ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​ល្បាត​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​មួយ​កញ្ចប់​ធំ​

ភ្នំពេញ ​៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​អន្តរាគមន៍​របស់​អធិការដ្ឋាន​ខណ្ឌទួលគោក​ធ្វើការ​ឃាត់ខ្លួន ក្នុង​ខណៈ​ពេល​ដែល​បុរស​ម្នាក់​នេះ​ជិះ​ម៉ូតូ​គ្មាន​ស្លាក​លេខ ដោយសមត្ថកិច្ច​​សង្ស័យ​​ក៏បាន​ធ្វើការ​ឃាត់​ខ្លួន ទើប​ឃើញ​បែកធ្លាយ​មាន​ថ្នាំញៀន​មួយ​កញ្ចប់​ធំ​នៅ​ជាប់​ខ្លួន​តែម្តង។​

ប៉ូលិស​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ​​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ​ថ្ងៃទី​០៦ ​ខែឧសភា ​ឆ្នាំ​២០១៥ នៅ​មុខ​សាលាបឋមសិក្សា​ទួលគោក ផ្លូវ​២៨៩ ​ក្រុម៤១ ​ភូមិ​១១ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក។

ជនសង្ស័យ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ មៀត សា​ម៉េ​ត​ ហៅ​ម៉េ​ត​ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់នៅ​ផ្ទះ​ជួល​ ​បន្ទប់​លេខ​២ ​ផ្លូវលំ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ។​

មន្ត្រី​នគរបាល​អន្តរាគមន៍​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​នគរបាល​ខណ្ឌ​បាន​ជិះ​ម៉ូតូ​ល្បាត​ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន លុះ​ជិះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​ប្រទះឃើញ​បុរស​ម្នាក់​នេះ​កំពុងតែ​ជិះ​ម៉ូតូ​ម៉ាក់​MSX ​ពណ៌​ខ្មៅ​ស៊េរី​2015 ​គ្មាន​ស្លាក​​លេខ ដោយ​បាន​បើកបរ​យ៉ាង​លឿន​តាមផ្លូវ​២៨៩។ ដោយសមត្ថកិច្ច​​មានការ​សង្ស័យ កម្លាំង​អន្តរាគមន៍​ក៏បើក​ម៉ូតូ​ដេញ​តាម​ពីក្រោយ រហូតដល់​ឃាត់ខ្លួន​ធ្វើការ​ឆែកឆេរ​ ស្រាប់តែ​ឃើញ​មាន​ថ្នាំញៀន​ប្រភេទ​ម៉ាក​ទឹកកក​មួយ​កញ្ចប់​ធំ​នៅ​ជាប់​ម៉ូតូ​ ទើបនាំ​​ខ្លួន​ទាំង​មនុស្ស​ និង​ម៉ូតូ​បញ្ចូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាលខណ្ឌ​​ទួលគោក ដើម្បី​ធ្វើការ​សាកសួរ​តែម្តង។​

បច្ចុប្បន្ន ជនសង្ស័យ ​រួម​ទាំង​ថ្នាំញៀន​ និង​ម៉ូតូ ត្រូវ​បាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ទុក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​ទៅតាម​នីតិ​វិធី​នៃ​ច្បាប់៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684