ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ មកពី​ក្រុង​សៀមរាប​ និង​ស្រុក​ប្រាសាទ​បាគង​ចំនួន ១១៩​គ្រួសារ​បាន​ទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​

សៀមរាប ៖ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ កាលពី​រសៀល​ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ​២០១៥ ចំនួន ៦៩​គ្រួសារ នៅ​សង្កាត់​ស្វាយដង្គំ និង​សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្តសៀមរាប ​បាន​ទទួល​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន ​ប្រធាន​កាកបាទក្រហមកម្ពុជា​ ហើយ​ត្រូវ​បាន​លោក​ឃឹម ​ប៊ុន​សុង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង ជា​អភិ​បាល​នៃ​គណៈ​អភិបាលខេត្ត និងភរិយា នាំ​យកទៅ​ចែក​ជូន​កាល​ពី​ព្រឹក​ថ្ងៃទី ០៧ ខែ​ឧសភា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​វាល សង្កាត់​សំបួរ ក្រុង​សៀមរាប។

តាម​សេចក្តីរាយការណ៍​របស់​លោក ទេព ប៊ុន​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ក្រុង​សៀម​រាប​បាន​ឲ្យ​ដឹង​ថា ចាប់​ថ្ងៃទី​២២​ មេសា ​មកដល់​ថ្ងៃទី​០៥​ ឧសភា​នេះ ​ប្រជាពល​រដ្ឋ​ចំនួន​៤​សង្កាត់​របស់​ក្រុង​សៀមរាប​ទទួលរង​គ្រោះ​ដោយ​គ្រោះធម្មជាតិ​ចំនួន​៣​លើកមក​​ហើយ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​មានចំនួន​​១២០​គ្រួសារ រលំ​ផ្ទះ ៣០​ខ្នង ទ្រេត ៥​ខ្នង ប៉ើង​ដំបូល ៨៤​ខ្នង​។ ក្នុង​គ្រោះធម្មជាតិ កាលពី​ថ្ងៃទី​០៥ ឧសភា ឆ្នាំ​២០១៥​កន្លង​មកនេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្វាយដង្គំ និង សង្កាត់​សំបួរ ស្មើ​៥​ភូមិ ទទួលរង​គ្រោះ ដោយ​រលំ​ផ្ទះ ២៤​ខ្នង របើក​ដំបូល ៤៥​ខ្នង។

មានប្រសាសន៍​សំណេះសំណាល​នោះដែរ​លោក​ឃឹម ​ប៊ុន​សុង​ក៏បាន​សម្ដែង​នូវ​ការ​សោក​ស្តាយ​ជា​ពន់ពេក ចំពោះ​បងប្អូន​ដែល​បាន​រងគ្រោះ​នូវ​ឧបទ្ទវហេតុ ​ដោយ​ខ្យល់​កន្ទ្រាក់​ដែល​បណ្ដាល​ឲ្យ​រលំ​ផ្ទះ​បងប្អូន​។ ក្នុង​នោះដែរ​ក្នុងនាម​កាកបាទក្រហម​កម្ពុជា ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​​កាកបាទក្រហមកម្ពុជា​ ក៏​មិនបាន​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រង​ការ​លំបាក ក្នុង​គ្រោះមហន្តរាយ​ណាមួយ​ដែល​បាន​កើតឡើង​ ក្នុង​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ឯកោ​ឡើយ​ដូច​ពាក្យស្លោក​ថា ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហម​ជានិច្ច។ ម្យ៉ាងទៀត​ក៏​មិនបាន​ទុក​ឲ្យ​​បងប្អូន​ណា​ម្នាក់​ស្លាប់​ដោយ​អត់​អាហារ​ឡើយ។ « លោក​ឃឹម ប៊ុន​សុង ក៏បាន​លើក​ឡើង​ផង​ដែរ​ថា អំណោយ​ដែល​បាន​យកមក​ប្រគល់ជូន​បង​ប្អូន​នា​ពេលនេះ គឺ​ទទួល​​​បាន​មកពី​ការ​ប្រមូលផ្តុំ​នូវ​កម្លាំង​មនុស្សធម៌​របស់​សប្បុរសជន ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ និង ងាយ​រងគ្រោះ​ហើយ​អំណោយ​ទាំងនេះ​ទោះបី​វា​មិន​ស្មើ​ទៅ​នឹង​ការខូចខាត បាត់បង់​ទ្រព្យសម្បត្តិ​បស់​បង​ប្អូន​ក៏​ពិត មែន តែ​បាន​ជួយ​សម្រាល​ក្នុងការ​ដោះស្រាយ​ជីវភាព​របស់​បងប្អូន​បាន​មួយរយៈ​ផងដែរ។ ក្នុង​សកម្មភាព​មនុស្សធម៌ នេះ គឺ​សម្រាប់​ជួយ​ដល់​ជនរង​គ្រោះ ដោយ​មិនបាន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុ​ល និន្នាការ​នយោបាយ​ណាមួយ ឡើយ។

