ស្ទឹងត្រែង ៖ គណៈកម្មការថ្នាក់ខេត្តរៀបចំចាប់ឆ្នោត និងរំលឹកឲ្យក្រុមហ៊ុនដោះស្រាយផលប៉ះពាល់ រឿងវារីអគ្គិសនីពង្រឹងទៅលើការស្ថាបនាផ្លូវ និងរចនាសម្ព័ន្ធផ្សេងៗទៀត ក្នុងការសាងសង់ភូមិថ្មី ឲ្យមានគុណភាពធានាដល់ការប្រើប្រាស់ជូនប្រជាពលរដ្ឋ នៅពេលដែលពិនិត្យឃើញថាដីភូមិឈូសឆាយមិនបានល្អ ផ្លូវគ្មានគុណភាព។
ក្នុងពិធីចាប់ឆ្នោតយកដីឡូត៍សំរាប់សង់លំនៅដ្ឋានថ្មី របស់ប្រជាពលរដ្ឋចំនួន៧០គ្រួសារ នៅភូមិស្រែស្រណុក និងភូមិច្រប់ ក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៦ ឧសភា ឆ្នាំ២០១៥នេះ លោក ដួង ពៅ អភិបាលរងខេត្តមានប្រសាសន៍ថា ភូមិថ្មីនេះក្រុមហ៊ុនត្រូវរៀបចំឲ្យបានល្អជាងភូមិចាស់ ពីព្រោះភូមិសាស្ត្រ និងទីតាំងនេះនៅជាប់ផ្លូវជាតិលេខ៧៨ ស្ទឹងត្រែង-រតនៈគីរី ដូចនេះត្រូវរៀបចំមូលដ្ឋានឲ្យមានលក្ខណៈស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវគិតដល់ថ្ងៃអនាគត។
លោកអភិបាលរងខេត្តមានប្រសាសន៍ ជំរុញឲ្យក្រុមហ៊ុនពិនិត្យគ្រប់សកម្មភាពលើការស្ថាបនាហេដ្ឋារចនសម្ព័ន្ធក្នុងភូមិ ដើម្បីធានាដល់ការប្រើប្រាស់ បានយូរអង្វែងក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ហើយក៏សូមឲ្យក្រុមហ៊ុនជួយឈូសផ្លូវឲ្យបានស្អាត ឲ្យមានគុណភាព សំរាប់ឲ្យគាត់ប្រើប្រាស់ ព្រោះទីនេះជាដីភូមិហើយកាលណាអត់ស្អាត។
លោក កៅ វ៉ាងអ៊ីវ តំណាងក្រុមហ៊ុនដោះស្រាយផលប៉ះពាល់ បានអះអាងថា រាល់អ្វីៗដែលប្រជាពលរដ្ឋស្នើសុំក្រុមហ៊ុនមិនជំទាស់ទេ ទោះការដោះស្រាយនេះវាប្រាសចាកទៅនឹងសៀវភៅគោលនយោបាយខ្លះៗរបស់រាជរដ្ឋាភិបាលយ៉ាងក៏ដោយ ក្រុមហ៊ុននៅតែសំរេចទទួលយក ដើម្បីឲ្យជីវភាពរស់នៅរបស់ពួកគាត់បានប្រសើរ។ បើតាមជំរើសដែលប្រជាជនអ្នកភូមិចង់បាន យើងធ្វើយ៉ាងម៉េចឲ្យប្រជាជនគាត់មានឈើមានកំលាំងជាងខ្លួនឯង គាត់អាចសល់ថវិកាខ្លះសំរាប់ដោះស្រាយជីវភាពគ្រួសារគាត់។ នេះជាជំរើសដែលប្រជាជនស្នើឲ្យក្រុមហ៊ុនស្នើទៅខេត្តស្នើទៅអន្តរក្រសួង ហើយក៏បានឯកភាពគ្នាផងដែរ។
សូមបញ្ជាក់ថា ការងារដោះស្រាយសំណង ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការសាងសង់វារីអគ្គិសនីសេសានក្រោម២នេះ ក្រុមហ៊ុនកំពុងអនុវត្តដំណាក់កាលសាងសង់ផ្ទះមានគ្រួសារខ្លះយកផ្ទះឈើ ខ្លះទៀតយកផ្ទះថ្មទៅតាមសេចក្តីត្រូវការ និងទៅតាមទំនៀមទម្លាប់ដែលជាប្រពៃណីរបស់បងប្អូន ជនជាតិដើមភាគតិច ដោយសារពួកគាត់បានធ្វើការពិភាក្សារកឃើញដំណោះស្រាយដោយខ្លួនឯង៕