ព័ត៍មានទាន់​ហេតុការណ៏
Search
kpt

ទស្សនៈខកចិត្ត​!

តាម​របត់​នៃ​ប្រពៃណី និង​ជា​ទម្លាប់​ក្នុងសង្គម​ដ៏​ល្អ​តាំងពី​បុរាណកាល​មក​នោះ គឺ​ការជួយ​គ្នា​ទៅវិញទៅមក​។ ការជួយ​គ្នា​ទៅវិញទៅមក ព្រោះ​មនុស្ស​តែងមាន​តម្រូវការ រៀងខ្លួន ដោយមាន​សង្ឃឹមថា យើង​ជួយ​គេ ទើប​គេ​ជួយ​យើង​។ ផ្ទុយទៅវិញ​បើ​គេ​មិន​ជួយ​យើង​ទេ ក៏​យើង​មិន​ជួយ​គេ​ដែរ​។ ប៉ុន្តែ​បើ​យើង​ជួយ​គេ​ហើយ បែរជា​គេ​មិន​ជួយ​យើង​វិញ​នោះ វា​ជា​រឿង​ខកចិត្ត​មួយ​ដ៏​ធ្ងន់ធ្ងរ​បំផុត។

ក្នុង​លោក​នេះ សម្បូរ​ទៅ​ដោយ​មនុស្ស​កេង​យកចំណេញ ពី​មនុស្ស​តាម រយៈ​ការ​កុហក​បោកប្រាស់ ឬ​ការ​និយាយ​ផ្អែមល្ហែម និង​ការ​ដោះសា​យករួចខ្លួន មិន​ខុសពី​ពាក្យចាស់​ហៅថា ជា​មនុស្ស​ផ្លែ​ល្វា នោះ​ឡើយ។ ម្យ៉ាងទៀត​ពាក្យចាស់​បាន​ពោល​ទៅ​ជន​ប្រភេទ​នេះ​ថា មានចិត្ត​ដូច​ទេវទត្ត មាន​មាត់​ដូច​ទេវតា​។ បើ​ជន​ប្រភេទ​នេះ​មាននៅ​ទីណា​ប្រាកដជា​ធ្វើ​ឲ្យ​មនុស្ស​ដែល​រស់នៅ​ទីនោះ រមែង​មានការ​ខកចិត្ត យ៉ាង​ក្រៃលែង​។ ចំពោះ​អ្នក​ដែល​បាន​ជួបប្រទះ​ផ្ទាល់ខ្លួន​ពី​រឿង​ខកចិត្ត គឺ​ប្រៀប​ដូច​ពាក្យចាស់​ពោល​ថា បន្លា​មុត​ជើង​ខ្លួនឯង នោះ​ទើបបាន​ដឹងថា វា​ឈឺ​ចុកចាប់​ប៉ុនណា​។ ប៉ុន្តែ​បើ​បន្លា​មុត​ជើង​គេ​នោះ​យើង​មិនបាន​ដឹង​ពី​ទំហំ​នៃ​ការឈឺចាប់​នោះឡើយ​។

យ៉ាងណាមិញ​បើ​គេ​ធ្វើការ​រំលឹក អំពី​មេរៀន​ដែល​កើតឡើង​ពី ការ​ខ្សឹបខ្សៀវ​ក្នុង​សម័យ​ឃោសនាបោះឆ្នោត​នោះ ក៏មាន​ការបង្ហាញ​ពី​ព័ត៌មាន​ថា ជួយផ្តល់​តំណែង​បុណ្យ​សក្តិ និង​តួនាទី ដល់​សកម្មជន​ក្នុង​ការ​គាំទ្រ​ដល់​គណបក្ស​នយោបាយ​ថ្មី របស់​គេ។ ការ​ខ្សឹបខ្សៀវ​នេះ​វា​មាន​ឥទ្ធិពល​ខ្លាំង​ដែល​គេ​ហៅថា តាមរយៈ តេ​ឡេ​ហ្វូ​នវ​ល្លិ ត្អើក បណ្តាល​ឲ្យ​អ្នក​ដែល​មាន​បំណង​រក​ការងារ​ធ្វើ​នោះបាន​ក្លាយទៅជា សកម្មជន​របស់​គណ​បក្ស​នោះ​ប្រកបដោយ​ការ​ស្ទុះស្ទា ទទឹងទទែង​អស់ទាស់។ ដ្បិត​គេ​សង្ឃឹមថា ផលប្រយោជន៍​បាន​រង់ចាំ​គេ​នៅពេល​ខាងមុខ​ដ៏​ខ្លី​នេះ។

