយ​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ គេ​អះអាង​ថា សេង ស្រឿ​ន​ពុំ​អាច​យកឈ្នះ​ឯម សាវឿន​បាន​នោះ​ឡើយ សម្រាប់​ជំនួប​សងសឹក​នេះ។ កាលពី​ជួបគ្នា​លើក​មុន​(០១​មីនា​២០១៣) ស្រឿ​ន ត្រូវ​សាវឿន​វាយ​អោយ​សន្លប់​ក្នុង​ទឹក​ទី​២។

ម៉ន រដ្ឋា អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក នឹង​ជួប​ប្រកួត​ជាមួយ គួ​ន ប៊ុន​ហ៊ីម អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​។​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ជួបគ្នា​ទេ​កន្លងមក។

ទោះបីជា​កេរ្តិ៍ឈ្មោះ​មិន​សូវ​មាន​ក្តី គួ​ន ប៊ុន​ហ៊ីម​ក៏​ជា​អ្នក​ប្រដាល់​ជើងចាស់​ម្នាក់​ដែល​វាយ​មាន​ផ្លែ​ល្អ​ដែរ។ ការប្រកួត​ចុងក្រោយ​នេះ​(១៩​មេសា​២០១៥) ប៊ុន​ហ៊ីម វាយ​ឈ្នះ​ជុន សាវុធ អ្នក​ប្រដាល់​ក្លិប​ពោធិ​ជ័យ​កីឡា​ដោយ​ពិន្ទុ។

សង្ឃឹមថា ការប្រកួត​ជាមួយ​ម៉ន រដ្ឋា​លើក​នេះ គួ​ន ប៊ុន​ហ៊ីម អាច​ឈ្នះ​ទៅ​ចុះ ព្រោះថា រដ្ឋា ថ្វី​ត្បិត​តែ​មាន​កណ្ដាប់ដៃ​ល្អ ប៉ុន្តែ​គេ​អាច​ចាញ់​កម្លាំង​ស៊ុ​ហ្វ​ដោយសារ​អ្នក​ប្រដាល់​វ័យក្មេង​រូប​នេះ ច្រើន​តែ​ហ៊ាន​ និង​មិន​ចេះ​ខ្លាច​នរណា​នោះ​ទេ ឲ្យ​តែ​ផ្គូផ្គង​ឲ្យ​រូបគេ​ប្រកួត គឺ​គេ​មិនដែល​រាថយ​ឡើយ។​ ម៉ន រដ្ឋា ប្រកួត​ចុងក្រោយ​នេះ គេ​វាយ​ចាញ់​អ្នក​ប្រដាល់​ថា​ន រ៉ា​ឌី ក្លិប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ។

ចំពោះ​អ្នក​ប្រដាល់​ញ៉េ សិទ្ធ ក្លិប​អេ​ភូ​ថង​កីឡា ត្រូវ​ប្រកួត​ជាមួយ​ឃីម សា​វ៉េ​ត អ្នក​ប្រដាល់​ក្លិប​ព្រះខ័ន​រាជ។ ពីរ​នាក់​នេះ​នឹង​ជួបគ្នា​នា​ថ្ងៃ​សៅរ៍​ ទី​០៩​ ខែ​ឧសភា​ ឆ្នាំ​២០១៥ ​នៅ​លើ​សង្វៀន​ស្ទឹង​មាន​ជ័យ​នេះ​ដែរ។
រវាង​ញ៉េ សិទ្ធ និង ឃីម សា​វ៉េ​ត​នេះ ពុំ​ធ្លាប់​ដែល​ប៉ះ​គ្នា​ទេ​ពី​មុន​មក។​ សម្រាប់​ការ​ជួប​គ្នា​លើក​ដំបូង​នេះ តាម​ការ​រំពឹង​ទុក​នោះ​សា​វ៉េ​ត​ប្រហែលជា​អ្នក​ជួប​សំណាងល្អ​ជាង​ញ៉េ​សិទ្ធ ដោយសារ​គេ​ខ្ពស់​ជាង​ និង​មាន​ផ្លែ​ល្អ​ជាង។ ប៉ុន្តែ​យ៉ាងណា គឺ​ស៊ីសង​លើ​លទ្ធផល​ក្រោយ​បញ្ចប់​ការប្រកួត​តែ​ប៉ុណ្ណោះ។

ឃីម សា​វ៉េ​ត ប្រកួត​ចុងក្រោយ វាយ​ចាញ់​ម៉ន ព្រហ្ម​ម៉ាញ ក្លិប​ការិយាល័យ​ទី​៥ កង​ទ័ព​ជើង​គោក​ដោយ​ពិន្ទុ។ ឯ ការប្រកួត​ចុងក្រោយ​របស់​ញ៉េ សិទ្ធ​វិញ គេ​វាយ​ឈ្នះ​ឡុង សំណាង អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា​ដោយ​ពិន្ទុ។​
ចំពោះ​គូ​ពិសេស​១​គូ​ទៀត គឺ​អាន មុន្នី អ្នក​ប្រដាល់​ក្លិប​សុភា​នូ​មានជ័យ ប៉ះ​ជាមួយ​ខន សុខុន អ្នក​ប្រដាល់​មកពី​ក្លិប​បង្ក្រាប​គ្រឿងញៀន​ខេត្ត​រត​គិរី ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។​

អាន មុន្នី ជា​អ្នក​ប្រដាល់​ចាស់វស្សា​ហើយ ហើយក៏​ជា​អ្នក​ប្រដាល់​វាយ​ពូកែ​ឌឺ​ដាក់​គេ​ដែរ។ កំណត់ត្រា​ប្រកួត​របស់​មុន្នី ពុំ​សូវ​ដែល​មាន​ឈ្នះ​នរណា​ទេ ពោល​គឺ​ឡើង​ប្រកួត​ដប់​ដង​ចាញ់​៩​ឬ​ទាំង​ដប់​ដង​តែម្តង។ លទ្ធផល​ប្រកួត​ចុងក្រោយ​នេះ គេ​វាយ​ចាញ់ ងួន គា អ្នក ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​(២៦​មេសា​២០១៥)។​

ខន សុខុន ក៏​ជា​អ្នក​ប្រដាល់​ដែល​វាយ​ចាញ់​ច្រើនជាង​ឈ្នះ​ដែរ។ ការប្រកួត​ចុងក្រោយ​នេះ សុខុន វាយ​ចាញ់​ចាន់ រ៉ា​ដេ​ត អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ​ដោយ​ពិន្ទុ​(១៩​មេសា​២០១៥)។

ចាំ​មើល រវាង​អាន មុន្នី និង​ខន សុខុន តើន​រណា​ឈ្នះ សម្រាប់​ការ​ជួប​គ្នា​លើកដំបូង​នេះ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684