ព័ត៍មានទាន់​ហេតុការណ៏
Search

បាល់ទាត់​នឹង​ចេញដំណើរ​ទៅ SEA Games​ ថ្ងៃទី​៣១​ឧសភា​

បាល់ទាត់ ៖ ព្រឹត្តិការណ៍ SEA Games ទី​២៨​ ដែល​នឹង​ធ្វើ​នៅ​ប្រទេស​សិង្ហបុរី​ពី​ថ្ងៃ​ទី​៥ ដល់​១៦​ ខែ​មិថុនា​នោះ​ កម្ពុជា​នឹង​ចាប់ផ្ដើម​ចេញដំណើរ​ទៅកាន់​កន្លែង​ប្រកួត​ជា​៣​ដំណាក់កាល។

លោក​ វ៉ា​ត់ ចំរើន ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ប្រាប់ គេហ​ទំព័រ CEN ថា​ក្រុម​កម្ពុជា​នឹង​រៀបចំ​ការចេញដំណើរ​ជា​៣​ដំណាក់កាល។

ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹង​ចេញដំណើរ​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ SEA Games ទី​២៨ ដែល​នឹង​ធ្វើ​នៅ​ប្រទេស​សិង្ហបុរី​ពី​ថ្ងៃ​ទី​៥ ដល់​១៦​ ខែ​មិថុនា​នោះ​មុនគេ គឺ​នៅ​ថ្ងៃទី​៣១​ខែ​ឧសភា។ នេះ​បើ​តាម​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ប្រាប់​ឲ្យ​ដឹង​នោះ។ លោក ​វ៉ា​ត់ ចំរើន បាន​បញ្ជាក់​ថា សម្រាប់​ប្រភេទ​កីឡាបាល់ទាត់ គឺ​ត្រូវ​ប្រកួត​មុនគេ ដូច្នេះ​ត្រូវ​តែ​ចេញទៅ​មុនគេ ព្រោះ​កម្ពុជា​ត្រូវ​ជួប​ប្រកួត​ដំបូង​ជាមួយ​ក្រុម​របស់​ហ្វីលីពីន​នា​ថ្ងៃទី​៣​ ខែ​មិថុនា ។ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ស្ថិតនៅ​ពូ​ល A ជាមួយ​សិង្ហបុរី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ឯ​ពូ​ល​B មាន​ថៃ ម៉ាឡេស៊ី វៀតណាម ឡាវ ប្រ៊ុយណេ និង​ទីម័រខាងកើត។

គួរ​បញ្ជាក់​ថា មុន​ការប្រកួត​SEA Games​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា (U.23) ដែល​ដឹកនាំ​ដោយ​លោកគ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង Lee Tae Hoon អម​ដោយ​កីឡាករ​ចំនួន​២៨​នាក់ ដែល​ជា​ឈុត​ត្រៀម​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០១៥​នេះ បាន​ត្រៀម​និង​ប្រកួត​កម្តៅ​សាច់ដុំ ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាច្រើន​ប្រកួត។

បើ​តាម​លោក ​ឆាំង ពិសិដ្ឋ អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ បញ្ជាក់​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​លោក​នោះ​ថា ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ប្រកួត​កម្តៅ​សាច់ដុំ​ជាមួយ​ក្រុម U-23 ម៉ាឡេស៊ី​ កាលពី​ថ្ងៃទី​២៩ ខែ​មេសា ហើយ​នៅ​ថ្ងៃទី​១ ខែ​ឧសភា​កន្លងមក​នេះ​ដែរ ក្រុម​ជម្រើសជាតិ​កម្ពុជា​ក៏បាន​ជួប​ប្រកួត​ជាមួយ​ក្រុម​ម៉ាឡេស៊ី​១​ប្រកួត​ទៀត​ដែរ​មុន​ត្រឡប់​មក​កម្ពុជា​វិញ។

រហូតដល់​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៥ ក្រុម U-23 កម្ពុជា ត្រូវ​ជួប​ក្រុម U-23 កូរ៉េខាងត្បូង នៅ​ទីក្រុង​ហូជីមិញ និង​ប្រកួត​ចុងក្រោយ​ត្រូវ​ជួប​ក្រុម U-23 របស់​ខេត្ត Đồng Tâm Long An នៅ​ថ្ងៃទី ១៥ ខែ​ឧសភា។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ក្នុង​ការ​ប្រកួត​SEA Games​នេះ បន្ទាប់​ពី​ជួប​ក្រុម​ហ្វីលីពីន នៅ​ថ្ងៃទី​៣ ខែ​មិថុនា​នោះ​នឹង​បន្ត​ជួប​ក្រុម​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​៦ ខែ​មិថុនា ហើយ​ប៉ះ​ម្ចាស់ផ្ទះ​សិង្ហបុរី នៅ​ថ្ងៃទី​៨ ខែ​មិថុនា និង​ប្រកួត​បញ្ចប់​ពូ​ល​ជាមួយ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០១៥៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684