បើ​យើង​ពិនិត្យ​ទៅលើ​ស្ថានភាព​នៃ​គណបក្ស​នយោបាយ​នោះ គឺ​មាន​លក្ខណៈ ទូងៗ ដូច​ស្គរ “​ដើម្បី​ចង់បាន​អ្នកចូលរួម​ឲ្យ​មាន​ភាព​គគ្រឹកគគ្រេង​ហៅថា ជា​ការ​ចំណេញ​នយោបាយ​របស់​ខ្លួន​។ ម្ល៉ោះហើយ​គេ​បាន​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​អូសទាញ​មនុស្ស​ឲ្យ​ដើរ​តាម​របត់​នយោបាយ​នៃ​គណបក្ស​របស់​គេ​។ តាម​ទម្លាប់​ដែល​ជា​ទង្វើ​ប្រកបដោយ​ប្រសិទ្ធភាព​កន្លងមក​នោះ គឺ​ការ​កុហក និង​បោក​បញ្ឆោត​ជា​មធ្យោបាយ​នាំ​មុខ​គេ​ដោយ​ការ​សន្យា​ថា ផ្តល់​ផលប្រយោជន៍ លាភសក្ការៈ មានបុណ្យ​សក្តិ និង​តួនាទី​ជូន​អ្នកគាំទ្រ​តែម្តង កាលណា គណបក្ស​របស់​គេ​បាន​ជាប់ឆ្នោត។

អុញ​! នៅពេល​ក្រោយពី​ការបោះឆ្នោត​រួច​អ្វីៗ ឋិត​នៅក្នុង​សភាព​ធម្មតា​។ ចំពោះ​សកម្មជន ឬ​អ្នកគាំទ្រ​កន្លងមក​បានត្រឹមតែ​ការ ខកចិត្ត ឬ​ហួសចិត្ត រក​និយាយ​មិន​ចេញ​នោះ​ទេ ព្រោះ​គណបក្ស​ដែល​ខ្លួន​បាន​ជួយ​គាំទ្រ​នោះ​ពុំបាន​ទៅដល់​ទិសដៅ​នោះ​ផង​។ បាន​សេចក្តី​ថា មេ​គណបក្ស​នោះ មិនបាន​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​ផង ធ្វើ​ម៉េច​នឹង​អាច​ចាត់ចែង ការងារ​ប្រទេសជាតិ​ទៅ​បាន​? នេះហើយ​ដែល​ជា​ច្រក​ដោះស្រាយ​មួយ​ក្នុង​ការ​រំងាប់​នូវ​បំណងប្រាថ្នា​យ៉ាង​ពុះកញ្ជ្រោល​នៃ​ក្រុម​អ្នក​ជួយ​ខ្នះខ្នែង កន្លងមក​នៃ​គណបក្ស​នយោបាយ​នោះ​។

ជា​ការ​ពិត​ណាស់​ពាក្យចាស់​តែង​បាន​ទុក​នូវ​ពាក្យស្លោក​មួយ​ឃ្លា​ពោល​ថា នៅពេល​ស្រុក កើតសង្គ្រាម​គេ រក​អ្នកក្លាហាន និង​នៅពេល​ស្រុក​សាន្តត្រាណ​គេ​រក​បញ្ញវន្ត“​។ បាន​សេចក្តីថា បច្ចុប្បន្ននេះ ប្រទេសជាតិ​យើង​បាន​ទទួល​សន្តិ​ភាពជា​ស្ថាពរ​ហើយ គឺ​ទាំង​មុខតំណែង​ការងារ​តួនាទី​មន្ត្រីរាជការ​ក្តី ទាំង​ការងារ​ឯកជន​ក្តី គេ​តែង​ត្រូវការ​អ្នកចេះដឹង អ្នកមាន​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​។ បានសេចក្តី​ថា គេ​ត្រូវការ​ធនធានមនុស្ស​ជា​អ្នកចេះដឹង​ពោល គឺ​មិនមែន​យក​អ្នក​ដំឡូង​មូល​ឲ្យ​ធ្វើការ​នោះឡើយ។

ជាក់ស្តែង​បច្ចុប្បន្ន​នេះ សិស្ស​និង​និស្សិត​ព្រមទាំង​បញ្ញវន្ត​ចេញពី​សាលា​ច្រើនណាស់​ដែលជា​ធនធាន​ដ៏​បរិបូរណ៍​របស់​ប្រទេសជាតិ​សម្រាប់​កាន់តំណែង​ការងារ មានបុណ្យ​សក្តិ​កិត្តិយស​មុខមាត់​ទាំង​ការងារ​រដ្ឋ និង​ទាំង​ការងារ​ឯកជន ឬ​ក្រុមហ៊ុន​។ ដោយឡែក​ចំពោះ​មជ្ឈដ្ឋាន​អ្នក​ដែល​ជឿ​ការឃោសនា​របស់​គណបក្ស​ដែល​គេ​កេង​យក​កំលាំង​ប្រើ​ម៉ា​ភ្លែត​នោះ នឹងត្រូវ​ទទួល​នូវ​ការខកចិត្ត​ចុកចាប់ និង​ស្បថ​កោរ​ត្រងោល​ផ្តាំកូន​ទៀតផង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684