ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្លែ​ត្រសក់​ប្រើ​ជី​អាចម៍​ប្រចៀវ​មាន​គុណភាព​ស្រួយ​ល្អ​

ភ្នំពេញ ៖ ពូជ​ត្រសក់​ទ្រឿង​ ដែល​ប្រជាកសិករ​យើង​ដាំ​ដុះ​រយៈ​ឆ្នាំ​ចុងក្រោយ​នេះ​ គឺជា​ពូជ​ត្រសក់​នាំចូល​មកពី​វៀតណាម​ ដែល​ទទួល​បាន​ទិន្នផល​ខ្ពស់​ ហើយក៏​ជា​ពូជ​ដែល​តម្រូវ​ទីផ្សារ​ក្នុង​ស្រុក​ផងដែរ​។​

ជួប​ជាមួយ​លោក ជា ភក្តី អ្នក​ដាំ​ត្រសក់​រស់នៅ​ក្នុងភូមិ​កោះនរា សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មានបទពិសោធន៍​ដាំ​ត្រសក់​ទើបតែ​២​ឆ្នាំ​ប៉ុណ្ណោះ​។ រូបភាព​ដែល​គ្រប​តង់​កៅ​ស៊ូ​ខ្មៅ គឺជា​កូន​ត្រសក់​ទើបតែ​លូតលាស់​បាន​បន្តិច ហើយ​កំពុងតែ​មានការ​ថែទាំ​បាញ់​ទឹក​ស្រោច​គ្រប់​រង​ថ្នាល​ទាំងអស់​។ លោក ជា ភក្តី​បាន​ឲ្យ​ដឹងថាៈ ការដាំដុះ​ត្រសក់​ពូជ​ថ្មី​នេះ​មាន​រយៈពេល​៣០​ទៅ​៣២​ថ្ងៃ បើ​ប្រើប្រាស់​ជី​អាចម៍​ប្រចៀវ​រឹតតែ​ធ្វើ​ឲ្យ​ផ្លែ​ត្រសក់​មាន​រសជាតិ​មាន​គុណភាព​ស្រួយ​ល្អ​ច្រើន​។ ក៏ប៉ុន្តែ​ដោយសារ​ជី​អាចម៍​ប្រចៀវ​មានតម្លៃ​ថ្លៃ​ទើប​មិនអាច​យកមក​ដាក់​បាន​ដោយ​ក្នុង​១​គីឡូក្រាម​ស្មើនឹង​៤.៥០០​រៀល​ទៅហើយនោះ​។​

លោក ជា ភក្តី មានប្រសាសន៍​បន្តថាៈ ខែមេសា​នេះ​តម្លៃ​ត្រសក់​លក់​ចេញ​បាន​ថ្លៃ​ដល់​១.០០០​រៀល​ក្នុង​១​គីឡូក្រាម ហើយ​អាច​ធ្លាក់​ថ្លៃ​ដោយសារ​សំបូរ​ច្រើន​។ បើ​បាន​តម្លៃ​កំណត់​ច្បាស់​លាស់​អ្នក​ដាំ​ត្រសក់​មាន​ភាព​លំនឹង ក៏ប៉ុន្តែ​តម្លៃ​កំណត់​ទៅ​អ្នកប្រមូល​ទិញ​ត្រសក់​ដោយ​កំណត់​តម្លៃ​ស្រេច​នឹង​ចិត្ត​ដែល​ធ្វើ​ឲ្យ​អ្នក​ដាំ​ធ្លាក់​ទឹកចិត្ត​។ លោក ភក្តី​បន្តថា នៅលើ​ផ្ទៃដី​ដាំ​ត្រសក់​មាន​ទំហំ​២០​អារ​នេះ​អាច​ដាំ​បាន​២​ដង​ទៅ​៣​ដង​ក្នុង​១​លើកៗ​អាច​ទទួលបាន​ចំណូល​ជាង​១​លាន​រៀល​ដែរ ក្នុង​បរិមាណ​ផល​ប្រមាណ​ជាង​២​តោន​។ លោក ភក្តី​បន្តទៀតថា ពូជ​ត្រសក់​ថ្មី​នេះ​ពេល​បេះ​ទុក​បាន​២​ថ្ងៃ​មិន​មាន​ពណ៌​ក្រហម​ទេ សុខចិត្ត​ផ្លែ​ស្វិត ជា​ពូជ​ផ្លែ​ត្រសក់​ដែល​មាន​អ្នក​ដាំ​ដុះ​ច្រើន​។​បើ​គិត​ទៅដល់​មុខរបរ​ដាំ​ត្រសក់​នេះ លោក ភក្តី​ថា ការដាំដុះ​ត្រសក់​នេះ​ធ្វើ​ត្រូវ​ល្អ​គ្រាន់​នឹង​បាន​ទទួល​ទាន​ដែរ ពី​ព្រោះ​ត្រសក់​ឆាប់​ទទួលផល​ និង​មាន​ទីផ្សារ​ច្រើន​ផង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684