ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាល​រង​ខេត្ត​ទទួលបន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី​ចាប់ផ្តើមប្រើ​​ធម៌ក្ដៅ​ហើយ

បន្ទាយមានជ័យ ៖ រឿង​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹងស្នោរ​នៅតែ​ជា​ប្រធានបទ​ក្តៅគគុក ​ដោយសារ​តែ​មាន​ជន​មួយ​ក្តាប់​តូច​នាំគ្នា​ទៅ​បង្ក​បញ្ហា​ដើម្បី​យក​ផល​ប្រយោជន៍​រៀងៗ​ខ្លួន​ ហើយ​នាំគ្នា​ទៅ​បង្កើត​តំបន់​អប្បគមន៍​ផ្សេងទៀត​ ឥឡូវ​នេះ​ចៅហ្វាយខេត្ត​ចាប់ផ្តើម​​ប្រើ​ធម៌ក្ដៅ​ហើយ។

នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​ឧសភា ​ឆ្នាំ​២០១៥​នេះ​ គេ​បាន​សង្កេតឃើញ​មាន​ពលរដ្ឋ​ចំនួន​៩០​នាក់​ដែល​មាន​តំណាង​៣​ក្រុម មក​​ចូលរួម​ស្តាប់​ការប្រជុំ​របស់​លោក​អភិបាលរង​ខេត្ត​ខាងលើ​កាត់ក្តី​ថា ​តើ​ក្រុម​ណា​ទទួល​បាន​ជោគជ័យ ​ហើយ​ក្រុម​ណា​ត្រូវ​ប្រឈម​ជាមួយ​ផ្លូវច្បាប់​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

គួរ​រំលឹក​ដែរ​ថា​ មាន​ពលរដ្ឋ​ចំនួន​៣​ក្រុម​ដែល​ប្រទាញប្រទង់​កាន់កាប់​លើ​ដី​ក្នុង​តំបន់​បឹង​ស្នោរ​ដែល​មាន​នៅ​ឃុំ​ស្លក្រាម ​ស្រុក​ស្វាយចេក​ ហើយ​បាន​ប្ដឹង​គ្នា​ទៅ​វិញ​ទៅមក​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​រួច​មក​ហើយ​ នៅតែ​មិនទាន់​សម្រេច​ បើ​ទោះ​ជា​មាន​ការ​ជួយ​ធ្វើ​អន្តរាគមន៍​ពី​ថ្នាក​លើ​បែប​ណា​ក៏ដោយ ​ក៏​ការ​ដោះស្រាយ​នោះ​មិន​ជោគជ័យ​ដែរ​ ពីព្រោះ​តំណាង​និ​មួយៗ​សុទ្ធសឹងតែ​មាន​ខ្នង​ធំៗ​កាង​នៅ​ពីក្រោយ​ខ្នង​ទាំងអស់។​

នៅក្នុង​អង្គប្រជុំ​នោះ​ គេ​បាន​សង្កេត​ឃើញ​លោក​ ចុង​ ផែត​ អភិបាលរង​ខេត្ត​និយាយ​ថា ​ក្រុម​ពលរដ្ឋ​នៅ​ផ្កាយ​៥ ​ដែល​មាន​ចំនួន​៣០២​គ្រួសារ​នោះ ​គួរ​តែ​ទទួល​ជោគជ័យ​ហើយ ពី​ព្រោះ​ក្រុម​នេះ​ពិតជា​មាន​លិខិត​អនុញ្ញាត​ត្រឹមត្រូវ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ច្បាស់លាស់​ទៀត​ផង ​ចំណែក​ពីរ​ក្រុម​ផ្សេងទៀត​នោះ ​គឺ​ត្រូវ​លើក​យក​មក​ជជែក​គ្នា​នៅពេល​ក្រោយ​ ហើយ​អាច​មាន​ក្រុម​ផ្សេង​មួយ​ទៀត​កំពុង​ប្រឈម​​ជាមួយ​ផ្លូវច្បាប់​ទៀត​ផង ​ដោយ​គេ​ចូលចិត្ត​យកឈ្មោះ​លោកធំ​មក​គំរាម​អាជ្ញាធរ​ជា​ញឹកញាប់​ទៀត​នោះ។

លោក​ ចុង​ ផែត ​ប្រធាន​អង្គប្រជុំ​បាន​លើក​ឡើង​ថា ​រឿង​ទំនាស់​ដី​នៅ​តំបន់​បឹង​ស្នោរ​នេះ​ គឺ​វា​មាន​សភាព​តឹងតែង​ខ្លាំង​ណាស់​ ហើយ​អូស​បន្លាយ​យូរ​ឆ្នាំ​ទៀត​ផង។ ​លោក​បន្ត​ទៀត​ថា ​ការ​ដោះ​ស្រាយ​រឿង​ដី​ក្នុង​តំបន់​បឹង​ស្នោរ​នា​ពេល​នេះ​ គឺ​ទាល់​តែ​លេង​ធម៌​ក្តៅ​ខ្លះ​ហើយៗ​អាច​ហៅ​តុលាការ​ចូលរួម​ទៀត​ផង​ ពីព្រោះ​មាន​តំណាង​ខ្លះ​គាត់​យកឈ្មោះ​អ្នក​ធំ​មក​ប្រើប្រាស់​បង្ក​ការ​លំបាក​ដល់​អាជ្ញាធរ​នោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684