សារព័ត៌មានតំបន់ឲ្យដឹងថា ប្រធានធនា គារអភិវឌ្ឍអាស៊ី លោក Takehiko Nakao បានលើកឡើងថា ធនាគារនឹងមានភាពរឹងមាំឡើងល្អជាងមុន និងលឿនជាងមុន ដោយសារបានពង្រីកប្រតិបត្តិការ ដើម្បីលុបបំបាត់នូវភាពក្រីក្រ និងជំរុញការអភិវឌ្ឍមានចីរភាព ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកបន្តថា ការងារនេះ ចាប់ផ្តើមពីសមត្ថភាពនៃការឲ្យខ្ចីរឹងមាំជាងមុន ដែល ជាការនិយាយយោងទៅរកការរួមបញ្ចូលគ្នាកាលពីពេលថ្មីៗនេះ នូវប្រតិបត្តិការឲ្យខ្ចីអភិវឌ្ឍអាស៊ី របស់ធនាគារ ដែលជាច្រកសម្រាប់ការឲ្យខ្ចីសម្បទានរបស់ធនាគារ ជាមួយនឹងធនធានមូលធនធម្មតារបស់ខ្លួន ដែលឲ្យទៅបណ្តាប្រទេសមានចំណូលថ្នាក់មធ្យមក្នុងអត្រាសឹងតែដូចគ្នានឹងទីផ្សារ។
គំនិតផ្តើមនេះ នឹងបង្កើនប្រតិបត្តិការប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍអាស៊ី ឲ្យមានប្រមាណ ២០ពាន់លានដុល្លារ ឬពាក់កណ្តាលថែមទៀតនៃកម្រិតបច្ចុប្បន្ន។ លោកលើកឡើងថា ធនាគារត្រូវផ្តល់នូវសេវាការយល់ដឹងអោយបានល្អ និងដំណោះស្រាយរបៀបនវានុវត្ត ចំពោះបណ្តាប្រទេសជាអតិថិជន ដោយពង្រឹងជំនាញតាមវិស័យ និងមូលបទ ក៏ដូចជាអនុម័តយកនូវ អភិក្រម ធនាគារអភិវឌ្ឍអាស៊ីតែមួយ ដើម្បីចែករំលែកចំណេះដឹង និងជំនាញ ទៅទូទាំងធនាគារទាំងអស់។ ធនាគារ ក៏ត្រូវតែធ្វើការឲ្យលឿនជាងមុន ដោយមិនធ្វេសប្រហែសពីគុណភាព និងស្តង់ដារគម្រោងឡើយ។ តាមរយៈការកែទម្រង់ផ្ទៃក្នុងនាពេលថ្មីៗកន្លងទៅនេះ ធនាគារបានកាត់បន្ថយរយៈពេលដំណើរការផ្ទៃក្នុងបានពាក់កណ្តាល សម្រាប់កិច្ចសន្យាលទ្ធកម្ម។
ធនាគារអភិវឌ្ឍអាស៊ី បានសម្រេចកម្ចី អំណោយ និងការវិនិយោគ ១៤ពាន់លានដុល្លារ កាលពីឆ្នាំកន្លងទៅ ដោយមានសហហិរញប្បទាន ៩.២ពាន់លានដុល្លារ ធ្វើឲ្យជំនួយហិរញ្ញវត្ថុសរុបឡើងដល់ ២២.៩ពាន់លានដុល្លារ។ យោងទៅតាមសេចក្តីត្រូវការហិរញ្ញប្បទានមានទំហំធំក្នុងតំបន់ ធនាគារអាចស្នើសុំអោយមានការគាំទ្រថែមទៀត សម្រាប់កំណើនមូលធនក្នុងអនាគត។ សមត្ថភាពហិរញ្ញវត្ថុដែលត្រូវបានធ្វើវិត្ថារកម្ម នឹងអនុញ្ញាតអោយធនាគារបង្កើនការគាំទ្ររបស់ខ្លួន សម្រាប់ការអភិវឌ្ឍន៍មានចីរភាព ក្នុងតំបន់។
ដើម្បីជួយតទល់នឹងការប្តូរផ្លាស់អាកាសធាតុ ធនាគារអភិវឌ្ឍអាស៊ី នឹងពង្រឹងការគាំទ្រសម្រាប់ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើង វិញ ការដឹកជញ្ជូន ការធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ដោយគិតចូលនូវការពង្រីកការ ប្រើប្រាស់មូលនិធិសមធម៌ឯកជន ក្នុងគម្រោង ថាមពលដោយពន្លឺព្រះអាទិត្យ ខ្យល់ និងកកើត ឡើងវិញដទៃទៀត ព្រមជាមួយការធ្វើការងារជិតស្និទ្ធ ជាមួយមូលនិធិពហុភាគី ដូចជា មូលនិធិវិនិយោគធាតុអាកាសជាដើម។ ធនាគារ ប្តេជ្ញានឹងកាត់បន្ថយភាពក្រីក្រនៅអាស៊ីប៉ាស៊ីហ្វិក ឆ្លងតាមកំណើនសេដ្ឋកិច្ចជាបរិយាប័នកំណើនចីរភាពបរិស្ថាន និងសមាហរណកម្មតំបន់។ បង្កើតនៅឆ្នាំ១៩៦៦ នៅក្រុងម៉ានីល ធនាគារមានម្ចាស់ ៦៧ប្រទេស ក្នុងនោះ ៤៨មកពីតំបន់អាស៊ី៕