ព័ត៍មានទាន់​ហេតុការណ៏
Search
តម្លៃ​ខ្លួន​សុគន្ធ​នីសា

តម្លៃ​ខ្លួន​សុគន្ធ​នីសា​ប្រកៀក​ប្រកិត​មាស​សុខ​សោភា​និង​សុខ​ពិសី

 

ភ្នំពេញ​ ៖ បន្ទាប់ពី​បាន​បន្សាត់​អណ្ដែត​ខ្លួន​មក​ជ្រក​នៅ​ទ្រនំ​ផលិតកម្ម​ថោន​រយៈពេល​មួយ​ចម្អិន​កំពឹស​នោះ​គេ​ សង្កេត​ឃើញ​ប្រជាប្រិយភាព​របស់​តារា​ចម្រៀង​កញ្ញា​សុគន្ធ នីសា​បាន​និង​កំពុង​ឡើង​ស្រឺ​តៗ​ព្រម​ទាំង​ទទួល​បាន​នូវ​ការ​គាំទ្រ​គួរ​ឲ្យ​កត់​សម្គាល់​ពី​សំណាក់​មិត្ត​យុវវ័យ​ បើ​ប្រៀបធៀប​ជាមួយ​តារា​ចម្រៀង​ស្រី​រួម​ទ្រនំ​២​ដួង​គឺ​មាស សុខ​សោភា​ និង​សុខ ពិសី រីឯ​តម្លៃ​ខ្លួន​វិញ​ក៏​កំពុងតែ​ប្រកៀក​ប្រកិត​គ្នា​ផង​ដែរ។

អ្នក​ផលិត​កម្មវិធី​ទូរទស្សន៍​ម្នាក់​បញ្ជាក់​ថា កន្លង​មក​តម្លៃ​ខ្លួន​ចេញ​ច្រៀង​របស់​សុគន្ធ នីសា​ត្រឹមតែ​១២០០​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ច្រៀង​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​ដែល​នាង​ច្រៀង​តែ​៣​ទៅ​៤​បទ​នោះ ក៏ប៉ុន្តែ​ពេលនេះ​នាង​បាន​ទារ​តម្លៃ​ខ្លួន​រហូតដល់​២០០០​ដុល្លារ​ដែល​តម្លៃ​នេះ​អាច​និយាយ​បានថា​ប្រហាក់ប្រហែល​នឹង​តារា​ចម្រៀង​ស្រី​មាស សុខ​សោភា​និង​សុខ ពិសី​។ អ្វីដែល​សុគន្ធ នីសា​ដំឡើង​តម្លៃ​ខ្លួន​ច្រៀង​រាំ​កាន់តែ​ខ្ពស់​នេះ​ដែរ​ដោយ​នាង​បាន​លើក​ហេតុផល​ថា ការ​ចំណាយ​តុបតែង​ខ្លួន​សំលៀកបំពាក់​នៅពេល​ឡើង​ច្រៀង​របស់​នាង​វា​មាន​ខ្ទង់​ចំណាយ​ច្រើន​ដែរ​។​

ប្រភពពី​មជ្ឈដ្ឋាន​ដែល​ចូលចិត្ត​និយាយ​ដើម​គេ​បាន​ខ្សឹបខ្សៀវ​គ្នា​ថា ប្រសិនបើ​តម្លៃ​ខ្លួន​ចេញ​ច្រៀង​តាម​ឆាក​ប្រគំ​តន្ត្រី​ និង​ស្ប៉ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​តារា​ចម្រៀង​សុគន្ធ នីសា​ហក់​ឡើង​ខ្ពស់​ជាង​ធម្មតា​មែន​នោះ ​អាច​នឹង​ធ្វើ​ឲ្យ​ខាង​អ្នកដឹកនាំ​កម្មវិធី​ប្រគំ​តន្ត្រី​និង​ម្ចាស់​ផលិតផល​មួយចំនួន​ពិចារណា​ចំពោះ​រឿងនេះ​ឬក៏​អាច​និយាយ​បាន​ថា អ្នក​ផលិត​កម្មវិធី​ទាំង​នោះ​គេ​អាច​នឹង​បង្វែរ​មុខព្រួញ​ទៅ​ជ្រើសរើស​តារា​សិល្បៈ​ស្រី​ស្អាត​ក្មេងៗ​មួយចំនួន​ផ្សេង​ពី​នាង​ក៏​ថា​បានដែរ។

គេ​និយាយទៀតថា បើទោះបីជា​សុគន្ធ នីសា​នៅមាន​តម្លៃ​ខ្លួន​ទាប​ជាង​មាស សុខ​សោភា នាង​សុខ ពិសី​និង​ឱក សុគន្ធ​កញ្ញា​រហូតដល់​៥០០​ដុល្លារ​ក្តី ក៏ប៉ុន្តែ​ភាព​ឡូយឆាយ​របស់​នាង​មិនបាន​ចាញ់​តារា​ស្រី​ទាំង​នោះ​ឡើយ ពោល​សុគន្ធ នីសា​មាន​រថយន្ត​ទំនើប​ជិះ​ដូរ​គ្នា​ចំនួន​២​គ្រឿង ផ្ទះ​វិឡារ​សម្រាប់​រស់នៅ​ និង​មាន​ហាង​លក់​អាហារ​គ្រឿង​សមុទ្រ​ចំនួន​២​កន្លែង​ផងដែរ។

បន្ទាប់ពី​ការងារ​សិល្បៈ​បាននិងកំពុង​តែ​បោះជំហាន​ទៅមុខ​នេះដែរ ដោយឡែក​រឿងរ៉ាវ​មនោសញ្ចេតនា​ស្នេហា​វិញ​ក្រោយពី​បែកបាក់​ចែកផ្លូវ​គ្នា​ជាមួយ​គូស្នេហ៍​លោក​សុខ ជំនោរ​ដែល​គេ​ស្គាល់​ថា​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​រស្មី​ហង្ស​មាស​នោះ ពេលនេះ​សុគន្ធ នីសា​ត្រូវ​បាន​គេ​ដឹង​ថា បាន​និង​កំពុង​តែ​ផ្សាភ្ជាប់​នៅ​ចំណង​ស្នេហ៍​ឆ្លង​ទ្វីប​ជាមួយ​បុរស​ម្នាក់​ឈ្មោះ​សាំ​បា​។ តែ​ទោះ​យ៉ាង​សុគន្ធ នីសា​នៅ​មិនទាន់​ប្រាកដ អំពី​ការ​ដឹក​ដៃ​គ្នា​ចោល​រោងការ​ជា​បុរស​ជា​អាណិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​នោះ​នៅឡើយ ហើយ​រហូតមកដល់​ម៉ោង​នេះ​«​កម្ពុ​ជាថ្មី​»​នៅ​មិនទាន់​អាច​ស្វែងរក​ការ​បញ្ជាក់​ណាមួយ​ពី​តារា​ចម្រៀង​សុគន្ធ នីសា​បាន​នៅឡើយ​ទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684