ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-06-15-h-full

វិជ្ជា ជា​ទ្រព្យ ជាប់​ជាមួយ​ខ្លួន

ការសិក្សា​របស់​សិស្ស​គ្រប់​ភូមិ​សិក្សា​ទាំងអស់​សុទ្ធតែ​នាំមក​នូវ​ផល ប្រយោជន៍​ដ៏​សំខាន់​ដល់​សិស្ស ឬ​ជា​អ្នកសិក្សា ហៅថា​សិក្ខាកាម​ជន​គឺ​ចំណេះវិជ្ជា​នេះហើយ​ដែលជា​ទ្រព្យសម្បត្តិ​នៅជាប់​ជាមួយ​ខ្លួន​នោះ​។​

​ ​អ្នកមាន​ចំណេះវិជ្ជា មាន​ឈ្មោះថា ជា​អ្នកមាន​ទ្រព្យ​និង​មាន​ភ័ព្វវាសនា​ខ្ពស់​។ គេ​ឃើញ​ពាក្យស្លោក​មួយ​ឃ្លា​ដែល​បិទ​តាំងនៅ​តាម​របង​សាលារៀន​មួយ​បានបញ្ជាក់​អោយដឹងថា“​មាតាបិតា​អោយ​កូន​ទៅ​រៀន​ឈ្មោះថា​បាន​សន្សំទ្រព្យ​ទុកអោយ​កូន​“​។ បើ​និយាយ​អំពី​គាថា​ក្នុង​វគ្គ​ខាងដើម​នៃ​សៀវភៅ​ស្រី​ហិ​តោ​បទេស​ភាគ​១​បានអោយដឹងថា “​វិជ្ជា នាំអោយមាន​វិន័យ​, វិន័យ​នាំអោយមាន​សេចក្តីថ្លៃថ្នូរ​, សេចក្តីថ្លៃថ្នូរ​នាំអោយមាន​ទ្រព្យសម្បតិ្ត​, ទ្រព្យសម្បតិ្ត​នាំអោយ​មានធម៌ និង​ធម៌​នាំមក​នូវ​សេចក្តីសុខ​“​។ មាន​ពាក្យស្លោក ឬ​ពាក្យ​ទូន្មាន​ខ្លះទៀត​បាន​បញ្ជាក់ថា វិជ្ជា​ជា​ទ្រព្យ​គាប់ប្រសើរ​ព្រោះ​ចោរលួច​មិនបាន​, ប្រើប្រាស់​មិន​ចេះ​រេច​រិល​, កណ្តៀរ កណ្តុរ មិនអាច​កោរ ឬ​កាត់​បាន បើ​ប្រើ​ច្រើន​ប្រាកដជា​កើត​ច្រើន​…​។ ចំណែកឯ​សុភាសិត​បុរាណ​ក៏បាន​ទូន្មាន​កូនចៅ​ប្រកបដោយ​ប្រសិទ្ធភាព​ដែរ​ថា “​ចេះ​ពី​រៀន មាន​ពី​រក​“​។ មាន​ន័យ​ថា បើ​សិស្ស​ខំប្រឹង​រៀន​ទើបបាន​ចេះ​ក៏ដូចជា​អ្នកធ្វើការងារ​ដទៃទៀត​គឺ​មានមក​ក៏ដោយ​សារ​ប្រឹងរក​យ៉ាងនោះ​ដែរ​។ ទន្ទឹមនេះដែរ​ខ្ញុំ​នៅចាំ​កំណាព្យ​សិក្សា​របស់​អ្នកនិពន្ធ​ឈ្មោះ ម៉ុក​. សំ​ឧិ​ក ដែល​គាត់​ត្រូវជា​កូន​របស់លោក សន្ធរ ម៉ុក​។ កំណាព្យ​នោះ​ខ្ញុំ​ធ្លាប់​ទន្ទេញ​ចាំ​កាលពី​នៅ​រៀន​ពី​សង្គមចាស់​កម្រិត​បឋម​សិក្សា​ហៅថា ថ្នាក់​អាទិក​ដ្ឋា​ន​មាន​ខ្លឹមសារ​ទាំងស្រុង​ដូចតទៅ ៖

ចំណងជើង​នៃ​កំណាព្យ​នេះ​ដាក់​ថា “​វិជ្ជា​ជា​ទ្រព្យ​គាប់ប្រសើរ​

​ ​- ហៃ​សាធុជន​ទាំងអស់គ្នា ចំណេះវិជ្ជា​ទាំង​សម្ទាយ មានគុណ​វិសេស​ធំ​ទូលាយ គួរ​យើង​វេច​ស្ពាយ​កុំ​ខ្លាច​ធ្ងន់​។​

​ ​- មិន​ពិបាក​ទុក​ស្រណុក​លាក់ ជាជាង​មាសប្រាក់​សព្វ​ទ្រព្យធន មិន​ខ្លាច​ចោរលួច​ឬ​ចោរប្លន់ ទៅគ្រប់​តំបន់​គ្រាន់​ជា​ស្បៀង​។​

