ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2015-05-06-full-N

សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​រិះគន់​ទៅលើ​គ្រូពេទ្យ​ជំនាញ​ធ្វើ​កោសល្យវិច័យ

​បាត់ដំបង ៖ ក្រុម​គ្រូពេទ្យ​ជំនាញ​ខាង​ធ្វើ​កោសល្យវិច័យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ជួរ​សមត្ថកិច្ច​ជំនាញ​គ្រប់​អង្គភាព ដោយសារ​តែ​មាន​បញ្ហា​ខ្លះ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការ​ស៊ើបអង្កេត ​ក្នុង​ការ​បញ្ជូន​សំណុំរឿង​បទល្មើស​ឧក្រិដ្ឋ​ទៅកាន់​តុលាការ ដោយសារតែ​ការ​ទទួល​ធ្វើ​កោសល្យវិច័យ​បែប​អូស​បន្លាយ​ពេល និង​ហាក់​ដូច​ជា​មិនសូវ​យកចិត្តទុកដាក់ ថែមទាំង​ប្រើ​ពាក្យ​សំដី​ដ៏​អសុរសផង​ដែរ។ ចុះបើ​រឿង​បទល្មើស​ឧក្រិដ្ឋ​នេះ​វា​បាន​ប៉ះពាល់​ទៅដល់​សាច់ញាតិ​របស់​ក្រុម​គ្រូពេទ្យ​ទាំងនោះ​វិញ​ តើ​គេ​មាន​វិប្បដិសារី​យ៉ាង​ណា​ដែរ?

ជាក់ស្តែង​កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥ វេលា​ម៉ោង​៩និង​៤៥នាទី​ព្រឹក កម្លាំង​បញ្ជាកា​រដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​បាន​ទទួល​ពាក្យបណ្ដឹង​មួយ​ពី​ម្តាយ​នារី​រងគ្រោះ​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សេពសន្ថវៈ​ទៅលើ​នារី​រងគ្រោះ​ម្នាក់​ឈ្មោះ ​ឌ ភ រ អាយុ​១៦​ឆ្នាំ​ ជា​បុគ្គលិក​ខារ៉ាអូខេ​មួយ​កន្លែង​ក្នុង​ក្រុង​បាត់ដំបង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ទៀបភ្លឺ នា​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥ នៅ​ចំណុច​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​យុវជន​ចំនួន​២​នាក់ ​គឺ​ឈ្មោះ ​សុង ចាន់​ធា អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ និង​ឈ្មោះ​ សូត្រ សំបូរ អាយុ​១៩​ឆ្នាំ មុខរបរ​ជា​សិស្ស រស់នៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ។ នៅ​ទីបំផុត​ជន​ទាំងពីរ​នាក់​នេះ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​នាំ​យក​មក​ទីបញ្ជាការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ។

ដោយឡែក ចំពោះ​ហេតុការណ៍​នេះ ​នារី​រងគ្រោះ​បាន​រៀបរាប់​ថា នៅ​មុន​ពេល​កើតហេតុ​ខាង​លើ​ ក្រោយ​ពេល​ដែល​នាង​ចប់​ម៉ោង​សម្រាក​ពី​ការងារ​ត្រូវ​បាន​ក្រុម​យុវជន​នេះ​លួងលោម​នាង ដោយ​បបួល​នាង​ថា​ទៅ​ញាំ​អី​នៅ​អាហារដ្ឋាន​រតនៈ​មណ្ឌល គឺ​នៅ​ទីនោះ​ហើយ​ដែល​រូបនាង​ត្រូវ​បាន​គេ​បង្ខំ​នាង​ឲ្យ​ផឹក​ស្រាបៀរ​ទាល់តែ​ស្រវឹង​ជោកជាំ​រហូតដល់​លែង​ដឹងខ្លួន។

