ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-7-A-37-Full

ខុន​ សម្ផស្ស​កំពុង​បណ្តុះ​ពន្លក​ស្នេហ៍​ស្អិត​រមួត​ជាមួយ​តារា​ម៉ូដែល​ លោក​សូត្រ ​វិទូ

ភ្នំពេញ ៖ ប្រភព​លេចឮ​ចេញពី​ពួក​មាត់​ស៊ី​អំបិល​ប្រហុក​ បាន​ទម្លាយ​ឲ្យ​ដឹង​ថា តារា​សំដែង ​និង​ដើរ​ម៉ូដ​កញ្ញា​ខុន សម្ផស្ស​ បាន​និងកំពុង​តែ​លួច​បណ្តុះ​មនោសញ្ចេតនា​ស្នេហា​ជាមួយ​តារា​ម៉ូ​ដែល​លោក​សូត្រ វិទូ​យ៉ាង​ស្អិត​រមួត​អស់​រយៈពេល​ប្រហែល​៣​ឆ្នាំ​មក​ហើយ ​​ទើបតែ​ពេលនេះ​រឿងរ៉ាវ​ស្នេហា​របស់​អ្នក​ទាំងពីរ​ត្រូវ​បាន​បែកធ្លាយ​សម​ដូច​ពាក្យចាស់​ មួយ​ឃ្លា​ពោលថា​«​គេ​មិនអាច​យក​ក្រដាស​មក​ខ្ចប់​រងើកភ្លើង​ជិត​នោះឡើយ​»​

ដោយឡែក​មជ្ឈដ្ឋាន​អ្នក​សិល្បៈ​និយាយ​ថា មួយរយៈ​នេះ​គេ​ឧស្សាហ៍​ឃើញ​តួឯក​ក្នុង​រឿង​បេះ​ដូង​ក្រៅ​ទ្រូង​កញ្ញា​ខុន សម្ផស្ស​និង​តារា​ម៉ូ​ដែល​ប្រចាំ​ក្រុម​សាន់​ម៉ូ​ដែល ​លោក​សូត្រ វិទូ​ទៅណា​មក​ណា​ជាមួយគ្នា​ប្រៀប​បាន​នឹង​គូស្នេហ៍​ ដែល​ទើប​រៀប​ការ​ថ្មោងថ្មី ជាពិសេស​ពួកគេ​ទាំងពីរ​មាន​ភាព​ល្អូកល្អឺន​នឹង​គ្នា​គួរ​ឲ្យ​ច្រណែន​ណាស់​។ ចំពោះ​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​​ភាព​ផ្អែមល្ហែម​បេះ​មិន​ដាច់​រវាង​ពួកគេ​ទាំងពីរ​ក្នុងចំណោម​មហាជន​ ក៏ដូចជា​នៅក្នុង​កម្មវិធី​ជួបជុំ​អ្នក​សិល្បៈ​នោះដែរ​ ត្រូវបាន​គេ​និយាយ​ទៀតថា តារា​សិល្បៈ​ដែល​ជា​ដៃគូ​ដើរ​ម៉ូដ​ប្រចាំ​ស្ថានីយ ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ទាំងពីរ​ដួង​នេះ​ ពួកគេ​កំពុងតែ​បណ្តុះ​ពន្លក​មនោសញ្ចេតនា ​ស្នេហា​ក្រៅ​ឆាក​ជាមួយគ្នា​តាមរយៈ​កាយវិការ​របស់​ពួកគេ​មើលទៅ​មាន​ភាព​ល្អូកល្អឺន​ដូច​ទឹក​ក្នុង​ក្អម​អីចឹង​។

