ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2015-05-07-full-T

ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​២​ករណី​ផ្សេងគ្នា​ ពី​បទ​ជួញដូរ ​និង​សេព​គ្រឿងញៀន​ ស្ថិត​នៅ​ច្រក​អានសេះ​

​ព្រះវិហារ ៖ តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ​សមត្ថកិច្ច​នគរបាល​ជំនាញ​សហការ​ជាមួយ​អង្គភាព​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​៧៩៣ ​បាន​ឃាត់ខ្លួន​បុរស​២​នាក់​ជា​ជនសង្ស័យ​ក្នុងករណី​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​២​ករណី​ផ្សេងគ្នា​ក្នុង​ថ្ងៃ​តែមួយ ​កាលពី​ព្រឹក​ថ្ងៃទី​០៦​ ខែ​ឧសភា​ ឆ្នាំ​២០១៥​ ស្ថិតនៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ ​ក្នុងភូមិ​អានសេះ​ ឃុំ​ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហារ។

ភ្នាក់ងារ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា ​បុរស​ជា​ជនសង្ស័យ​ទាំង​២​នាក់​ដែល​ក្រុម​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ រួម​ទាំង​វត្ថុតាង​ថ្នាំញៀន​នា​ពេល​នោះ​ទី​១​-ជាប់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ និង​ទី​២-​ប្រើ​ប្រាស់​សេព​គ្រឿងញៀន។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​សព្វថ្ងៃ​នេះ​នៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​សម្រាប់​ជន​សង្គម​ងងឹត​យក​ធ្វើជា​ទីផ្សារ​លក់​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់។​

ភ្នាក់ងារ​បាន​និយាយ​ថា ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​នគរបាល​ជំនាញ​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ ​យ៉ុង ​ចាន់​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ ​ចុះ​បង្ក្រាប​នៅ​ចំណុច​ស្ពាន​ពីរ​ភូមិ​អានសេះ​ ឃុំ​ស្រុក​ជាំ​ក្សាន្ត​ ដកហូត​វត្ថុតាង​រួមមាន ​ម្សៅ​ក្រាម​ពណ៌​.ស​ចំនួន​២​កញ្ចប់​ និង​ថ្នាំញៀន​ប្រភេទ​គ្រាប់​WY​ចំនួន​៧​គ្រាប់។ ទី​២​-ឈ្មោះ ​សេង​ ទួន​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​ជាប់ចោទ​ពី​បទ​សេព​គ្រឿងញៀន​តាមរយៈ​ធ្វើតេស្ត​ទឹកនោម​ ដោយ​ដកហូត​វត្ថុតាង​ទូរស័ព្ទ​ដៃ​១​គ្រឿង។​

លោក​ ខាត់ ​ហ៊ុន​ ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​០៧ ខែ​ឧសភា​ថា ​ជនសង្ស័យ​ទាំង​២​នាក់​សមត្ថកិច្ច​កំពុង​ស៊ើបសួរ​បន្ថែម​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​វិនិច្ឆ័យ​ទោស​ទៅតាម​ផ្លូវច្បាប់។

លោក​និយាយ​ថា ​ក្នុង​ឆ្នាំ​២០១៥​នេះ​នៅ​ខេត្តព្រះវិហារ​មាន​ករណី​ជួញដូរ ​និង​សេព​គ្រឿង​ញៀន​កើន​ទ្បើង​ ហើយ​សមត្ថកិច្ច​នគរបាល​ជំនាញ​ខិតខំ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់។​

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ​គ្រឿងញៀន​ខុសច្បាប់​ទាំងនោះ​សង្ស័យ​មាន​ការ​ហូរចូល​រាល់ថ្ងៃ​ពី​ព្រំដែន​ឡាវ​ជាប់​កំពង់​ស្រ​ទ្បៅ ​ស្រុក​ឆែប​ និង​ច្រករបៀង​សំខាន់ៗ​ផ្សេង​ទៀតហើយ​សង្ស័យ​ថែម​ទៀត​ថា​គ្រឿងញៀន​ទាំងនោះ​បាន​ហូរ​ចេញ​តាមរយៈ​ក្រុម​ឈ្មួញ​ទុច្ចរិត​ឃុបឃិត​គ្នា​ជា​ខ្សែ​បណ្ដាញសម្ងាត់​ធ្វើការ​ចែកចាយ​ទៅ​គ្រប់​ខេត្ត​រាជធានី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។​

ប្រជាពលរដ្ឋ​បាន​សន្និដ្ឋាន​ថា ​នៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​មាន​បទល្មើស​ជួញដូរ​ធំៗ​ចំនួន​២​គឺ​ទី​១-​ប្រមូល​ទិញ​លក់​ឈើ​ប្រណីត​ប្រភេទ​ គ្រញូង ​បេង​ ធ្នង់​ នាងនួន​ និង​ទី​២​-លក់​ចែក​ចាយ​គ្រឿងញៀន​ ហើយ​គ្រឿងញៀន​វា​ជាប់​ពាក់ព័ន្ធ​គ្នា​យ៉ាង​សំខាន់​មិនអាច​ខ្វះ​បានជា​មួយ​ពលករ​ខ្មែរ​ចូល​ទឹកដី​ថៃ​តាម​ច្រករបៀង​ព្រំដែន​ដើម្បី​កាប់​ឈើ​គ្រញូង​ដោយ​ខុសច្បាប់​ គឺ​ភាគច្រើន​ពលករ​ខុស​ច្បាប់​ទាំងនោះ​មានការ​សេព​គ្រឿងញៀន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684