នារី​រងគ្រោះ​បាន​សង្កត់​ធ្ងន់​ថា លុះ​នៅ​ពេល​ដែល​នាង​បាន​ដឹង​ខ្លួន​ឡើង ​គឺ​រូប​នាង​កំពុង​ស្ថិត​ក្នុង​សភាព​អាក្រាត​កាយ​នៅក្នុង​កូន​ផ្ទះ​មួយ​ដែល​បិទបាំង​ដោយ​វាំងនន​នៅក្នុង​ភូមិ​អន្លង់​វិល ហើយ​ពួកគេ​ទាំងពីរ​នាក់​ក៏​នៅ​ទី​នោះ​ដែរ ដោយសារតែ​នាង​មិនដែល​ឆ្លងកាត់​ផង និង​ដោយសារតែ​នាង​មានការ​ភិតភ័យ​ផង​នោះ ​ទើប​នាង​បាន​ទាញ​យក​សម្លៀកបំពាក់​ដែល​ពួកគេ​ទម្លាក់​ទៅ​ក្រោម​គ្រែ​មក​ស្លៀកពាក់​ ហើយ​ក៏បាន​រត់ចេញ​សំដៅ​ទៅ​លើ​ផ្លូវ​ជាតិ​ដើម្បី​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​ពី​សមត្ថកិច្ច។​

រីឯ​ម្តាយ​របស់​នារី​រងគ្រោះ​បាន​លើក​ឡើង​ថា ពេល​ដែល​អ្នកស្រី​បាន​នាំ​កូន​ទៅកាន់​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​ តាម​ការណែនាំ​របស់​កង​រាជ​អាវុធហត្ថ ក្នុង​គោលបំណង​យក​កូនស្រី​ទៅ​ធ្វើ​កោសល្យវិ​ច័យ​ ត្រូវ​បាន​ក្រុម​អ្នកគ្រូ​ពេទ្យ​ ដែល​នៅ​អគារ​សម្ភព​​ស្ដី​ឲ្យ​​យ៉ាង​ចាស់ដៃ ពោរពេញ​ដោយ​សម្ដី​អសុ​រស​​ ថែមទាំង​ត្មះតិះដៀល​ដល់​កូនស្រី​របស់​អ្នកស្រី​ សុទ្ធតែ​ថា​នាង​ប្រហែលជា​អាស​ខ្លាំង​ហើយ​បានជា​ជួបនឹង​បញ្ហា​បែបនេះ។ ការ​ប្រើ​ភាសា​របៀប​នេះ​ទៅលើ​ស្ត្រី​ជា​ម្តាយ​បាន​ធ្វើ​ឲ្យ​អ្នកស្រី​មានការ​អាម៉ាស់​យ៉ាង​ខ្លាំង​ ដែល​ស្ទើរ​តែ​ទប់ទឹក​ភ្នែក​មិនបាន ​បើ​ទោះ​បី​ជា​គាត់​សាកសួរ​អំពី​បញ្ហា​ខ្លះៗ​ដែល​គាត់​ជា​ម្តាយ​តែងតែមាន​ការ​ងឿងឆ្ងល់ ក៏​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ទាំងនេះ​ស្រែក​សម្លុត​ដោយ​មិន​អនុញ្ញាត​ឲ្យ​សួរនាំ​ ឬ​និយាយ​អ្វី​ទាំងអស់។

ម្យ៉ាង​វិញ​ទៀត​ អ្នកស្រី​ក៏​មាន​ការ​ព្រួយបារម្ភ​ដែរ​អំពី​ការ​ធ្វើ​កោសល្យវិច័យ​នេះ ព្រោះ​អ្នកស្រី​​បាន​ទទួល​ព័ត៌មាន​ថា ​ឪពុកម្ដាយ​របស់​ជនសង្ស័យ​រូប​នោះ​គឺជា​គ្រូពេទ្យ​នៅក្នុង​មន្ទីរពេទ្យ​នេះ​ដែរ​ ដូច្នេះ​តើ​អាច​មាន​ភាព​យុត្តិធម៌​ដែរ​ឬ​ទេ? ព្រោះ​លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យវិច័យ​ត្រូវ​បាន​គេ​ពន្យារ​ពេល​ដល់​ថ្ងៃទី៧ ​ខែ​ឧសភា​ទើប​បញ្ជាក់​បាន។