អ្នកសិល្បៈ​ដែល​មាន​មាត់រអិល​ដូច​លាប​ខ្លាញ់​បាន​​និយាយ​ខ្សឹបខ្សៀវ​គ្នា​ទៀតថា គូស្នេហ៍​សិល្បៈ​វ័យក្មេង​មួយគូ​នេះ​ពិតជា​សម​គ្នា​មែនទែន ​ទៅណា​មក​ណាមួយ​ជំហាន​មិន​បែក​គ្នា​ប្រៀបបាន​នឹង​លលក​ញី​ឈ្មោល និង​បណ្តើរគ្នា​ក្នុង​ពេលយប់​​ព្រលប់​ ឬ​នាំគ្នា​ចូល​ហាង​ទំនើបៗ​ក្នុងចំណោម​មនុស្សម្នា​ដោយ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ស្អិត​រមួត​ ដូច​ស្រមោច​ និង​ស្ករ​មិន​ខ្វល់​នឹង​ក្រសែភ្នែក​មហា​ជន​ឃើញ​ពួកគេ​ឡើយ​។​ ប្រភព​​និយាយ​ដោយ​បាន​លើកឡើង​ទៀតថា រវាង​ពួកគេ​ទាំងពីរ​បច្ចុប្បន្នកំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​ប្រាកដ​មែនហើយ ព្រោះ​អី​បើ​តាម​ដឹង​កន្លងមក​ពួកគេ​ទាំងពីរ​ក៏​ធ្លាប់​បាន​ស្ទាបស្ទង់​ចិត្ត​គ្នា​តាមរយៈ​ពាក្យពេចន៍​សាសង ​ផ្តោះផ្តង​ស្នេហា​លេង​បន្លំ​មែន​ផងដែរ​។

ឆ្លើយតប​នឹង​ការ​និយាយ​លើកឡើង​ខាងលើនេះ តារា​សំដែង​ដែលមាន​ឈ្មោះ​បោះ​សំឡេង​តាមរយៈ​រឿង​«​ដី​បំណាស់​ថ្មី​»​ដែល​បាន​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ម៉ា​យ​ធី​វី​ កញ្ញា​ខុន សម្ផស្ស​និយាយ​ថា វា​ជា​ការពិត​សម្រាប់​ពួក​យើង​ទាំងពីរ​នាក់ ​បាន​ស្វែងយល់​ចិត្ត​គ្នា​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយៗ ​សង្ឃឹមថា​ចំណង​ស្នេហ៍​នេះ​ នឹង​ឈាន​ដល់​ពេលវេលា​មួយ​ដឹក​ដៃ​គ្នា​ចូល​រោងការ​ដូច​តារា​សិល្បៈ​រៀមច្បង​មួយចំនួន​ផងដែរ។ ខុន សម្ផស្ស​បាន​និយាយប្រាប់​ក្នុងពេល​កំពុង​ថត​ខ្សែ​វីដេអូ​ភាគ​រឿង​«​បេះដូង​ក្រៅ​ទ្រូង​»​នៅ​ម្តុំ​វត្ត​កៀនស្វាយ​កាលពីដើម​សប្តាហ៍​នេះ​ទៀតថា សម្រាប់​រូប​នាង​ដូចជា​មិន​មាន​អ្វី​ដែល​ត្រូវ​លាក់​ទស្សនិកជន​នោះ​ទេ ហើយ​ចំពោះ​ពន្លក​មនោ​សញ្ចេតនា​ដែល​នាង​និង​គូស្នេហ៍​កំពុង​បណ្តុះ​នេះ​ដែរ​ គឺ​នាង​មិន​មាន​ការ​ភ័យព្រួយ​ខ្លាច​ប្រេះស្រាំ​នោះ​ទេ ពីព្រោះ​ពួក​យើង​ទាំងពីរ​បាន​ស្គាល់​ និង​យល់ចិត្ត​គ្នា​ច្បាស់​ណាស់ ហើយក៏​កំពុងតែ​គិតគូរ​លៃលក​រក​ពេលវេលា​សមស្រប​ណាមួយ​ ដើម្បី​ក្រាប​ផ្ទឹម​ជាមួយគ្នា​ផងដែរ​ ដែល​មិន​ឲ្យ​ហួស​ពី​ដើមឆ្នាំ​២០១៦​នោះ​ឡើយ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684