ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​គយ​ចល័ត ​បញ្ជូន​ខ្លួន​ជនជាតិ​វៀតណាម​៣​នាក់​ទៅ​តុលាការ​ ពាក់ព័ន្ធ​នឹង​ករណី​ជំនួញ​ឈើ​ខុស​ច្បាប់​ចូល​ទៅ​ប្រទេស​វៀតណាម​

ក្រចេះ ៖ ជនជាតិ​វៀតណាម​ចំនួន​៣​នាក់​ ត្រូវ​បាន​មន្ត្រី​គយ​ចល័ត ​និង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្តក្រចេះ ​កាលពី​ព្រឹក​ថ្ងៃ​០៥ ​ខែឧសភា ពាក់ព័ន្ធ​នឹង​ករណី​ជំនួញ​ឈើ​ខុសច្បាប់​ដឹក​ចេញពី​ស្រុក​ស្នួល​ចូល​ទៅ​ប្រទេស​វៀតណាម​កាល​ពី​ពេល​កន្លង​ទៅ។

បុរស​ជា​ជនជាតិ​វៀតណាម​ចំនួន​៣​នាក់​នេះ ​មាន​ព្រូ​ និង​អ្នក​បើក​រថយន្ត​កូរ៉េ គឺ​ត្រូវ​ក្រុម​គយ​ចល័ត​ធ្វើការ​ចាប់​បង្ក្រាប​បាន​កាល​ពី​យប់​ថ្ងៃទី​២ ខែ​ឧសភា នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១២៩ ក្នុង​ភូមិសាស្ត្រ ​ឃុំ​កា​បី ស្រុក​ស្នួល ពាក់ព័ន្ធ​ជំនួញ​​នាំ​ឈើ​ខុសច្បាប់​ដឹក​ចេញពី​តំបន់​ព្រៃ​ដែន​ជម្រក​សត្វ​ស្នួល​ ក្នុង​គោលដៅ​នាំ​ឆ្ពោះទៅ​ប្រទេស​វៀតណាម តាម​ច្រក​របៀង​(​ងាំ​០៦)។ ជា​មួយ​នឹង​ការ​ចាប់​បង្ក្រាប​របស់​ក្រុម​មន្ត្រី​គយ​ចល័ត សហការ​ដោយ​កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស​លើ​ការ​បើក​យុទ្ធនាការ​បង្ក្រាប​ទៅលើ​រថយន្ត​ដឹកឈើ​ជាច្រើន​គ្រឿង​របស់​លោក ហួត ប៊ុន​គីម និង​លោក ណាក់ មន្ត្រី​យោធា​ដែល​ឈរជើង​នៅ​តំបន់​ខាងលើ គឺ​ស្ទើរ​តែ​មាន​ការ​ផ្ទុះ​អាវុធ​ដាក់គ្នា​ទៅ​ហើយ​នោះ។

ក្រោយ​មក​កម្លាំង​របស់​លោក​ក៏​ចាប់​ឃាត់​បាន​រថយន្ត​ដឹកឈើ​មួយ​គ្រឿង ​រួម​នឹង​បុរស​ជនជាតិ​វៀតណាម​បី​នាក់​នៅក្នុង​ចំណោម​រថយន្ត​ធំៗ ជាង​១០​គ្រឿង​ផ្សេងទៀត​ ដែល​បើក​ចូល​ទឹកដី​ប្រទេស​វៀតណាម​រួចមក។

សមត្ថកិច្ច​អះអាង​ថា ជនជាតិ​វៀតណាម​ទាំង​បី​នាក់​ពាក់ព័ន្ធ​នឹង​ជំនួញ​ឈើ​ខុស​ច្បាប់ ​គឺ​ត្រូវ​មន្ត្រី​ជំនាញ​ខាង​គយ​ចល័ត​​កសាង​សំណុំរឿង​ចាត់​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់​វិធានការ​បន្ត​តាមផ្លូវ​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684