ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2015-05-06-full-W

សង្ស័យ​ផឹកស្រា​ស្រវឹង ​បើក​ម៉ូតូ​ទៅ​បុក​រថយន្ត​ពីក្រោយ ​របួសធ្ងន់​សន្លប់​ម្នាក់​ឯង​​

ពោធិ៍សាត់ ៖ បុរស​ម្នាក់​ដែល​ស្រវឹងស្រា​ជោកជាំ​​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ទាំង​ពេល​កណ្ដាល​​រាត្រី ដោយ​ប្រើប្រាស់​ល្បឿន​លឿន មិន​មាន​ពាក់មួក​សុវត្ថិភាព​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥​ ក៏បាន​ទៅ​បុក​នឹង​រថយន្ត​ស្រប​ទិស​ពីក្រោយ​ដែល​កំពុង​ធ្វើ​ចរាចរណ៍ ​បណ្ដាល​ឲ្យ​រួញ​ម៉ូតូ​មួយ​កំណាត់​មុខ ឯ​បុរស​នេះ​របួស​ធ្ងន់ធ្ងរ​សន្លប់​ស្ដូក​ស្ដឹង​នៅ​លើ​ផ្លូវ​ម្នាក់ឯង ដោយ​រថយន្ត​ទៅ​បាត់ រហូត​រយៈពេល​ប្រហែល​២០​នាទី​ទើប​ឃើញ​មាន​អ្នក​ភូមិ​ជួយសង្គ្រោះ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​៥៥​នាទី​យប់ ​ឈាន​​ចូល​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០១៥ ស្ថិតនៅ​ចន្លោះ​គីឡូម៉ែត្រ​១៦៣-១៦៤​ ក្នុង​ភូមិ​ក្រាំង​ធំ ឃុំ​អូស​ណ្ដា​ន់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

លោក ម៉ោល សាវ៉ាន នគរបាល​ចរាចរណ៍​ស្រុក​ក្រគរ​ឲ្យ​ដឹង​ថា ជនរងគ្រោះ​​ឈ្មោះ ផន សុខា អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ផ្គោ​ល​ធំ ឃុំ​អ​ន្សារ​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។ លោក​បន្ត​ថា ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​នេះ​បាន​ជិះ​ម៉ូតូ​ប្រភេទ​​សង​ទ្រី​ម​ គ្មាន​ស្លាក​លេខ​ ហើយ​គ្មាន​ពាក់មួក​សុវត្ថិភាព មកពី​ទិស​ខាងលិច​ឆ្ពោះទៅ​កើត​លើ​ផ្លូវ​ជាតិ​លេខ​៥​ ដោយ​ប្រើ​ល្បឿន​លឿន​កាត់​ស្បៃ​រាត្រី​ដ៏​សែន​ស្ងាត់ មានតែ​សន្ធឹក​សម្លេង​រថយន្ត​មួយៗ​ឆ្លងកាត់។

ស្រប​ពេល​ដែល​មកដល់​ចំណុច​កើតហេតុ​ខាងលើ​​អ្នក​ភូមិនៅ​ទីនោះ ដែល​គាត់​ចុះ​មក​បត់ជើង​ផ្ទះ​ក្បែរ​នោះ​ដែរ​ ក៏​ឃើញ​បុរស​រង​គ្រោះ​ខាងលើ​នោះបើក​ម៉ូតូ​​បោះពួយ​ទៅ​បុក​រថយន្ត​ធំ​មួយ​គ្រឿង​ពីក្រោយ​ ដែល​កំពុង​ចរាចរណ៍​នៅ​ខាង​មុខ ស្រប​ទិស​គ្នា​នោះ​មួយ​ទំហឹង​ឡើង​រួញ​ម៉ូតូ​មួយ​កំណាត់ ​ឯ​បុរស​នោះ​របួស​ធ្ងន់ធ្ងរ​សន្លប់​ឈឹង​នៅ​លើ​ទ្រូងផ្លូវ​ម្នាក់​ឯង​ ប្រមាណ​ជា​២០​នាទី​ទើប​អ្នក​ភូមិ​នាំគ្នា​ក្រោកពីដំណេក​ប្រាប់​សមត្ថកិច្ច​ដើម្បី​យក​ទៅ​សង្គ្រោះ។

លោក​ក៏បាន​បន្ត​ថា បើ​តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​នោះ​បាន​បង្កើន​ល្បឿន​លឿន​បោះ​ពួយ​ទៅ​ទិសខាងកើត​បាត់​ស្រមោល​តែម្តង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684