ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2015-05-07-full-S

ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​១០% កើត​ជំងឺហឺត

ភ្នំពេញ ៖ ក្រុម​គ្រូពេទ្យ​ជំនាញ​ឯកទេស​ខាង​ផ្លូវ​ដកដង្ហើម​(​ជំងឺ​សួត​)​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​នៅ​លើ​ពិភពលោក​មាន​មនុស្ស​ប្រមាណ​៣០០​លាន​នាក់​រង​ផល​ប៉ះពាល់​ពី​ជំងឺហឺត។ ដោយឡែក​នៅ​កម្ពុ​ជា​មាន​មនុស្ស​ប្រមាណ​១០%​នៃ​ប្រជាជន​សរុប​នៅ​ទូទាំង​ប្រទេស​កើតមាន​ជំងឺហឺត។

លោក​សាស្ត្រាចារ្យ គឹម អាង គ្រូពេទ្យ​ជំនាញ​ឯកទេស​ខាង​ផ្លូវ​ដកដង្ហើម​(​ជំងឺ​សួត​)​នៅ​កម្ពុជា​បាន​លើក​ឡើង​បែបនេះ​កាលពី​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៥ ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំឆ្នាំ​នៅ​សណ្ឋាគារ អ៊ី​ន​ធ័​រ​កុងទីណង់តាល់ រាជធានី​ភ្នំពេញ ក្រោម​ប្រធានបទ​«​ការ​យក​ឈ្នះ​ដើម្បី​ប្រឆាំង​នឹង​ជំងឺហឺត​របស់​អ្នក​»​ ដែល​សន្និសីទ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​អបអរសាទរ​ទិវា​ពិភព​លោក​ប្រឆាំង​នឹង​ជំងឺហឺត​នេះ​ផង និង​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ដល់​សាធារណៈ​ជន​ទូទៅ​ឱ្យ​យល់​កាន់តែ​ច្បាស់​អំពី​ជំងឺហឺត​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក​សាស្ត្រា​បាន​មានប្រសាសន៍​ថា​ ជំងឺហឺត ​គឺជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ដែល​មិន​មាន​ការ​ព្យាបាល​ឱ្យ​ជាសះស្បើយ​ទាំងស្រុង​នោះ​ទេ ទោះបី​អ្នកមាន​សុខ​ភាពល្អ​ធម្មតា​ក៏ដោយ អ្នក​នៅតែ​អាច​មាន​ជំងឺ​នេះ​ជាប់​ក្នុង​ខ្លួន​ដែរ។ ជំងឺហឺត​នេះ​ជា​បន្ទុក​មួយ​ទាំង​នៅ​ប្រទេស​ក្រីក្រ និង​ប្រទេស​អភិវឌ្ឍន៍​រីក​ចម្រើន​មាន​កើត​ជំងឺហឺត​នេះ​ជាច្រើន។ នៅ​ប្រទេស​កម្ពុជា​យើង​ដោយ​ប្រជា​ល​រដ្ឋ​មិនសូវ​ខ្វាយខ្វល់​មិនសូវ​នឹកឃើញ​ពី​ជំងឺហឺត​ប៉ុន្មាន ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​អត្រា​ស្លាប់​របស់​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ​នាំ មុខ​គេ បណ្ដាលមកពី​ជំងឺ​ផ្លូវដង្ហើម។​

ចំពោះ​រោគសញ្ញា​វិញ​លោក​សាស្ត្រាចារ្យ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ជំងឺហឺត​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​សម្ងំ​នៅក្នុង​ខ្លួន បើ​និយាយ​ឱ្យ​សាមញ្ញ​នោះ អ្នក​កើត​ជំងឺហឺត​ច្រើន​ហត់​ដូច​ថប់ដង្ហើម ណែន​ទ្រូង ក្អក​ច្រើន ហៀរ​សំបោរ។ ហត់​នៅ​ពេល​ដែល​ដង្ហើមចេញ​តឹង នេះ​បណ្ដាលមកពី​រលាក​ផ្លូវដង្ហើម។ រោគសញ្ញា​ជំងឺហឺត ក្អក​ឈាម ក្អក​ហត់​ខ្លាំង ក្អក​នៅពេល​យប់​ទៀបភ្លឺ​ក្អក​ជាង​ធម្មតា ជួន​កាល​ក្អក​ឮសូរ​ដង្ហើម​ខឹកៗ​ពិបាក​នឹង​ដកចេញ ជួនកាល​បាត់​ទៅ​វិញ ជួនកាល​រោគសញ្ញា​នេះ​ក្នុង​មួយ​ខែ​កើតមាន​ពី​២​ទៅ​៣​ដង​ក៏​មាន។

