ព័ត៍មានទាន់​ហេតុការណ៏
Search

ថៃ ប៊ុន​ហាន និង ធា នុ​រាជ ជួបគ្នា​ជម្រះ​មន្ទិល​នៅ​សង្វៀន​រោង​សៀក

ប្រដាល់ ៖ ថៃ ប៊ុន​ហាន អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ និង ធា នុ​រាជ អ្នក​ប្រដាល់​ក្លិប​ពោធិ​ជ័យ​កីឡា នឹង​ជួបគ្នា​នៅ​រសៀល​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៥​នេះ នៅ​លើ​សង្វៀន​រោង​សៀក​មុខ​រដ្ឋ​សភា ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​អំពី​ជ័យជំនះ​ក្នុង​ពេល​ជួប​ប្រកួត​គ្នា​កាលពី​ថ្ងៃទី​២៨ ខែ​ធ្នូ​ ឆ្នាំ​២០១៤​កន្លងមក។
ធា នុ​រាជ ដែល​មិន​អស់ចិត្ត​ចំពោះ​ការ​បរាជ័យ​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​ដណ្ដើម​យក​តំណែង​ជើងឯក​ខ្សែក្រវាត់​គូ​បូ​តា​ទម្ងន់​៦៥​គីឡូក្រាម​ កាលពី​ចុងខែ​ធ្នូ​ ឆ្នាំ​២០១៤​កន្លងមក​នោះ ជាមួយ​ថៃ ប៊ុន​ហាន ទើបត្រូវ​អ្នក​ផ្គូផ្គង​ផ្តល់​ឱកាស​ឲ្យ​ឡើង​ប្រកួត​សងសឹក​នៅ​ថ្ងៃអាទិត្យ​នេះ។

រម្លឹក​ឡើងវិញ ​ក្នុង​ពេល​ជួប​ប្រកួត​គ្នា​លើក​មុន​នោះ ប៊ុន​ហាន បាន​យកឈ្នះ​លើ​ ធា នុ​រាជ ៤​ទល់​១ ដោយ​ចៅក្រម​៤​នាក់​បាន​ផ្តល់​ពិន្ទុ​ឲ្យ​គេ​ឈ្នះ ខណៈ​ដែល​ចៅក្រម​ម្នាក់ទៀត​ឲ្យ​ពិន្ទុ​នុ​រាជ​ឈ្នះ ។ នៅក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​នោះ គេ​សង្កេតឃើញ​ពី​ទឹក​ទី​១​ដល់​ទឹក​ទី​៤ គឺ​ធា​នុ​រាជ​ជា​អ្នក​មាន​ប្រៀប​លើ ប៊ុន​ហាន​ដាច់​បាត់​ទៅ​ហើយ ហើយ​មួយ​ទឹក​ចុងក្រោយ ​គឺ​ប៊ុន​ហាន​គេ​មានប្រៀប​ឈ្នះ​លើ​ធា​នុ​រាជ ប៉ុន្តែ​លទ្ធផល​ត្រូវ​បាន​ប្រកាស​ផ្ទុយ​ពី​ការ​គិតទុក ដោយ​អ្នក​អត្ថាធិប្បាយ​Dj​លុច បាន​អាន​លទ្ធផល​របស់​ចៅក្រម​ទាំង​៥​ដែល​ជា​អ្នក​ផ្តល់​ពិន្ទុ តែ​អាន​តែ​៣​នាក់​ប៉ុណ្ណោះ​ គឺ​ចៅក្រម​លោក​ អ៊ុក សុខ លោក​អ៊ូ សាធ​ និង​លោក​ ឈឿ​ម ឆៃ​ ទាំង​៣​នាក់​នេះ​ផ្តល់​ពិន្ទុ​ឲ្យ​ថៃ​ប៊ុន​ហាន​ឈ្នះ ​ធា​នុ​រាជ​ដោយ​ពិន្ទុ​៩៨​ទល់​៩៧​ដូចគ្នា ទោះបីជា​មិន​ប្រកាស​លទ្ធផល​របស់​ចៅក្រម​ពីរ​នាក់​(​លោក​ហង់ ស៊ឺន​និង​លោក​ទេព ស៊ី​វុត្ថា​)​ទៀត​ក្តី ក៏​បញ្ជាក់​ឲ្យ​ដឹង​ថា ​ថៃ ប៊ុន​ហាន​ឈ្នះ​ធា​នុ​រាជ​ដែរ។​
ក្រុម​អ្នកទស្សនា​ក៏ដូចជា​អ្នកគាំទ្រ​ និង​គ្រូ​ប​បង្វឹក​របស់​ ធា នុ​រាជ សុទ្ធតែ​មានការ​ថ្នាំងថ្នាក់​ចំពោះ​លទ្ធផល​នេះ ប៉ុន្តែ​មិន​ហ៊ាន​មាន​សកម្មភាព​អ្វី​គួរ​កត់​សម្គាល់​នោះ​ឡើយ គឺ​បាន​ត្រឹមតែ​ស្រែក​ចំអក​ឲ្យ​គណៈកម្មការ និង​និយាយ​ឡូងៗ​ថា ខៀវ​វាយ​ត្រូវ​ក្រហម​ចង់​ងាប់ បែរជា​ក្រហម​ឈ្នះ​ឈ្នះ​ទៅវិញ។

ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ការ​ជួប​សងសឹក​លើក​នេះ ធា នុ​រាជ​គេ​បាន​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ ដើម្បី​យកឈ្នះ​ថៃ ប៊ុន​ហាន វិញ។ នេះ​បើ​តាម​លោក​ ធា នុ​រាជ គេ​អះអាង​ឲ្យ​ដឹង។
ប៉ុន្តែ​យ៉ាងណា ថៃ ប៊ុន​ហាន​មិន​ងាយស្រួល​នឹង​បង្ក្រាប​នោះ​ទេ។ គេ​មាន​កណ្ដាប់ដៃ​ខ្លាំង ស្នៀត​ទាត់​ក៏​ខ្លាំង​ដែរ ហើយ​មានចិត្ត​ប្រដាល់​ធំ​ថែមទៀត។ ប៉ុន្តែ​ការប្រកួត​លើក​នេះ ប៊ុន​ហាន ក៏​ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដែរ​ទើបបាន ពិសេស​បើ​អាច​ទប់​ស្នៀត​កណ្ដាប់ដៃ និង​ស្នៀត​ទាត់​របស់​ធា នុ​រាជ​បាន ទើប​មាន​សង្ឃឹម​ឈ្នះ បើ​មិន​ដូច្នោះ​ទេ​គឺ​ពិបាក​ហើយ ព្រោះ​នុ​រាជខ្លាំង​នឹង​ស្នៀត​ដៃ​និង​ជើង​នេះឯង។ ចាំមើល រវាង​ថៃ ប៊ុន​ហាន និង ធា នុ​រាជ ជួបគ្នា​លើក​នេះ តើន​រណា​ឈ្នះ?

