ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជុំ​ផ្សព្វផ្សាយ​ ស្តីពី​ការ​បោសសំអាត​មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​៧​ ខែឧសភា​ ឆ្នាំ​២០១៥​នៅ​សាល​ប្រជុំ​សាលាខេត្ត​បន្ទាយ​មានជ័យ​បាន​បើក​ប្រជុំ​ផ្សព្វផ្សាយ​ ស្តីពី​ការ​បោសសំអាត​មីន​ និង​យុទ្ធភណ្ឌ ​មិនទាន់​ផ្ទុះ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​។ ការប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​បោសសំអាត​មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នោះ​មានការ​ចូលរួម​ដោយ​លោក​សេរី ​កុសល ​ទទួលបន្ទុក​បេស​កកម្ម​​ពិសេស​ និង​ជា​អនុប្រធាន​ទី​២ ​អាជ្ញាធរ​មីន​កម្ពុជា, លោក​គោស៊ុំ សារឿត ​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក​ម៉ិញ ស្រ៊ន ​អនុប្រធាន​កងឯកភាព​កំចាត់​មីនទី​១​ខេត្ត​បន្ទាយមានជ័យ​ និង​មន្ត្រី​ពាក់​ព័ន្ធ​ជាច្រើន​នាក់​ទៀត​។

លោក​គោស៊ុំ​ សារឿ​ត ​បាន​មានប្រសាសន៍ថា ផ្ទៃដី​ដែល​ចាន​បោសសំអាត​មីន​រួច​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ មាន​ចំនួន​១.១៦៦​ចំការ​មីន​ ដែល​មាន​ផ្ទៃដី​សរុប​៥៤.​២៧៨.៩២៣​ម៉ែត្រ​ការេ ​ហើយ​ក្រោយពេល​បោសសំអាត​មីន​រួច​ ក៏បាន​ធ្វើការ​ប្រគល់​ដី​ដែល​ដោះ​មីន​រួច​ ទៅ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ​និង​គ្រួសារ​ដែល​បាន​ទទួលផល​ ដែល​ជា​ម្ចាស់​ដី​ផ្ទាល់​ដើម្បី​ឲ្យ​ពួកគាត់​អាច​យក​ដី​នោះ​ទៅ​សាងសង់​លំនៅដ្ឋាន ប្រកប​របរ​កសិកម្ម ចិញ្ចឹមសត្វ ដាំ​ដំណាំ បន្លែបង្ការ​ផ្សេងៗ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ជា​ការ​រួមចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ ​របស់​ពួកគាត់​ និង​បាន​ផ្ដល់​ឱកាស​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ដោយសារ​គ្រាប់​មីន​ និង​​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​ឲ្យ​ធ្លាក់​មក​នៅ​កំរិត​សូន្យ​តាម​ផែនការ​ឆ្នាំ​២០១០​ ដល់​ឆ្នាំ២០១៩​។

លោក​ម៉ិញ ស្រ៊ន​ បាន​និយាយ​ថា ក្នុង​ខេត្តបន្ទាយមានជ័យ​បើ​តាម​ទិន្នន័យ​ជនរងគ្រោះ​របស់​អង្គភាព​CMVIS​ ក្នុង​ខេត្តបន្ទាយមានជ័យ​បាន​បង្ហាញ​ឲ្យ​ឃើញថា ក្នុង​ឆ្នាំ​២០១៤​មាន​គ្រោះថ្នាក់​ដោយ​មីន​មាន​១៣​ករណី​ ស្លាប់​មនុស្ស​១​នាក់​ របួសធ្ងន់​ស្រាល​២០​នាក់​ បើ​គិត​រយៈពេល​៥​ឆ្នាំ គឺ​​២០១០​ដល់​ឆ្នាំ​២០១៤​ មាន​៦៥​ករណី​ស្លាប់​១៦​នាក់ ​និង​របួស​ធ្ងន់​ស្រាល​ ​ពិការ​៨៤​នាក់​ សំរាប់​ឆ្នាំ​២០១៥​មាន​២​ករណី​របួស​២​នាក់​។

លោក​សេរី កុសល​បាន​និយាយ​ថា បញ្ហា​ជាតិ​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម​នៅតែ​ជា​បញ្ហា​ប្រឈម​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ បណ្តាល​ឲ្យ​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ ដោយ​សារ​​មីន​ជា​បន្តបន្ទាប់​ដោយសារ​ប្រជាពលរដ្ឋ​ទាំងនោះ​ប្រថុយប្រថាន​រុករាន​ដី​ថ្មី​ ដែល​ស៊ីម៉ាក​មិនទាន់​បោសសំអាត​និង​ការរុករក​អនុផល​ព្រៃឈើ​នៅក្នុង​តំបន់​សង្ស័យ​ថា មាន​មីន​ជាដើម​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684