ព័ត៍មានទាន់​ហេតុការណ៏
Search
M07-05-15-e

បក្ខពួក​ចោរ​លួច​រថយន្ត​ពេល​យប់​ម្នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ពេល​ចូល​លួច​រថយន្ត​គេ​មិន​បាន​សម្រេច

ភ្នំពេញ ​៖ ​ជន​សង្ស័យ​ម្នាក់​បាន​ផ្លោះ​របង​ចូល​ទៅ​លួច​រថយន្ត​គេ​នៅ​ក្នុង​ឃ្លាំង​លក់​រថយន្ដ​មួយ​កន្លែង​ តែ​ដោយសារ​ភ្លាត់ស្នៀត​លួច​មិនបាន​ ក៏​ត្រូវ​​​សន្តិសុខ​យាម​កន្លែង​នោះ​ឃើញ​​​​ទាន់​​ដេញ​ចាប់​បាន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ភា្លមៗ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ​ខែ​ឧសភា ​ឆ្នាំ​២០១៥​ នៅ​ចំណុច​កន្លែង​លក់​រថយន្ដ​ក្នុងភូមិ​ថ្នល់​បំបែក​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែនជ័យ។

ជន​សង្ស័យ​មាន​ឈ្មោះ​អ៊ី រតនា​ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់នៅ​ភូមិ​ជម្ពូ​វ័​ន្ដ​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែ​ជ័យ។

តាម​ការ​បំភ្លឺ​របស់​ជន​សង្ស័យ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​មាន​បក្ខពួក​ចំនួន​៤​នាក់​ទៀត ​ជិះ​ឡាន​កាមរី​ឆ្លាម​ពណ៌​ខ្មៅ​មួយ​គ្រឿង​ បាន​ឲ្យ​ខ្លួន​ចូល​មក​លួច​រថយន្ដ​មួយ​គ្រឿង​នៅ​ក្នុង​កន្លែង​លក់​រថយន្ដ​នោះ ​ដោយ​បាន​ប្រាប់​ថា​ពេល​ចូល​ទៅដល់​លួច​យក​អា​មួយ​គ្រឿង​នោះ​មក​ ព្រោះ​មាន​សោ​ឡាន​នៅ​ទីនោះ​ស្រេច។ ពេលនោះ​ខ្លួន​ក៏​ផ្លោះ​របង​ចូល​ទៅ​រក​ឡាន​ ដែល​ពួកគេ​បាន​ប្រាប់​នោះ​មែន។​ តែ​ចៃដន្យ​បាន​ប៉ះចំ​កុងតាក់​ស៊ីញ៉ូ​ភ្លើង​មិន​ទាន់​បាន​បញ្ឆេះ​ផង​ ក៏​ត្រូវ​សន្ដិសុខ​មើល​ឃើញ​ឡាន​ស៊ីញ៉ូ​ដោយ​គ្មាន​មូលហេតុ​បែប​នេះ ​ក៏​ដើរ​ចូល​ទៅ​មើល​​​ ទើប​ខ្លួន​រត់​គេច​ទៅ​រក​ឡាន​មួយ​គ្រឿង​ទៀត។

ប្រភព​ពី​សន្តិសុខ​និយាយ​ថា ​ដោយ​ឃើញ​មនុស្ស​រត់គេច​បែបនេះ​ទើប​ដឹង​ថា​ ចោរ​ចូល​លួច​ឡាន​ ក៏​នាំគ្នា​ដេញ​ចាប់បាន​ភ្លាមៗ​នៅ​ក្នុង​ឃ្លាំង​នោះ​តែម្ដង។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ​ប្រាកដ​ជា​មាន​អ្នក​ចេញចូល​ទីនេះ​ញឹកញាប់​ហើយ​បានជា​គេ​ដឹង​ថា​ រថយន្ត​ណា​មាន​សោ​រថយន្ត​ណា​អត់​សោ​នោះ ​ម្យ៉ាងវិញទៀត​អាច​មាន​បុគ្គលិក​ធ្វើការ​ក្នុង​នោះ​ឲ្យ​ដៃ​ក៏ថា​បាន ​ព្រោះ​បើ​ចោរ​មកពី​ឆ្ងាយ​ ឬ​អ្នក​មិនដែល​ចូល​សោះ​គេ​មិនអាច​ដឹងថា​ឡាន​ណា​មាន​សោ​ ឬ​អត់​សោ​នោះទេ។

ពេលនេះ​ជនសង្ស័យ​ត្រូវបាន​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ផ្នែក​ព្រហ្មទណ្ឌ​ដើម្បី​ចាត់ការ​បន្ដ​តាមផ្លូវ​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684