ព័ត៍មានទាន់​ហេតុការណ៏
Search

សាច់​ក្របី​ងៀត​ជា​ម្ហូប​ពិសេស និង​លក់ដាច់​ជាងគេ​ប្រចាំ​ភោ​ជនី​ដ្ឋា​ន​«​សែ​សិន​»

​ ​បន្ទាយមានជ័យ ៖ ​មុខម្ហូប​ធ្វើ​ពី​សាច់​ក្របី​ដើមឡើយ​មិនមែនជា​ម្ហូប​ដែល​ពលរដ្ឋ​ខ្មែរ​និយម​ចូលចិត្ត​ទេ ប៉ុន្តែ​ឥឡូវ​វា​ក្លាយជា​ម្ហូប​ពិសេស​ដែល​លក់ដាច់​ជាងគេ​ប្រចាំ​មជ្ឈមណ្ឌល​ក្លឹប​កំសាន្ត​«​សែ​សិន​» អស់​រយៈពេល​១០​ឆ្នាំ​មកហើយ ។​ 

​ ​មេ​ជា​ចុងភៅ​ដ៏​មាន​ថ្វីដៃ​ក្នុង​ការធ្វើ​មុខម្ហូប​ក្របី​ងៀត និង​ជា​ម្ចាស់​មជ្ឈមណ្ឌល​ក្លឹប​កំសាន្ត​សែ​សិន​ ​ដែលមាន​ទីតាំង​ស្ថិតនៅ​ជាប់​និង​ផ្លូវជាតិ​លេខ​៥ ត្រង់​ក្បាលស្ពាន​សែ​សិន ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា សម្រាប់​មុខម្ហូប​ក្របី​ងៀត គឺជា​ម្ហូប​មួយ​ដ៏​ពេញនិយម​ប្រចាំ​កន្លែង​របស់គាត់​។ មេ​ចុងភៅ​បាន​បញ្ជាក់ថា មាន​ភ្ញៀវ​ក្នុង​ខេត្ត ឬ​ក្រៅ​ខេត្ត និង​ភ្ញៀវ​បរទេស​មក​កំសាន្ត​នៅ​ខារ៉ាអូខេ និង​ក្នុង​ភោ​ជនី​ដ្ឋា​ន​របស់​អ្នកស្រី សុទ្ធតែ​កា​ម៉ុង​មុខម្ហូប​ក្របី​ងៀត​នេះ ដោយ​ខ្លះ​មិន​ត្រឹមតែ​ហូប​នៅនឹងកន្លែង​ប៉ុណ្ណោះ​ទេ​ ​គឺ​ថែមទាំង​កុម្ម៉ង់​ផ្ញើរ​ទៅ​បងប្អូន មិត្តភក្តិ​នៅតាម​បណ្តា​ខេត្ត និង​រាជធានី រហូត​ទៅដល់​ក្រៅប្រទេស​ថែម​ទៀតផង​។​ 

​ ​លោកស្រី​បាន​អោយដឹងទៀតថា មុខម្ហូប​សាច់​ក្របី​ងៀត​មិន​ពិបាក​ក្នុង​ការធ្វើ​នោះទេ ដោយ​គ្រាន់តែ​កុម្ម៉ង់​ទិញ​សាច់​ក្របី​ស្រស់ៗ មិនមាន​សរសៃ ដែល​មិនមែនជា​ក្របី​ងាប់ ឬ​ក្របី​ឈឺ​យកមក​ហាន់​ជា​បន្ទះៗ រាង​ច្រ​វ៉ា​មូល ហើយ​ប្រឡាក់​លាយ​ជាមួយ​គ្រឿងទេស ដែល​រួមមាន អំបិល ប៊ីចេង ស្ករត្នោត …​។​ល​។ ក្រោយពី​ប្រឡាក់​ទុក​បាន​រយៈពេល​២០​នាទី ទើប​យកទៅ​ហាល​អោយបាន​រយៈពេល​ពី​២​ទៅ​៣​ម៉ោង ធ្វើយ៉ាងណា​មិនអោយ​ស្ងួត​ពេក ឬ​សើម​ពេក​ ​។ ម្ហូប​ក្របី​ងៀត​នេះ ក្នុង​មួយថ្ងៃ​លក់​អស់ពី​២០​ទៅ​៣០​គីឡូក្រាម ដោយ​ក្នុង​មួយ​គីឡូក្រាម​តំលៃ​១០​ម៉ឺន​រៀល​។​ 

​ ​ដើមឡើយ​សាច់​ក្របី​នៅ​ខេត្តបន្ទាយមានជ័យ ពុំដែល​មាន​ហាង​ណា​យកមក​ធ្វើ​ម្ហូប ឬ​ភ្ញៀវ​កុម្ម៉ង់​ទិញ​ឡើយ តែ​ចាប់តាំងពី​ឆ្នាំ​២០០៨ លោកស្រី​បាន​យក​សាច់​ក្របី​មក​ធ្វើជា​ក្របី​ងៀត ឃើញថា​សាច់​ក្របី​ត្រូវបាន​ពេញនិយម​ ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ ​ទូទាំង​ខេត្ត និង​ពលរដ្ឋ​នៅក្រៅ​ប្រទេស​។ ក្រៅពី​សាច់​ក្របី​ងៀត​មជ្ឈមណ្ឌល​កំសាន្ត​សែ​សិន នៅមាន​ម្ហូប​ជាច្រើន​មុខ​ទៀត ដែលមាន​រស់ជាតិ​ឈ្ងុយឆ្ងាញ់ មានដូចជា មុខម្ហូប​កន្ទុយ​ហេះ ស៊ុប​ត្រី​ម្រះ ពោត​លីង​ជាដើម ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684