ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ម្ចាស់ផ្ទះ Juventus​លុត​ក្រុម Real Madrid២-១ នៅ​ការប្រកួត​ជើង​ទី​១​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League

កាលពី​យប់មិញ​ថ្ងៃ​អង្គារ​មុន​នេះ ក្រុម​ម្ចាស់ផ្ទះ Juventus បាន​បំបាក់​ក្រុម​ភ្ញៀវ Real Madrid ដោយ​លទ្ធផល ២១ ការប្រកួត​ក្របខ័ណ្ឌ UEFA Champions League ជើង​ទី​១​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់​ពួកគេ ខណៈដែល​អ្នកចាត់ការ​ក្រុម Real លោក Carlo Ancelotti បាន​និយាយ​ក្រោយ​ចប់​ការប្រកួត​ថា ត្បិតតែ​ចាញ់​ក៏ពិតមែន ប៉ុន្តែ​ក្រុម​លោក​នៅតែ​មានឱកាស​ឡើងទៅ​វគ្គ​បន្តបាន​។​

សម្រាប់​ការប្រកួត​នេះ ក្រុម​ម្ចាស់ផ្ទះ Juventus ហាក់​មានប្រៀប​ជាង​បន្តិច​ដោយ​បើក​ការ​វាយ​សម្រុក​ដូច​ទឹកបាក់​ទំនប់​តាំងពី​ដើមតង់​ទីមួយ រហូត​រកបាន​គ្រាប់​បាល់​ដំបូង​ដោយ​អតីត​កីឡាករ Real Madrid ដែរ​គឺ Alvaro Morata នៅ​នាទី​ទី​៨​។ បន្ទាប់ពី​នាំមុខ​១​គ្រាប់​នេះ អធិរាជ​ស Real Madrid ក៏​មិនឱ្យ​អ្នកគាំទ្រ​អន់ចិត្ត​ដែរ ព្រោះ​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo បាន​រកបាន​មួយ​គ្រាប់​វិញ​នៅ​នាទី​២៧ ក្រោយ​ទទួលបាន​ពី James Rodriguez

ខណៈ​ដែល​ចូល​មក​ដល់​តង់​ទី​២ ក្រុម​ម្ចាស់ផ្ទះ Juventus រក​ឃើញ​គ្រាប់​បាល់​ជ័យជម្នះ​របស់​ខ្លួន ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​ពី​សំណាក់​កីឡាករ Tevez បន្ទាប់ Dani Carvajal បង្កកំហុស​នៅ​តំបន់​គ្រោះថ្នាក់​នៅក្នុង​នាទី​៥៧​។ ចប់​ការប្រកួត Juventus ជា​អ្នក​រកបាន​ជ័យជម្នះ​លើ​ក្រុម​គូប្រកួត​របស់ខ្លួន​ដោយ​លទ្ធផល ២១។

ទោះបីជា​យ៉ាងណាក៏ដោយ អ្នកចាត់ការ​ក្រុម Real Madrid លោក Carlo Ancelotti បាន​និយាយថា ក្រុម​របស់លោក​នៅតែមាន​សង្ឃឹម​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ដដែល ព្រោះ​នៅ​ជើង​ទី​២​នឹងធ្វើ​ឡើង​នៅ​ទឹកដី​អេ​ស្ប៉ា​ញ ដូច្នេះ​អធិរាជ​សមាន​ឱកាស​ច្រើនជាង​នៅ​អ៊ីតាលី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684