ព័ត៍មានទាន់​ហេតុការណ៏
Search

សង្វៀន​ជល់​មាន់​របស់ ​តា ឆ​ង នៅ​ស្រុក​សាមគ្គី​មានជ័យ​បើក​លេង​រាល់ថ្ងៃ អាជ្ញាធរ​មិន​ព្រម​បង្ក្រាប​

កំពង់ឆ្នាំង ៖ បើ​ទោះ​ច្បាប់​ហាម​មិន​ឲ្យ​បើក​លេង​ល្បែងស៊ីសង​យ៉ាងណាក៏ដោយ ក៏​នៅ​តែ​មាន​ក្រុម​អ្នក​ញៀន​ល្បែង​បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​លួច​បើក​លេងល្បែង​រាល់ថ្ងៃ​ដដែល។ ជាក់ស្តែង នៅ​លើ​ទួល​វាលស្រែ​ភូមិ​ត្បែងខ្ពស់ ឃុំ​ត្បែង ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង មាន​បើក​លេងល្បែង​បញ្ជល់មាន់​ជា​រៀងរាល់ថ្ងៃ​មិនដែល​ខាន​នោះ​ទេ អ្នក​ដែល​ហ៊ាន​បើក​សង្វៀន​នោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ តា ឆ​ង ជា​មន្ត្រី​យោធា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅ​តំបន់​នោះ។

តាម​ប្រភព​ព័ត៌មាន​អំពី​អ្នក​ដែល​ធ្លាប់​ទៅ​ចូល​លេង​នៅ​ទី​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា តាម ឆ​ង ជា​មនុស្ស​ពូកែ​ចេះ​ទំនាក់ទំនង​សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​មូលដ្ឋាន​លួច​បើក​លេង​ល្បែង​ជល់​មាន់​បង្កើត​ជា​សង្វៀន​ធំៗ​ចល័ត​នៅ​ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំង ដែល​នៅ​ជាប់​ព្រំ​ប្រទល់​គ្នា ពិសេស ​បច្ចុប្បន្ន​បើក​នៅ​ចំណុច​ខាង​លើ​នេះ បើក​លេង​ចាប់ពី​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង​៥​ល្ងាច យ៉ាងហោចណាស់​ក្នុង​មួយថ្ងៃ​ក៏​មាន​ជល់​ចាប់ពី​២៥​គូ ទៅ​៣៥​គូ​ដែរ ហើយ​ក្នុង​មួយគូ​តា​ ឆ​ង តម្រូវ​ឲ្យ​បង់លុយ​ដាក់​ខែ ចាប់ពី​២០០​ដុល្លារ រហូត​ទៅដល់​៣​ពាន់​ដុល្លារ​ឯណោះ ក្នុង​មួយថ្ងៃ មាន​អ្នក​ចាញ់ និង​អ្នកឈ្នះ​រាប់ពាន់​ដុល្លារ ថ្ងៃ​ខ្លះ​មានការ​ឈ្លោះ​ទាស់ទែង​វាយតប់​រត់​ប្រសេចប្រសាច​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​អាវុធ​ទៀត​ផង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរ​នោះ​មានការ​ភ័យខ្លាច​រាល់ថ្ងៃ។ ចំពោះ​អាជ្ញាធរ​វិញ ធ្វើ​ហាក់ដូចជា​មិនដឹងមិនឮ​អ្វី​សោះ។

ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា តាំងពី​មាន​បើក​សង្វៀន​ជល​មាន់​នេះ កាល​ណា​មក នៅ​ក្នុង​ភូមិ​ស្រុក​របស់​គាត់​តែងតែ​កើតមាន​នូវ​បទល្មើស​ចោរលួច ចោរប្លន់ ប្រដាប់​អាវុធ​ជា​ញឹកញាប់ ហើយ​សមត្ថកិច្ច​មិនដែល​ឃើញ​ធ្វើការ​បង្ក្រាប​បាន​ម្តង​ណា​ឡើយ ពួកគាត់​រស់នៅ​ទាំង​មាន​ក្តី​ព្រួយបារម្ភ​ភ័យខ្លាច​។ ​ដូច្នេះ​ប្រជាពលរដ្ឋ​នាំគ្នា​ស្នើ​សុំ​ទៅដល់​សមត្ថកិច្ច​ថ្នាក់លើ ពិសេស​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មីៗ​នេះ មេត្តា​មាន​វិធានការ​ទប់​ស្កាត់​បិត​នូវ​ល្បែង​របស់​ តា ឆេង នេះ​ផង ដើម្បី​រក្សា​គោលនយោបាយ​ភូមិ/​ឃុំ​មាន​សុវត្ថិភាព និង​ភាព​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684