ព័ត៍មានទាន់​ហេតុការណ៏
Search
kpt

តារា​សម្ដែង​ល្បីៗ​ ចូលរួម​សម្ដែង​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺគ្រុនចាញ់​នៅ​ប្រទេស​កម្ពុជា​

ភ្នំពេញ ៖ អង្គការ FHI360 បាន​និយាយ​ថា កញ្ញា មាស សុខ​សោភា, លោក ខេ​ម ក្រុម​កំប្លែង​នាយ​គ្រឿន ឌី​ជេ​ក្តឹប និង​សិល្បករ​ល្បីៗ​ជា​ច្រើន​រូប​ទៀត ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ​នឹង​ចូលរួម​សម្ដែង​នៅក្នុង​ក្រុងប៉ៃលិន នៅ​ស្ថានីយ​សាំង​ចាស់​អូរ​តា​ពុក នៅ​ថ្ងៃទី​០៨ ខែឧសភា​ខាងមុខនេះ។

ការ​ប្រគំ​តន្ត្រី​ដ៏​ពិសេស​នេះ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុ​ជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់​ក្នុងចំណោម​កម្មករ​ចំណាក​ស្រុក​នៅក្នុង​ខេត្ត​តំបន់​ភ្នំ​ភាគ​ខាងលិច ដែល​ស្ថិត​នៅ​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ។

FHI 360 ជា​អង្គការ​អភិវឌ្ឍ​មនុស្ស​មិន​រក​កម្រៃ​ផ្ដោត​លើ​ការ​លើក​កម្ពស់​ជីវិត​រស់នៅ​ដោយ​ចីរភាព ដោយ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ទំនើប​រួមបញ្ចូល​គ្នា ស្រប​តាម​ស្ថានភាព​ជាក់ស្តែង​ក្នុងស្រុក។ អង្គការ​នេះ​មាន​បុគ្គលិក​ជំនាញ​ខាង​វិស័យ​សុខាភិបាល អប់រំ អាហារូបត្ថម្ភ បរិស្ថាន ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ស៊ីវិល យេនឌ័រ យុវជន ការសិក្សា​ស្រាវជ្រាវ បច្ចេកវិទ្យា ទំនាក់ទំនង និង​ទីផ្សារ​សង្គម (Social Marketing)។ ជំនាញ​ទាំងនេះ​បង្កើត​ឱ្យ​មាន​ការ​ប្រមូល​ផ្តុំ​សមត្ថភាព ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​ក្នុង​ការ​អភិវឌ្ឍ​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ។ អង្គការ FHI 360 បាន​បម្រើការ​ក្នុង​ប្រទេស​ច្រើនជាង​៧០ និង​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​ទាំងអស់។

ការ​ចូលរួម​សហការ​ពី​សំណាក់​សិល្បករ-សិល្បការិនី​កម្ពុជា មាន​គោល​បំណង​បង្កើន​ការ​យល់​ដឹង​អំពី​ជំងឺគ្រុនចាញ់ ជំរុញ​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ ការ​ការពារ​ផ្ទាល់ខ្លួន និង​សារៈសំខាន់​នៃ​ការប្រើ​មុង​ជ្រលក់​ថ្នាំ។ ក្នុង​ព្រឹត្តិការណ៍​នេះ អ្នកចូលរួម​ទស្សនា​នឹង​អាច​ទទួល​បាន​ការ​ធ្វើ​តេស្ដ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ ដើម្បី​រក​មេរោគ​គ្រុនចាញ់ និង​ការ​ព្យាបាល​ដោយ​មិន​គិតថ្លៃ ដែល​ផ្តល់​ដោយ​អ្នកស្ម័គ្រចិត្ត​ព្យាបាល​ជំងឺគ្រុនចាញ់​ភូមិ។

