ព័ត៍មានទាន់​ហេតុការណ៏
Search
2

មន្ត្រី​ជំនាញ​កសិកម្ម​បង្ក្រាប​ជី​នាំចូល​តាម​ច្រក​បឹង​ត្រកួន​ខុសច្បាប់​ជា​មួយ​រថយន្ត​កាមរី ​ដើម្បី​បង្ការ​ទប់​ស្កាត់​ជី​ក្លែងក្លាយ

 

បន្ទាយមានជ័យ ៖ ជី​កសិកម្ម​សញ្ញា​ក្បាល​គោ​ចំនួន​ជាង​១​តោន​ដឹក​តាម​រថយន្ត​កាមរី​១​គ្រឿង​ ដែល​ឈ្មួញ​នាំ​ចេញពី​ប្រទេស​ថៃ​ចូល​ខុសច្បាប់ ត្រូវ​បាន​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​បង្ក្រាប កាលពី​រសៀល​ថ្ងៃទី​៣១​ ខែមីនា ឆ្នាំ​២០១៥ នៅ​លើ​ផ្លូវលំ​មួយ​កន្លែង ​ស្ថិតនៅ​ក្បែរ​វត្ត​ថ្មពួក ក្នុង​ភូមិ​ថ្មពួក ឃុំ​ថ្មពួក ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ ​រថ​យន្ត​កាមរី​ដឹក​ជី​នោះ​ត្រូវ​បាន​គេ​ចាប់​បញ្ជូន​មកកាន់​មន្ទីរ​កសិកម្ម ​ខេត្ត​ដើម្បី​យក​មក​ចាត់ការ​តាមច្បាប់​។

​ លោក ​សេង​ ម៉េង​ អនុប្រធាន​ការិយា​ល័យ​នីតិកម្ម​កសិកម្ម​ខេត្តបន្ទាយមានជ័យ​បាន​និយាយ​ថា​ លោក​នឹង​ចាប់ផ្តើម​មាន​វិធានការ​រឹត​បន្តឹង​បង្ក្រាប​ជី​នាំចូល​ខុសច្បាប់​ ពី​ប្រទេស​ថៃ​ ព្រោះ​រយៈពេល​កន្លងមក​ឈ្មួញ​បាន​បន្លំ​នាំចូល​ជី​ក្លែងក្លាយ​កន្ទុយបារី​ ចំនួន​៥០​តោន​ពី​ប្រទេស​វៀតណាម​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រកព្រំដែន​ កម្ពុជា​វៀតណាម​នៅ​ខេត្ត​ត្បូងឃ្មុំ​។

​លោក​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ ថា ​ជី​កសិកម្ម​ខាងលើ​ត្រូវ​បាន​ឈ្មួញ​នាំចូល​តាម​ច្រក​បឹង​ត្រកួន​ បម្រុង​យក​មក​លក់​ចែកចាយ​នៅ​ស្រុក​ថ្មពួក​ការ​នាំ​ចូល​ជី​កសិកម្ម​គ្មាន​ លិខិត​អនុញ្ញាត ​និង​ជី​គ្មាន​ការបកប្រែ​ជា​ភាសា​ខ្មែរ​ជា​អំពើ​ប្រព្រឹត្ត​បទល្មើស​ ខុសច្បាប់​អនុវត្ត​ផ្ទុយ​នឹង​ច្បាប់​គ្រប់គ្រង​ស្ដីពី​ថ្នាំ​កសិកម្ម​ និង​ជី​កសិកម្ម​របស់​ក្រសួង​រុក្ខា​ប្រមាញ់​និង​នេសាទ​។ ជី​ទាំងនោះ​គ្មាន​ប្រភព​ច្បាស់លាស់​ និង​គ្មាន​ការទទួលខុសត្រូវ​ប្រសិន​បើ​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ប្រើប្រាស់​ប៉ះ ​ជី​ក្លែងក្លាយ​នោះ​ជាមិនខាន​ឡើយ​។​

ការ​នាំ​ចូល​ជី​កសិកម្ម​សញ្ញា​ ក្បាល​គោ​នោះ​ដែរ​ឈ្មួញ​បាន​រំលោភ​កម្មសិទ្ធិបញ្ញា​ទៅលើ​សិទ្ធិ ផ្ដាច់មុខ​នាំចូល​ស្របច្បាប់​របស់​ក្រុមហ៊ុន​ លឹម​ ប៊ុនហេង​ត្រេ​ឌី​ង ដែល​រកស៊ី​បង់ពន្ធ​ចូល​រដ្ឋ​ត្រឹមត្រូវ​។​ ប្រសិន​មានការ​លួចលាក់​នាំចូល​ជី​ខុសច្បាប់​បែបនេះ​ក្រុមហ៊ុន​ប្រឈម​នឹង​ ការខាតបង់​មិនតែប៉ុណ្ណោះ ​រដ្ឋ​ក៏​ត្រូវ​បាត់បង់​ចំណូល​ផង​នោះ​ដែរ​។​ លោក​ក៏​សូម​អំពាវ​នាវ​ឱ្យ​សមត្ថកិច្ច​តាម​ព្រំដែន​ជួយ​ទប់ស្កាត់​ការ​នាំ​ជី ​កសិកម្ម​ខុសច្បាប់​ហើយ​សូមកុំ​ចូលរួម​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច​ដែល​បាន​ បើកដៃ​ឱ្យ​ឈ្មួញ​នាំចូល​ខុសច្បាប់​នោះ​៕

គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684