ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រឡាយ​មេ​រលាំង​ជ្រៃ​ខាង​ត្បូង ​ត្រូវ​បាន​ស្តារ ​និង​ជួសជុល​ឡើងវិញ

កំពង់ស្ពឺ ​៖​ ប្រព័ន្ធ​ធារាសាស្ត្រ​មួយ​ខ្សែ​ដែល​ជា​សរសៃឈាម​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​ស្រោចស្រព​ដីស្រែ​ចំការ​របស់​ប្រជាពលរដ្ឋ​រាប់ពាន់​ហិកតា​ កំពុង​រង​ភាព​ទ្រុឌទ្រោម និង​ខូចខាត​តាម​កន្លែង​នោះ ត្រូវ​បាន​ក្រុមការងារ​ក្រសួង​ធនធានទឹក និង​ឧតុនិយម រួម​ជា​មួយ​មន្ទីរ​ធនធាន​ទឹក​ខេត្ត​កំពង់ស្ពឺ​ចុះ​ធ្វើការ​ស្តារ​ឡើង​វិញ។

ប្រឡាយ​មេ​ដែល​ត្រូវ​បាន​ស្តារ និង​ជួសជុល​ជួន​ប្រជាពលរដ្ឋ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​បង្ក​បង្កើន​ផល​នោះ គឺ​ប្រឡាយ​មេ​រលាំង​ជ្រៃ​ខាង​ត្បូង ហើយ​ក្នុង​គម្រោង​ត្រូវតែ​ស្តារ​ប្រវែង​១១​គីឡូម៉ែត្រ ចាប់ពី​ចំណុច​អាង​ស្តុ​ប​ទឹក​មួយ ក្នុង​ឃុំ​រលាំងចក ស្រុក​សំរោង​ទង ដល់​ចំណុច​ផ្លូវ​លេខ​៤៤ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។

ប្រភព​ពី​មន្ត្រី​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ថា ការដ្ឋាន​ស្តារ និង​ជួសជុល​ប្រឡាយ​មេ​រលាំង​ជ្រៃ​ខាង​ត្បូង​នេះ​ចាប់ផ្តើម​ដំណើរការ​កាលពី​ដើមខែ​មេសា​កន្លងមក គិត​មកដល់​ត្រឹម​ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៥​នេះ​ជិត​រួចរាល់​ហើយ​។ ប្រភព​បន្ត​ថា គម្រោង​ស្តារ​ប្រឡាយ​ខាងលើ ​គឺ​ខាង​ក្រសួង​ជា​អ្នកគ្រប់គ្រង ខេត្ត​គ្រាន់តែ​ចូលរួម​សហការ​ប៉ុណ្ណោះ។

លោក ​អៀ ពិសិដ្ឋ ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ថា ក្នុង​គម្រោង​របស់​ក្រសួង​ធនធានទឹក​ ប្រឡាយ​មេ​រលាំង​ជ្រៃ​ខាង​ត្បូង​នេះ ត្រូវ​ស្តារ និង​ជួសជុល​ប្រវែង​១១​គីឡូម៉ែត្រ ចាប់​ពី​ឃុំ​រលាំងចក ដល់​ឃុំ​សែន​ដី ស្រុក​សំរោង​ទង។ ជុំវិញ​ការ​ចំណាយ​ថវិកា​អស់​ប៉ុន្មាន​សម្រាប់​ស្តារ​ប្រឡាយ​មេ​ខាង​លើ​នេះ​ជា​ការ​ចំណាយ​របស់​ថ្នាក់​ក្រសួង។ លោក​បន្ត​ថា បើ​តាម​ការ​ប៉ាន់ស្មាន​ការ​ជួសជុល​បាន​​ចំនួន​ជាង​៦០​ភាគរយ សល់​ជាង​៣០​ភាគរយ​មន្ត្រី​ជំនាញ​កំពុងតែ​ធ្វើ​បន្ត ​ហើយនឹង​​រួចរាល់​នា​ពេល​ខាង​មុខ។

ប្រភព​ពី​មន្ត្រី​សាលាខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ថា ក្រៅពី​ការ​ស្តារ​ប្រឡាយ​មេ​រលាំង​ជ្រៃ​នោះ កាល​ពី​ព្រឹក​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៥​ ក៏​មាន​ពិធី​បើក​ការដ្ឋាន​ស្តារ​ប្រព័ន្ធ​ប្រឡាយ​មួយ​ខ្សែ​ទៀត គឺ​ប្រឡាយ​ក្រពើ​ទ្រោម ស្ថិត​ក្នុង​ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដោយមាន​ការចូលរួម​ពី​លោកស្រី សេង វណ្ណ​សាយ រដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក និង​លោក​ អ៊ូ សំ​អួន អភិបាល​ខេត្ត ក្នុង​នោះ​ក៏​មាន​ការចូលរួម​ពី​ប្រតិភូ​ក្រសួង ថ្នាក់ដឹកនាំ មន្ទីរ​ធនធានទឹក ថ្នាក់ដឹកនាំ​ស្រុក ឃុំ ក្រុម​ប្រឹក្សា​ស្រុក ឃុំ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផង​ដែរ។ គម្រោង​ទី​២​នេះ មាន​ស្តារ​ប្រឡាយ​មេ​២​ខ្សែ និង​កសាង​សំណង់​សរុប​១៨​កន្លែង ដែល​អាច​ស្រោចស្រព​ផ្ទៃដី​ស្រូវវស្សា​៥៨០​ហិកតា និង​ស្រូវប្រាំង (​បូក​ដំណាំ​រួមផ្សំ​)​១៥០​ហិកតា លើ​១៣​ភូមិ របស់​ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ។

សូម​បញ្ជាក់​ថា ដោយមាន​ការ​យក​ចិត្ត​ទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ បច្ចុប្បន្ន ខេត្ត​កំពង់ស្ពឺ​មាន​ភាព​រីកចម្រើន​​គ្រប់​វិស័យ ជាពិសេស​ប្រព័ន្ធ​ធារាសាស្ត្រ​ត្រូវ​ស្តារ និង​ជួសជុល​គ្រប់​ទិសទី ដើម្បី​ជា​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​បង្កបង្កើន​ផល​ស្រូវប្រាំង-វស្សា និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ផង​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684