ចំណែក​ខាង​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ធ្វើការ​ក្នុង​រឿង​នេះ​បាន​រិះគន់​ផង​ដែរ​ថា លោក​មាន​ការ​លំបាក​ក្នុង​ការ​ស្រាវជ្រាវ​ និង​បញ្ជូន​សំណុំរឿង​ទៅកាន់​សាលាដំបូង​ដោយ​សារតែ​ការ​យឺតយ៉ាវ​របស់​ក្រុម​គ្រូពេទ្យ​ក្នុង​ការ​ចេញ​លិខិត​បញ្ជាក់​លើ​ការ​ធ្វើ​កោសល្យវិច័យ​ដើម្បី​ភ្ជាប់​ទៅជា​មួយ​សំណុំ​រឿង។

លោក​បាន​បន្ថែម​ថា​ បើ​សិន​ជា​ករណី​នេះ​ដូចជា​ព្រហ្មទណ្ឌ ​វា​អាច​មើលឃើញ​នូវ​វត្ថុតាង​ដូចជា​កាំបិត ពូថៅ​ជាដើម។ល។ ​ប៉ុន្តែ​រឿង​ករណី​រំលោភ​នេះ​វា​មានការ​ពិបាក​ទៅលើ​ការ​ធ្វើ​កោសល្យ​វិច័យ ដែល​តម្រូវ​ឲ្យ​ក្រុម​គ្រូពេទ្យ​ជំនាញ​ជា​អ្នកពិនិត្យ តែបើ​ខាង​ជំនាញ​មានការ​យឺតយ៉ាវ​ថែមទៀត​នោះ អ្វីៗ​ក៏​ត្រូវ​ស្ទះ​ដែរ ដូច្នេះ​លោក​ក៏​សុំ​សំណូមពរ​ដល់​ស្ថាប័ន​ជំនាញ​មេត្តា​ធ្វើ​យ៉ាង​ណា​ជួយ​សហការ​ឲ្យ​បាន​រួសរាន់​ ដើម្បី​ការងារ​ស៊ើប​អង្កេត​មាន​សន្ទុះ​ទាន់​សភាពការណ៍​ផង​ដែរ។​

លោក ​កាក់ សិលា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ក៏បាន​ទទួលស្គាល់​ដែរ​នូវ​សម្ដី​ដ៏​អសុរស ​របស់​គ្រូពេទ្យ​មួយចំនួន​ គឺ​អាច​មាន​មែន​យ៉ាង​ពិត​ប្រាកដ ប៉ុន្តែ​ចំពោះ​ការ​ព្រួយបារម្ភ​ទៅលើ​ការ​ធ្វើ​​​កោសល្យវិច័យ​របស់​ក្រុម​គ្រូពេទ្យ គឺ​នៅ​ពេល​ដែល​ចេញ​លទ្ធផល​ បើ​យើង​គិតថា​វា​ហាក់ដូចជា​ មិន​មាន​ភាព​ប្រក្រតី​ទេ​នោះ​ យើង​អាច​ប្ដឹង​សុំ​ឲ្យ​ដូរ​គ្រូពេទ្យ​ដើម្បី​​ធ្វើតេស្ត​ម្តង​ទៀត​ក៏បាន​ គឺ​យើង​មាន​សិទ្ធិ។

កម្ពុ​ជាថ្មី​យើង​បាន​ទទួល​ដំណឹង​ថា ​ជនសង្ស័យ​ទាំងពីរ ពិសេស​គឺ​មុខសញ្ញា​ម្នាក់​​ដែល​ជា​អ្នក​ប្រព្រឹត្ត​ផ្ទាល់​កំពុង​ត្រូវ​បាន​គេ​រត់ការ​ក្នុង​គោលបំណង​ដោះ​លែង​ឲ្យ​រួច​ពី​សំណាញ់​ច្បាប់​ ​ប៉ុន្តែ​មិនទាន់​ឃើញ​លទ្ធផល​នៅឡើយ​ទេ​ សំខាន់​គឺ​នៅ​លើ​លោក​ព្រះរាជអាជ្ញា​ដែល​ជា​អ្នកចោទ​ប្រកាន់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684