ព័ត៍មានទាន់​ហេតុការណ៏
Search
M06-05-15-h

គណបក្ស​ប្រជាជន​កម្ពុជា​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ​បក្ស​នៅ​តាម​រាជធានី​ខេត្ត​កត់ត្រា​សកម្មភាព ដែល​ផ្ទុយ​ពី​វប្បធម៌​សន្ទនា

ភ្នំពេញ ​៖​ គណបក្ស​ប្រជាជន​កម្ពុជា​​​(CPP) បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា តាម​រាជធានី​ ខេត្ត​ ចាត់តាំង​មន្ត្រី​របស់​ខ្លួន ដើម្បី​តាមដាន​ស្តាប់​ និង​កត់ត្រា​នូវ​សកម្មភាព ឬ​សេចក្តីថ្លែងការណ៍​ណាមួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ និង​រំលោភ​ទៅលើ​វប្បធម៌​សន្ទនា ដែល​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ​កំពុង​កសាង​រួមគ្នា។

សេចក្ដី​ណែនាំ​នេះ​ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​មូលដ្ឋាន ជា​ពិសេស​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​បន្ត​វាយប្រហារ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ម្តង​ហើយ​ម្តង​ទៀត មិន​ព្រម​គោរព​នូវ​អ្វី​ដែល​ហៅថា វប្បធម៌​សន្ទនា ដែល​បាន​ព្រមព្រៀងគ្នា​កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤។

សេចក្ដី​ណែនាំ ដែល​ផ្ញើ​ជូន​ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ ខេត្ត ​ចុះហត្ថលេខា​ដោយ​លោក សាយ ឈុំ កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៥ ហើយ​ដែល​បាន​ផ្សព្វផ្សាយ​ដល់​អ្នកសារព័ត៌មាន នា​ថ្ងៃ​ទី​៦ ខែ​ឧសភា បាន​លើក​ឡើង​ថា យោង​តាម​សភាពការណ៍​បច្ចុប្បន្ន ដែល​គណបក្ស​ទាំងពីរ ( CPP និង CNRP ) បាន​និង​កំពុង​ជំរុញ​អនុវត្ត​វប្បធម៌​សន្ទនា​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ប្រយោជន៍​រួម​របស់​ជាតិ និង​ប្រជាជន​យើង​នោះ ក៏​នៅ​មាន​ថ្នាក់ដឹកនាំ CNRP ខ្លះ​ ពិសេស​ឯកឧត្តម​ កឹម ​សុខា នៅ​បន្ត​វាយ​ប្រហារ​ជេរប្រមាថ​គណបក្ស និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា នៅតាម​វេទិកា​នានា យ៉ាង​អសុរស​​បំផុត ផ្ទុយ​ពី​វប្បធម៌​សន្ទនា ដែល​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​អាច​ទទួលយក​បានឡើយ។

សេចក្តីណែនាំ​ឲ្យ​ដឹង​ទៀតថា យោង​តាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៥ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​បន្ថែម​នៅ​ខេត្តពោធិ៍សាត់ នា​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥ ថា វប្បធម៌​សន្ទនា គឺ​ត្រូវ​ចេះ​គោរព​គ្នា ចេះ​ស្មោះត្រង់​នឹង​គ្នា មិន​ជេរប្រមាថ​គ្នា មិន​គំរាមកំហែង​គ្នា ហើយក៏​ចេះ​ឲ្យ​តម្លៃ​គ្នា​ផង​ដែរ​។ ផ្អែកលើ​វប្បធម៌​សន្ទនា​នេះ គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​ សូម​​​ប្រធាន​គណៈកម្មាធិការ​គណបក្ស​គ្រប់​ខេត្ត-​រាជធានី ចាត់ចែង​ឲ្យ​មន្ត្រី​យើង​តាមដាន​ស្តាប់ និង​កត់ត្រា​ឲ្យ​បានច្បាស់លាស់​នូវ​ការបំពាន​ដោយ​បន្ត​ជេរប្រមាថ វាយប្រហារ មក​លើ​គណបក្ស និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដូចជា​ការ​ប្រើ​ពាក្យ “​អា​ក្បាល​យួន ខ្លួន​ខ្មែរ​” “​ពួក​កុម្មុយនិស្ត​ផ្តាច់ការ​” “​អាយ៉ងយួន​” “​ពួក​អា​ក្បត់ជាតិ​” “​ពួក​អាលក់​ជាតិ​” “​អា​មេចោរ​និង​ពាក្យ​ជេរប្រមាថ​ផ្សេងទៀត ហើយត្រូវ​ធ្វើ​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ ផ្ញើ​មក​កាន់​គណៈ​ប្រចាំការ​ នៃ​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​ឲ្យ​បាន​ឆាប់​បំផុត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684