ព័ត៍មានទាន់​ហេតុការណ៏
Search

រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ភ្នំពេញ​អន្តរជាតិ​លើក​ទី​៥ ​មាន​អ្នក​ចុះឈ្មោះ​ជាង​១.២៥០​នាក់​ហើយ

ម៉ារ៉ាតុង​ ៖​​ ព្រឹត្តិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ភ្នំពេញ​អន្តរជាតិ​លើក​ទី​៤ ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​៣១ ​ខែ​ឧសភា ​ខាង​មុខ​នេះ នៅ​មុខ​ព្រះបរមរាជវាំង​នោះ ​មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ប្រកួត​ចំនួន​ជាង ១.២៥០ នាក់​ហើយ។

លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​​ជាតិ​អូឡាំពិក​កម្ពុជា​ មាន​ប្រសាសន៍​ក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃ​ទី​០៦​ ខែ​ឧសភា​នេះ​ថា ចំនួន​នេះ​នឹង​ប្រែប្រួល​ទៀត​ព្រោះ​ការ​ចុះឈ្មោះ​នៅ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ ហើយ​លោក​ក៏បាន​អំពាវនាវ​ដល់​អ្នក​ដែល​មិន​ទាន់​បាន​ចុះឈ្មោះ​រត់​សូម​រួសរាន់ ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​៣០​ ខែឧសភា។ អ្នក​ដែល​ចង់​ចុះឈ្មោះ​ផ្ទាល់​សូម​មក​ចុះឈ្មោះ​នៅមុខ​វាំង​តែម្តង ជាមួយនឹង​ការទទួលបាន​អាវ និង លេខ​សម្គាល់។ ការ​ចុះ​ឈ្មោះ​នេះ នឹង​ធ្វើ​មុន​ពីរ​សប្ដាហ៍ នៃ​ថ្ងៃ​ចាប់ផ្តើម​ប្រកួត។

លោក​អគ្គលេខាធិការ​គណៈកម្មាធិការ​​ជាតិ​អូឡាំពិក​បន្ត​ថា ក្នុង​ចំណោម​អ្នក​ចុះឈ្មោះ​ហើយ​ចំនួន​ជាង​១.២៥០​នាក់​នេះ មាន​ជនបរទេស​ជាង​១៥០​នាក់ មកពី​១៧​ប្រទេស ដែល​នេះ​ជា​ចំនួន​ជនបរទេស​ទាំង​មកពី​ក្រៅ​ប្រទេស ទាំង​កំពុង​បម្រើ​ការងារ​នៅ​កម្ពុជា។ លោក​អះអាង​ទៀតថា ឆ្នាំនេះ​ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង​ទាំងអស់​នៅ​កម្ពុជា ត្រូវ​បាន​ទទួលស្គាល់​ដោយ​សហគមន៍​ម៉ា​រ៉ា​តុង​អន្តរជាតិ។ លោក​បាន​បញ្ជាក់​ថា ឆ្នាំនេះ គណៈកម្មការ​កំណត់​អ្នកចូលរួម​ចំនួន​៥.០០០​នាក់។

ចំពោះ​វិញ្ញាសា​ដែល​ត្រូវ​ដាក់​ឲ្យ​ប្រកួត​មាន​វិញ្ញាសា​រត់​២១​គីឡូម៉ែត្រ​( ពាក់​កល​ម៉ា​រ៉ា​តុង​)​បុរស​-​នារី រត់​ចម្ងាយ​ ១០​គីឡូម៉ែត្រ​បុរស​-​នារី និង​រត់​៣​គីឡូម៉ែត្រ​ជា​លក្ខណៈ​គ្រួសារ។

លោក​ប៉ែន វុទ្ធី អនុ​ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ​ និង​កីឡា​ ដែល​ជា​ប្រធាន​គណៈកម្មការ​ផ្លូវ​រត់​នោះ​ បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ផ្លូវ​រត់​មាន​លក្ខណៈ​ស្រួល​ជាង​ឆ្នាំមុនៗ។ ការចេញដំណើរ​និង​ដល់ទី​ផ្តាច់ព្រ័ត្រ​គឺ​មុខ​ព្រះបរមរាជវាំង ដោយ​ចាប់ផ្តើម​ចេញពី​មុខ​ព្រះបរមរាជវាំង ទៅ​ត្បូង​រួច​បត់​តាម​រោងដំរី​ទៅ​ផ្លូវ​ព្រះមុន្នីវង្ស ឆ្ពោះទៅ​ស្ពាន​មិត្តភាព​កម្ពុជា​ជប៉ុន។ បន្ទាប់ពី​ឆ្លងស្ពាន​មិត្តភាព​ជប៉ុន​នេះ គឺ​ត្រូវ​រត់​តាម​មាត់ទន្លេ​ត្រើយ​ខាងកើត​ទៅ​បត់​នៅ​សណ្ឋាគារ​សុខា ហើយ​រត់មាត់​ទន្លេ​មេគង្គ​ធំ​ វង់​មក​ឡើង​តាម​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន វិញ។ បន្ទាប់​មក ​រត់​តាម​ផ្លូវ​មាត់​ទន្លេ មកដល់​ព្រះ​ដង្កើ ​បត់​ចូល​មក​ដល់​ទី​ផ្តាច់ព្រ័ត្រ​មុខ​ព្រះបរមរាជវាំង។

ការ​រត់​ពាក់កណ្ដាល​ម៉ារ៉ាតុង​ភ្នំពេញ​អន្តរជាតិ​លើក​ទី​៥​នេះ​ គឺ​ដើម្បី​អបអរ​ខួប​ទី​១២១​នៃ​ទិវា​អូឡាំពិក​ ព្រមទាំង​អបអរ​ថ្ងៃ​ចម្រើន​ព្រះជន្ម​សម្ដេចម៉ែ និង​ដើម្បី​ស្វែងរក​ថវិកា​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។

លោក​វ៉ា​ត់ ចំរើន និយាយ​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​រង្វាន់​ឆ្នាំនេះ មិន​ជា​បាន​ច្រើន​ដូចជា​ឆ្នាំមុន​នោះ​ទេ ដោយសារ​គណៈកម្មការ​ចង់​ទុក​ថវិកា​ឲ្យ​បាន​ច្រើន សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។ ទោះជា​យ៉ាងណា សម្រាប់​អ្នក​ជាប់​លេខ​១ រត់​ពាក់​កណ្តាល​ម៉ា​រ៉ា​តុង គឺ​ទទួល​បាន​៣០០ ដុល្លារ លេខ​២ បាន​២០០ ដុល្លារ លេខ​៣ បាន​១០០​ដុល្លារ។ ឯ​រង្វាន់​សម្រាប់​ការ​រត់​១០​គីឡូម៉ែត្រ លេខ​១​បាន​២០០​ដុល្លារ លេខ​២ បាន​១០០ ដុល្លារ លេខ​៣ បាន​៥០​ដុល្លារ ហើយ​ចំពោះ​រង្វាន់​សម្រាប់​ការ​រត់​៣​គីឡូម៉ែត្រ​ជា លក្ខណៈ​សប្បាយ​នោះ​ នឹង​មាន​រង្វាន់​លើកទឹកចិត្ត​ជា​សម្ភារៈ។

ឆ្នាំនេះ ​មាន​ដៃគូ​របស់​អូឡាំពិក​ជាច្រើន បាន​ចូលរួម​ឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍​រត់ ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​ភ្នំពេញ​នេះ ហើយ​ក្នុងនោះ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​និង​សែ​ល​កាត​បានចេញ​មុខធំ​ជាងគេ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684