លោក​ថា​ជា​ការ​កត់សម្គាល់​ជាទូទៅ​បើ​រោគសញ្ញា​នេះ​កើតមាន​ពី​៣​ដង​ក្នុង​មួយ​ខែ​នោះ ខ្លួន​យើង​ត្រូវ​ចាប់អារម្មណ៍​ថា ច្បាស់​ជា​មាន​រោគ​ហឺត​កើតឡើង​ហើយ ត្រូវ​ទៅ​រក​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ជំនាញ។ បើសិន​ជា​មាន​សញ្ញា​ក្អក​រ៉ាំរ៉ៃ បាន​ន័យ​ថា ទងសួត​ក៏​ខូច សួត​ក៏​ខូច អ្នកជំងឺ​ហត់​រហូត បើ​ជួយ​មិនទាន់​អាច​ស្លាប់​ក៏​មាន។​

លោក​សាស្ត្រាចារ្យ​បញ្ជាក់​ថា កត្តា​គ្រោះថ្នាក់​ចំបង​ជាងគេ គឺ​បណ្ដាលមកពី​ពពួកសត្វ​ល្អិត​ដែល​យើង​មើល​មិន​ឃើញ​នឹង​ភ្នែក​ទទេ គប្បី​យើង​ត្រូវ​រស់នៅ​ស្អាត គេហដ្ឋាន បន្ទប់​គេង គ្រែ​ដេក ជា​មូលហេតុ​ទីមួយ​នាំ​ឱ្យ​មាន​អាល្លែកហ្ស៊ី​ផ្លូវដង្ហើម សួត ច្រមុះ ដែល​ត្រូវ​សំអាត​ជា​រៀងរាល់ថ្ងៃ​កុំឱ្យ​មាន​ធូលី​ដី​ហុយ​កុំឱ្យ​មាន​ភាព​សំណើម។ នៅក្នុង​ផ្ទះ​បើ​អាច​ជៀសវាង​បាន គួរ​កុំ​ចិញ្ចឹមសត្វ​ឆ្កែ ឆ្មា ក្នុងផ្ទះ បើសិនជា​ចិញ្ចឹម​សូម​ចិញ្ចឹម​ដាក់​បន្ទប់​ដោយឡែក។ ក្រៅ​ពី​នេះ​មាន​កត្តា​ផ្សេងៗ​ទៀត ដែល​ជា​មូលហេតុ​នាំ​ឱ្យ​កើត​ជំងឺហឺត ដូចជា​បណ្ដាលមកពី​ការ​ជក់បារី ការ​ស្រូប​ផ្សែង​បារី​ពី​គេ ដែល​ជះ​ឥទ្ធិពល​អាក្រក់​យ៉ាង​ខ្លាំង​ដល់​ជំងឺ​សួត​របស់​កុមារ ដែល​ជា​កត្តា​ជំរុញ​ជំងឺហឺត​ដែល​ប្រុង​នឹង​កើតមាន​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត។

ចំពោះ​ការ​ព្យាបាល​វិញ ​លោក​សាស្ត្រាចារ្យ​បាន​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​២​ប្រភេទ​ដែល​ត្រូវការ​ប្រើ​ជា​ចាំបាច់​មាន​ដូចជា ថ្នាំ​ដែល​ផ្តល់​ប្រសិទ្ធភាព​ឆាប់រហ័ស ជា​ថ្នាំ​បញ្ឈប់​រោគសញ្ញា​នៃ​ជំងឺហឺត និង​ថ្នាំ​សម្រាប់​គ្រប់គ្រង​ជំងឺ ជា​ថ្នាំ​ដែល​ត្រូវ​ប្រើ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ការពារ និង​ជៀសវាង​ការ​រើ​ឡើងវិញ​នៃ​ជំងឺហឺត ពិសេស​ថ្នាំ​បើកផ្លូវ​ដង្ហើម និង​ថ្នាំ​កាត់បន្ថយ​ការ​ហើម​ទងសួត​កុំឱ្យ​ត្បៀត​ផ្លូវដង្ហើម​ពិបាក​ដក ដង្ហើម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684