ក្នុង​នោះដែរ​ឯកឧត្តម​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ ដល់​បងប្អូន​រងគ្រោះ ក៏​ដូច​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​នូវ​ការ ប្រុងប្រយ័ត្ន​ខ្ពស់ អំពី​ការ​បម្រែបម្រួល​អាកាសធាតុ​នាពេល​បច្ចុប្បន្ន សំខាន់​ចំពោះ​កុមារ​តូចៗ កុំ​ឲ្យ​រត់​លេង​នៅពេល មេឃ​កំពុង​ធ្លាក់​ភ្លៀង​បណ្តាល​ឲ្យ​មាន​ជម្ងឺ​ផ្សេងៗ​កើតឡើង​ពិសេស​កុំ​ប្រើប្រាស់​នូវ​គ្រឿង​អេឡិចត្រូនិក នៅពេល​មេឃ​ភ្លៀង​ ដែល​បណ្តាល​ឲ្យ​ឆ្លង​នូវ​ចរន្ត​នៅ​ពេល​ដែល​មាន​ផ្គរ​រន្ទះ​ជាដើម​។ ម្យ៉ាងទៀត​ក្រោយពេល​ទទួល​បាន​អំណោយ​ទាំង​នេះហើយ​បងប្អូន​ត្រូវ​បង្កើន​ការ​ដាំដុះ​ដំណាំ​រួមផ្សំ ក្នុង​ការ​បង្កើន​ជីវភាព​ប្រចាំថ្ងៃ​ក្នុង​ក្រុម​គ្រួសារ​ពីព្រោះ​ពេលនេះ​រដូវ​វស្សា​បាន​មក​ដល់​ហើយ យើង​ត្រូវ​បង្កបង្កើនផល​ឲ្យ​បាន​ទាន់​រដូវ​ផងដែរ។ អំណោយ​ដែល​ចែកជូន​បងប្អូន​រងគ្រោះ​ទាំង​៦៩​គ្រួសារ ដោយ​អ្នក​រលំ​ផ្ទះ​ទាំង​២៦​គ្រួសារ​ក្នុង​មួយ​គ្រួសារ ទទួលបាន​គ្រឿង​ឧបភោគ​បរិភោគ សម្ភារៈប្រើប្រាស់ ១២​មុខ និង ថវិកា​១០​ម៉ឺន​រៀល ចំពោះ​គ្រួ​សារបើ​ង​ដំបូលផ្ទះ ទាំង​៤៥​គ្រួសារ មួយ​គ្រួសារ​ទទួល​បាន​គ្រឿង​ឧបភោគ​បរិភោគ​សម្ភារៈ​ប្រើប្រាស់ ១១​មុខ និង ថវិកា ៤​ម៉ឺន​រៀល។

ហើយ​នៅក្នុង​នោះដែរ​លោក​ឃឹម ប៊ុន​សុង​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្ត​បាន​បន្ត​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ ដែល​រលំ​ផ្ទះ​ដោយសារ​ខ្យល់កន្ទ្រាក់​កាលពី​ថ្ងៃទី​០២ខែ​ឧសភា ​ឆ្នាំ​២០១៥​កន្លងទៅ​នៅក្នុង​ស្រុក​ប្រាសាទបាគង​ចំនួន​៥០​គ្រួសារ​ផង​ដែរ​។ ចំពោះ​គ្រួសារ​ប៉ើង​ដំបូលផ្ទះ ទាំង​៥០​គ្រួសារ មួយ​គ្រួសារ​ទទួល​បាន​គ្រឿង​ឧបភោគ​បរិភោគ​សម្ភារៈ​ប្រើប្រាស់ ១១​មុខ និង ថវិកា ៤​ម៉ឺន​រៀល៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684