ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-6-A-46-Full

បន្ទាប់ពី​ហក់​ចូល​សាន់​ដេ​ប្រជាប្រិយភាព​របស់​ឆាយ វីរៈ​យុទ្ធ​ម្តង​លិច​ម្តង​អណ្តែត​

ភ្នំពេញ ៖ បន្ទាប់ពី​ចូល​ជ្រក​នៅ​ក្រោម​ដំបូល​ផលិតកម្ម​សាន់​ដេ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក ​គេ​សង្កេតឃើញ​ប្រជាប្រិយភាព​របស់​តារា​ចំរៀង​លោក​ឆាយ វីរៈ​យុទ្ធ​ម្តង​លិច​ម្តង​អណ្តែត បើទោះ​បីជា​ផលិតកម្ម​ដ៏​ស្តុកស្តម្ភ​មួយ​នេះ ​ខំ​ជួយ​ចូកជួយ​ចែវ​យ៉ាងណាក៏ដោយ​។ កន្លងមក​តារាចំរៀង​ដែល​ចាប់​ផ្តើម​ល្បីឈ្មោះ​បោះ​សំឡេង​ដោយសារតែ​បទ​​«កិច្ចសន្យា​ស្នេហ៍​»​កាលពី​អំឡុង​ឆ្នាំ​២០០៧ របស់​ផលិតកម្ម​ម្លូ​ដាយ​ម៉ែន ​លោក​ឆាយ វីរៈ​យុទ្ធ​បន្ទាប់ពី​ខំប្រឹង​បណ្តែត​ខ្លួន​ពី​ផលិតកម្ម​មួយ​ទៅ​ផលិតកម្ម​មួយ​ ដើម្បី​ស្វែងរក​ការ​គាំទ្រ​ និង​រហូត​ចុង​ក្រោយនេះ​មក​ទើរ​នៅ​លើ​ទ្រនុំ​ផលិតកម្ម​សាន់​ដេ ​ដែល​ជា​ផលិតកម្ម​មួយ​ល្បីឈ្មោះ​គួរសម​ដែរ​នោះ​ គឺ​ប្រជាប្រិយភាព​ហាក់បីដូចជា​មិន​ស្ថិតស្ថេរ​សោះ ពោល​ម្តង​លិច​ម្តង​អណ្តែត​។

ក្នុងពេលដែល​កំពុងតែ​រស់នៅ​ក្រោម​ទ្រនំ ​ដ៏​សុខសាន្ត​ផលិតកម្ម​សាន់​ដេ​នេះដែរ​តារាចំរៀង​លោក​ឆាយ វីរៈ​យុទ្ធ​បាន​និយាយថា «​រយៈពេល​ចុងក្រោយ​នេះ​ដូចជា​មិនសូវមាន​សន្ទុះ​ខ្លាំង​សោះ ហើយ​ទាក់ទង​នឹង​គោលជំហរ​ទៅ​ថ្ងៃ​អនាគត ​ថានឹង​បន្ត​នៅ​ច្រៀង​ឬ​ដើរ​ចេញពី​សាន់​ដេ​នោះ​លោកឆាយ វីរៈ​យុទ្ធ​មិនបាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​នោះទេ​»​

កន្លងមក​គេ​សង្កេតឃើញថា បន្ទាប់ពី​ហក់​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​ដែល​សំបូរ​ធនធាន​ និង​មាន​តារាចំរៀង​ល្បីៗ​នេះ​មក​អ្វីដែល​អាច​កត់សំគាល់​នោះ​ឃើញថា តារាចំរៀង​ចាប់​ចូលប្រឡូក​សិល្បៈ​តាំងពី​ឆ្នាំ​២០០៥​ លោក​ឆាយ វីរៈ​យុទ្ធ​ កំពុងតែ​ស្តារ​បាន​នូវ​​ប្រជាប្រិយភាព​ប្រដំ​ប្រសង​នឹង​តារា​ចំរៀង​ល្បីឈ្មោះ​រួម​ផលិតកម្ម​ជាមួយគ្នា​ និង​តារា​ចំរៀង​ល្បីៗ​មួយចំនួនទៀត ដោយ​ក្នុងនោះ​រាល់​បទ​ចំរៀង​ដែល​ចេញ​លក់​លើ​ទីផ្សារ ​គឺ​ទទួលបាន​ការគាំទ្រ​ពី​ស្រទាប់​យុវវ័យ​។

បើទោះបី​បច្ចុប្បន្ន​នៅ​សាន់​ដេ លោក​​ឆាយ វីរៈ​យុទ្ធ​មិនទាន់​អាច​ដណ្តើមបាន​លំដាប់​លេខ​រៀង​លើ​គេ​ក្នុង​បញ្ជី​របស់​ផលិតកម្ម​ ឬក៏​អាច​វាយ​ផ្តួល​តារាចំរៀង​ខេមរៈ​សិរីមន្ត​ ដែលជា​តារាចំរៀង​ដុះ​ស្លែ​នៅ​សាន់​ដេ​ក៏ពិតមែន ក៏ប៉ុន្តែ​បើ​តាម​ការ​ស្ទាបស្ទង់​ពី​មហាជន​ឃើញថា ក្នុងពេលដែល​តារា​ចំរៀង​រូបនេះ​មក​ផ្ញើ​វាសនា​នៅ​សាន់​ដេ​ភ្លាម​ គឺ​សន្ទុះ​នៃ​ការ​​អោបក្រសោប​យក​ភាព​ល្បី​របស់គេ​ កំពុងតែ​លេច​ពន្លឺ​ចែង​ចាំង​ដែល​អាច​ឈាន​ឆ្ពោះ​នឹង​ក្លាយទៅជា​​តារាចំរៀង​លំដាប់​កំពូល​របស់​ផលិតកម្ម​សាន់​ដេ​ទៀត​ផង តែ​ភាព​ល្បីល្បាញ​នៅ​សាន់​ដេ​មិនបាន​មួយ​ដង្ហើមចង្រិត​ផង រហូត​មកដល់​ពេលនេះ​ត្រូវ​បាន​គេ​មើល​ឃើញថា «​ប្រជាប្រិយ​ភាព​របស់​ឆាយ វីរៈ​យុទ្ធ​ឈរ​នៅ​សាន់​ដេ​ម្តង​លិច​ម្តង​អណ្តែត»

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684