​ ​- ឥត​កណ្តៀរ​កោរ​កណ្តុរ​កាត់ ចាយ​ណាស់​មិន​បាត់​មិនមាន​ល្អៀង ប្រើ​ច្រើន​កើត​ច្រើន​ចម្រើន​ទៀង ពី​បច្ចុប្បន្ន​រៀង​ទៅ​បរលោក​។​

​ ​បានសេចក្តីថា ការសិក្សា​របស់​សិស្ស​គឺ​សិស្ស​ជា​អ្នកទទួលផល​ផ្ទាល់ខ្លួន​។ គឺ​ចំណេះវិជ្ជា​នេះហើយ​ដែល​សិស្ស​បានទទួល​ពី​ការ សិក្សា ឬ​ពី​ការ​ខំប្រឹង​រៀនសូត្រ​។ ជាមួយនេះដែរ​គឺ​ចំណេះវិជ្ជា​នេះហើយ​ដែលជា​ប្រភព​នៃ​ទ្រព្យសម្បតិ្ត​របស់​មនុស្ស ដូច​ពាក្យចាស់​បានបញ្ជាក់​ទុកជា​បណ្តាំ​តម​កថា “​ចេះ​អ្វី ចេះ​ឲ្យ​ប្រាកដ​ទើប​ប្រាក់​រត់តាម​ហៅ​“​។ មានន័យថា បើ​ចេះ​អ្វី​បាន​ច្បាស់​នោះ​ប្រាកដជា​រកប្រាក់ ឬ​រក​ទ្រព្យសម្បត្តិ​បាន​។​

នៅពេល​ថ្មីៗ​នេះ ការសិក្សា​របស់​សិស្ស​ក៏​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ធ្វើ​ការ​តម្រង់ ទិស​ឆ្ពោះ​ទៅតាម​តម្រូវការ​ទីផ្សារ​ការងារ ដែល​ធ្វើការ​បណ្តុះបណ្តាល​ធនធាន​សិស្ស​ទៅតាម​មុខវិជ្ជា​បច្ចេកទេស​ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​និយម​ប្រើប្រាស់​ទាន់សភាពការណ៍​។ ជាក់ស្តែង​ដូចជា​ក្រសួង​អប់រំ​យុវជន​និង​កីឡា មាន​ផែនការ សិក្សា​ដល់​សិស្ស​ក្នុង​កម្រិត​មធ្យមសិក្សា ទុតិយភូមិ ឲ្យមាន​ការ​បញ្ចូល​មុខវិជ្ជា បច្ចេកទេស​វិជ្ជាជីវៈ ដូចជា​មេរៀន​ខាង អគ្គិសនី​, អេឡិចត្រូនិក​, កសិកម្ម​, មេការ​និក និង​គណនេយ្យ​។ គប្បី​បញ្ជាក់ថា​មេរៀន​ខាង​បច្ចេកទេស​នេះ​ពីមុនមក​សិស្ស​រៀន​តាមរបៀប​ចំណេះ​ទូទៅ ឬ​រៀន​តាមតែ​ទ្រឹស្តី​ប៉ុណ្ណោះ​និង​ដោយ​គ្រាន់តែ​បញ្ចូល​តាមរបៀប​រាក់ៗ​និង​សើៗ​ទេ​។ ប៉ុន្តែ​សម្រាប់​ផែនការ​ថ្មី​នេះ​គឺ សំដៅ​អោយ​សិស្ស​រៀន​ចេះ​ទាំង​ទ្រឹស្ដី​ផង និង​ទាំង​ការអនុវត្ត​ផង ដែល​អាចអោយ​សិស្ស​មានចំណេះ​វិជ្ជា​សម្រាប់​ប្រើប្រាស់​ប្រកបដោយ​ជោគជ័យ​តាម​ជីវភាព​រស់នៅ​ជាក់ស្តែង​។​

ដូចនេះ​កាលណា​សិស្ស ឬ​និស្សិត​ចេញពី​សាលា​ទៅ​មានចំណេះ​វិជ្ជា​តាម​ជាប់​ទៅជា​មួយ​ខ្លួន​នោះ​ប្រាកដ​ជាមាន​ទ្រព្យសម្បតិ្ត​ក្នុងការ​ទ្រទ្រង់​ជីវភាព​រស់នៅ​បានល្អ​ប្រសើ​រ ដែល​ក្លាយទៅជា​ធនធានមនុស្ស​ដ៏​មានតម្លៃ​របស់​សង្គមជាតិ​ឬ​ស័ក្តិសម​នឹង​ពាក្យស្លោក​ពោលថា យុវជន​ជា​សសរទ្រូង​ដ៏​រឹងមាំ​នៃ​ប្រទេសជាតិ​ពិត​ប្រាកដ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684