ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-06-15-b-full

បើកបរ​រថយន្ត​ទាំង​ស្រវឹង​ជ្រុល​ចង្កូត​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ ឯ​​រថយន្ត​ក្រឡាប់​ផ្ងារជើង

ភ្នំពេញ ៖ លំនៅ​ដ្ឋាន​ប្រជាពលរដ្ឋ​បី​ផ្ទះ រង​ការខូចខាត​ទាំងស្រុង ហើយ​នៅ​ក្នុង​នោះ​ក៏​មាន​មនុស្ស​ម្នាក់​ទទួលរង​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ផង​ដែរ ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​បើក​បុក។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​២២ និង​៣០​នាទី យប់​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៨ និង​១៩ ស្ថិត​ក្នុងភូមិ​ស្រីស្នំ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

លោក មាន វណ្ណ​ថុ​ន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ព្រែក​កំពឹស​ប្រាប់​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង ដោយសារ​រថយន្ត ដឹក​ដី ម៉ាក ហ៊ី​យិន​ដាយ ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-0351 អ្នកបើកបរ​រថយន្ត ពុំ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ រង​របួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត។

លោក មាន វណ្ណ​ថុ​ន ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ចំណែក​ម្ចាស់ផ្ទះ​ទាំង​៣​ផ្ទះ ទី​១​ឈ្មោះ សាំង ហៀ​ង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជាងភ្លើង ខូចខាត​ផ្ទះ​ទាំងស្រុង ទី​២​ឈ្មោះ កែម គង់ ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ មុខរបរ​លក់​បាយ ខូចខាត​ផ្ទះ​ទាំងស្រុង និង​ទី​៣​ឈ្មោះ ប៉ោ លាង​ហុង ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ ខូចខាត​ផ្ទះ​ទាំងស្រុង។

លោកនាយ​ប៉ុស្តិ៍​ខាងលើ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​កើតឡើង​ដោយសារ​អ្នក​បើកប​រថយន្ត បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន និង​បើកបរ​ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​កើត​ទៅ​លិច ទាំង​ស្ថាន​ភាព​ស្រវឹង ទើប​ជ្រុល​ចង្កូត​បុក​រះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ផ្ទះ រង​ការខូចខាត​ទាំងស្រុង​បែបនេះ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​ភាគី​ខាង​ម្ចាស់ផ្ទះ រងគ្រោះថ្នាក់​នោះ​ទេ។ រថយន្ត​បង្កហេតុ ត្រូវ​បាន​នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ធ្វើការ​វាស់វែង រួច​នាំ​យក​ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ធ្វើការ ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684