ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រវឹងស្រា​ជោក​បបួល​សង្សារ​ទៅ​ក្រៅ​ នាង​មិន​ព្រម​ ដេញ​ចាប់​ផ្អើល​ហាង​ខារ៉ាអូខេ​សី​ធូ​

ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​លែង​មាន​ការ​ខ្មាសអៀន ចេញពី​ក្លិប​ស៊ី​ធូ បាន​ដេញ​ចាប់​ឱប​ថើប និង​ជញ្ជក់​មាត់​នារី​ជា​សង្សារ​តាមផ្លូវ​សាធារណៈ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ស្មាន​តែ​ចាប់​នារី​នាំទៅ​លោភ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១៥ ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស កែង​នឹង​ផ្លូវ​លេខ​៥០ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលឹង ខណ្ឌ​៧​មករា។

អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ក្បែរ​នោះ​បាន​និយាយ​ឱ្យ​ដឹង​ថា នៅមុខ​ពេល​កើតហេតុ​គេ​បាន​សង្កេត​ឃើញ​នារី​២​នាក់​ រួម​ទាំង​បុរស​ខាងលើ​បាន​ចេញពី​ក្លិប​កំសាន្ត​ស៊ី​ធូ ដោយមាន​ភាព​ស្រវឹង​ស្រា​ជោក​ជាំ​ជា​ខ្លាំង ​បន្ទាប់មក​នារី​ម្នាក់​បាន​រត់​ចេញពី​បុរស​ខាងលើ​ទាំង​ទឹកភ្នែក ហើយ​បុរស​ជា​សង្សារ​ក៏បាន​រត់​ដេញ​តាម​រហូតដល់​ចំណុច​ផ្លូវ​ព្រះមុនីវង្ស ទើប​បុរស​ម្នាក់​ឃាត់​បាន​ និង​បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​ដល់​អ្នក​ដំណើរ​នាំគ្នា​ឈប់​មើល។

បន្ទាប់​មក​បុរស​ជា​សង្សារ​បាន​និយាយ​ឱ្យ​នារី​ជា​សង្សារ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ខ្លួន ប៉ុន្តែ​នាង​មិន​ព្រម​ទាល់តែសោះ ដោយ​បាន​ប្រកែក​ថា​មិន​ទៅជា​មួយ​នោះ​ទេ ពេលនោះ​ក៏បាន​ការ​ចាប់​ប្រទាញ​ប្រទង់​គ្នា​ទៅវិញទៅមក ហើយ​នៅពេល​អ្នក​សារព័ត៌មាន​ទៅដល់​ដើម្បី​ផ្ដិត​យក​រូបភាព ពួកគេ​ហាក់​ដូចជា​មិន​មាន​ការ​អៀនខ្មាស​ទាល់​តែ​សោះ បើ​ទោះ​បី​ជា​មាន​អ្នកដំណើរ​ជា​ច្រើន​នាក់​ចោមរោម​មើល​យ៉ាងណាក៏ដោយ ហើយ​ថែមទាំង​និយាយ​ថា អ្នកណា​ចង់​ថត​អី ក៏​ថត​ទៅ។

មួយសន្ទុះ​ក្រោយមក​ នារី​ជា​សង្សារ​បាន​រត់​ចេញពី​បុរស​ខាងលើ ប៉ុន្តែ​បុរស​ម្នាក់​នោះ​នៅតែ​រត់​តាម​នារី​ជា​សង្សារ​ម្នាក់​នោះ​ទៅ​បាត់​ទាំងអស់គ្នា​តែ​ម្តង​ទៅ។ ចំពោះ​ហេតុការណ៍​ខាងលើ​បាន​ធ្វើ​ឱ្យ​អ្នកដំណើរ​ជាច្រើន​នាក់​បាន​ធ្វើ​ការរិះគន់​ទៅលើ​គូសង្សារ​មួយគូ​នេះ​យ៉ាង​ខ្លាំង ដោយ​បាន​បញ្ចេញ​កាយវិការ​មិន​សមរម្យ​នៅ​តាម​ផ្លូវ​សាធារណៈ​ដូច្នេះ។

សាក្សី​បន្ថែម​ថា ​ករណីនេះ​បុរស​ជា​សង្សារ ​និង​នារី​បម្រើការ​នៅក្នុង​ហាង​ខារ៉ាអូខេ​បាន​ចូល​ច្រៀង​ និង​ផឹកស៊ី ​លុះ​ស្រវឹង​បុរស​ជា​សង្សារ​បាន​បបួល​នាង​ទៅផ្ទះ​សំណាក់​ ប៉ុន្តែ​នាង​មិន​ព្រម ​ទើប​ធ្វើ​ឲ្យ​បុរស​រូប​នោះ​ដេញ​ចាប់​នាង​ឲ្យ​ឡើង​ម៉ូតូ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684