អ្នក​ប្រដាល់​មិនសូវ​ដែល​ឈ្នះ​ ទឹម សាន្ត ក្លិប​អាស៊ី​កីឡា នឹង​ឡើង​ប្រកួត​សាក​កណ្ដាប់ដៃ​ជា​មួយ​ជើង​ខ្លាំង​ផល សុផាត ក្លិប​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។
៦​ប្រកួត​កន្លង​មក​នេះ ទឹម សាន្ត​ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​សុទ្ធតែ​ជើង​ខ្លាំង ហើយ​គេ​មិនដែល​ឆ្លង​ផុត​ទឹក​២​ទឹក​៣​ទេ គឺ​សន្លប់​ក្រោម​កណ្ដាប់​ដៃជើង​ខ្លាំង​ទាំងនោះ លើកលែងតែ​ លួ​ន សុខ​ខេង ក្លិប​អាស៊ី​កីឡា​ម្នាក់​ប៉ុណ្ណោះ ដែល​យកឈ្នះ​ ទឹម សាន្ត​ដោយ​ពិន្ទុ​នោះ។
ផល សុផាត មួយ​រយៈពេល​ចុងក្រោយ​នេះ ក៏​វាយ​ធ្លាក់​ខ្លាំង​ណាស់​ដែរ ដោយ​៦​ប្រកួត​ចុង​ក្រោយ​នេះ គេ​ជួប​បរាជ័យ​៥​ប្រកួត​ និង​បាន​ស្មើ​១​ប្រកួត​ប៉ុណ្ណោះ គឺ​មិនដែល​ឈ្នះ​ឡើយ។ ការ​ជួប​ចុង​ក្រោយ សុផាត​ ប្រកួត​ជាមួយ​សរ រាជសីហ៍ ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​ខេត្តបាត់ដំបង តែ​ត្រូវ​ចាញ់​រាជសីហ៍​ក្នុង​ទឹក​ទី​២។

ជា​អ្នក​ប្រដាល់​ដែល​មាន​កណ្ដាប់ដៃ​ខ្លាំង ពិសេស​ដៃ​ឆ្វេង​របស់​សុផាត​តែម្តង​មួយ​ដៃៗ ឲ្យ​តែ​ចំ​គឺ​សន្លប់​តែម្តង ឯជើង​ទាត់​និង​កែង​ក៏​ខ្លាំង​ដែរ​នោះ ហើយ​បែរជា​ចាញ់​អ្នក​ប្រដាល់​ស្រករ​ក្រោយ​នោះ គឺជា​ប្រការ​មិន​គួរ​ឲ្យ​ជឿ។
ទឹម សាន្ត គេ​ទន់ជ្រាយ​ពេក ហើយ​ប្រកួត​ពុំ​សូវ​ដែល​ឈ្នះ​គេ​ទេ ដោយសារតែ​ការ​វាយ​របស់​គេ​អត់​មាន​ផ្លែ។ ចាំមើល ទឹម សាន្ត អាច​ជួប​សំណាងល្អ ឬ​សំណាងអាក្រក់​ទៀត ពេល​ជួប​ផល សុផាត​លើក​នេះ?
អ៊ុំ ចំរើន អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ នឹង​ជួប​ប្រកួត​ជាមួយ​ចៅ ផល​ឌឿ ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង។ នេះ​ជា​ការ​ជួបគ្នា​លើក​ទី​៣​ហើយ សម្រាប់​អ្នក​ប្រដាល់​ទាំងពីរ​នេះ ដែល​ការ​ជួប​២​លើក​កន្លងមក​នោះ គឺ​វាយ​ឈ្នះ​ចាញ់​គ្នា​ម្តង​ម្នាក់។

ចៅ ផល​ឌឿ ឈ្នះ​ចំរើន​នា​ឆ្នាំ​២០១៤ ក្នុងពេលដែល​ចំរើន​នៅ​មិនទាន់​ខ្លាំង​និង​ល្បីឈ្មោះ តែ​សម្រាប់​ពេល​បច្ចុប្បន្ន​ ផល​ឌឿ ទំនងជា​ពុំ​អាច​ឈ្នះ ​អ៊ុំ ចំរើន​បាន​នោះ​ឡើយ។
ចាន់ ចំរើន ក្លិប​និរោធ​មានជ័យ នឹង​ឡើង​សងសឹក ម៉ន ភី​រម្យ ក្លិប​ការិយាល័យ​ទី​៥ កង​ទ័ព​ជើង​គោក។ កាលពី​ជួបគ្នា​លើក​មុន​(២៦​មេសា​២០១៥) ចំរើន វាយ​ចាញ់​ភី​រម្យ​ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត។ ដូច្នេះ ចាំមើល​ចាន់ ចំរើន គេ​អាច​សងសឹក​ម៉ន ភី​រម្យ​បាន​វិញ​ឬ​អត់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684