លោក​វេជ្ជបណ្ឌិត សុង ង៉ា​ក នាយករង​អង្គការ FHI360 ប្រចាំ​នៅ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ប្រជាជន​ជាង​បី​លាន​នាក់​នៅក្នុង​ប្រទេស​របស់​យើង​រស់នៅ​ជិត​តំបន់​ដែល​មាន​ព្រៃ ដែល​ជា​កន្លែង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺគ្រុនចាញ់។ លោក​បាន​បន្ត​ថា យើង​ជឿជាក់​ថា ការ​ផ្ដួចផ្ដើម​នេះ​គឺជា​វិធី​ដ៏​ល្អ​ដើម្បី​បញ្ជូន​សារ​ដ៏​សំខាន់​អំពី​ការទប់ស្កាត់​ជំងឺគ្រុនចាញ់ ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ដល់​សហគមន៍​មូលដ្ឋាន ​កម្មករ​ចល័ត និង​ជួយសង្គ្រោះ​ជីវិត​មនុស្ស​រាប់​ពាន់​នាក់។

ការ​ប្រគំ​តន្ត្រី​នេះ​រៀបចំឡើង​ដោយ​អង្គការ FHI 360 សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ដោយមាន​ការ​គាំទ្រ​ពី​មូលនិធិ​សកល​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ របេង និង​គ្រុនចាញ់​ តាមរយៈ​ការិយាល័យ​អង្គការសហប្រជាជាតិ​ផ្តល់​សេវា​គម្រោង (UNOPS)។ ជំងឺគ្រុនចាញ់ បើទោះបីជា​អាច​ព្យាបាល និង​ការពារ​បាន តែ​ក៏​នៅ​មាន​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការរស់នៅ​របស់​មនុស្ស​រាប់​លាន​នាក់​ក្នុង​បណ្ដា​ប្រទេស​តំបន់​ត្រូពិក និង​តំបន់​ពាក់កណ្ដាល​ត្រូពិក​ដែរ ដែល​ក្នុង​នោះ​មាន​មនុស្ស​ជាង​២០.០០០​នាក់​បាន​ឆ្លង​ជំងឺគ្រុនចាញ់​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៤។ ពលករ​ចំណាក​ស្រុក​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​នេះ​ដោយសារ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ពួកគេ​ខ្វះខាត​ជាង​ប្រជាជន​ក្នុងស្រុក ។ ពលករ​ចំណាកស្រុក​ក៏​អាច​មាន​ប៉ារ៉ាស៊ីត​ដែល​ស៊ាំ​នឹង​ថ្នាំ​ត្រឡប់​ទៅ​ស្រុកកំណើត​របស់​ពួកគេ ដែល​ជា​កត្តា​បង្កើន​ហានិភ័យ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺគ្រុនចាញ់ ដែល​មាន​ភាពស៊ាំ​ថ្នាំ​ទៅ​កាន់​តំបន់​ផ្សេងទៀត​ក្នុង​ប្រទេស។

ចាប់តាំងពី​ឆ្នាំ​២០០៧​មក​ អង្គការ FHI 360 បាន​អនុវត្តន៍​កម្មវិធី​គ្រុនចាញ់ ក្រោម​ជំនួយ​មូល​និធិ​សកល​ជុំ​ទី​៩​នៅ​ខេត្ត​ប៉ៃលិន។ ការកាត់បន្ថយ​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​នៅក្នុង​តំបន់ គឺ​មាន​សារៈសំខាន់ ជាពិសេស​សម្រាប់​ការ​គ្រប់គ្រង​ជំងឺគ្រុនចាញ់ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​លុបបំបាត់។ អង្គការ​អភិវឌ្ឍន៍​មនុស្ស​ជាស​កល ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​កំពុងធ្វើការ ដើម្បី​បំបែក​ខ្សែ​សង្វាក់​នៃ​ការ​ឆ្លង​ជំងឺគ្រុនចាញ់​នៅ​ថ្នាក់​សហគមន៍ ដើម្បី​កាត់បន្ថយ​អត្រា​មរណៈភាព និង​អត្រា​ឈឺ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684