ព័ត៍មានទាន់​ហេតុការណ៏
Search
7-5-2015-sp-1

សម្តេច​តេ​ជោ​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួច​ផ្តើម​ឱ្យ​មាន​សមាគម​មិត្តភាព​សភា​កម្ពុជា​-​សិង្ហ​បុរី

​ ​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​គំនិត ផ្តួចផ្តើម​ឱ្យ​មាន​សមាគម​មិត្តភាព​សភា​ប្រទេស​ទាំងពីរ​កម្ពុជា​-​សិង្ហ​បុរី ក្រៅពី​ទំនាក់ទំនង​ដែល​មាន​រួច​មក​ហើយ​នោះ​។​

​ ​យោងតាម​លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួប​ពិភាក្សា​ការងារ ជាមួយ​លោកជំទាវ Halimah Yacob ប្រធានសភា​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៥ សម្តេច​តេ​ជោ​មានប្រសាសន៍​បន្តថា ក្រៅពី​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល និង​រដ្ឋាភិបាល យើង​ត្រូវតែមាន​ទំនាក់ទំនង​ក្នុង​ផ្នែក​នីតិប្បញ្ញត្តិ ឬ​រវាង​ប្រជាជន និង​ប្រជាជន សមាគម និង​សមាគម អង្គការក្រៅរដ្ឋាភិបាល និង​អង្គការ​ក្រៅ រដ្ឋាភិបាល ដើម្បីឱ្យ​ការយល់ដឹង​គ្នា​រវាង​ប្រជាជន និង​ប្រជាជន និង​គ្រប់​ស្រទាប់ វណ្ណៈ​ទាំងអស់​កាន់តែ​ល្អប្រសើរ ដែល​នោះ​គឺជា​ការរួមចំណែក​ទៅ​ទំនាក់ទំនង ខាង​ផ្នែក​នយោបាយ ដោយសារតែ​ការធ្វើការ​របស់​រដ្ឋាភិបាល គឺ​ត្រូវការ​ពី​ផ្នែក​សភា​ផងដែរ ។ តាមរយៈ​កិច្ច​ពិភាក្សាគ្នា​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ផ្តល់នូវ​សេចក្តី​សង្ឃឹមថា ទស្សនកិច្ច​នេះ​នឹង​ជំរុញ​នូវ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​សិង្ហ​បុរី កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត ។

​ ​ជាមួយគ្នានេះ​សម្តេច​តេ​ជោ​បាន​ចាត់ទុកថា ដំណើរ​ទស្សនកិច្ច​រប​ស់គ​ណៈ ប្រតិភូ​សភា​សិង្ហ​បុរី​មកកាន់​ប្រទេស​កម្ពុជា​នៅពេលនេះ គឺជា​ព្រឹត្តិការណ៍​ថ្មី​មួយទៀត នៃ​ទំនាក់ទំនង​ទ្វេភាគី​របស់​ប្រទេស​ទាំងពីរ ដែលជា​ចំណែក​មួយ​ដ៏​សំខាន់ ក្នុងការ​ពង្រឹង​ចំណង​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ទាំងមូល​ផងដែរ ។ សម្តេច​តេ​ជោ​បាន​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​ប្រទេស​សិង្ហ​បុរី ដែល​បាន​ចូលរួមចំណែក​បណ្តុះបណ្តាល​ធនធានមនុស្ស​ដល់ក​ម្ពុ​ជា ដែលជា​កត្តា​សំខាន់​ក្នុងការ​រួមចំណែក​ដល់​ការស្តារ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឡើងវិញ ។ សម្តេច​តេ​ជោ​បន្តថា កម្ពុ​ជាមាន​និស្សិត​ជាច្រើន​ដែល​បាន​ស្វះ​ស្វែងរក​ការបណ្តុះបណ្តាល និង​សិក្សា​នៅក្នុង​ប្រទេស​សិង្ហ​បុរី តាមរយៈ​អាហារូបករណ៍ និង​តាម រយៈ​ការសិក្សា​ដោយ​មធ្យោបាយ​ផ្ទាល់ខ្លួន ។ សម្តេច​តេ​ជោ​បន្តថា ក្រៅពី​ការរួម ចំណែក​ដល់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា សិង្ហ​បុរី​បានរួម​ចំណែក​ជួយ​ដល់​កម្ពុជា​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ ដែល​ក្នុងនោះ​មាន​ក្រុមហ៊ុន​វិនិយោគ​ជាច្រើន​របស់​សិង្ហ​បុរី បានធ្វើការ​វិនិយោគ​នៅ​កម្ពុជា ក្នុងនោះ​រួមទាំង​សេវាកម្ម​ខាង​ផ្នែក​សុខាភិបាល ដែល​សម្តេច​បានចាត់ទុក​ថា សិង្ហ​បុរី​បាន​ក្លាយជា​មជ្ឈមណ្ឌល នៃ​សេវាកម្ម​សុខាភិបាល​ដ៏​មាន​ប្រសិទ្ធភាព​បំផុត មិន​ត្រឹមតែ​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រជាជន​ក្នុង​តំបន់ និង ពិភពលោក​ផងដែរ ។

​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ទៅកាន់​លោកជំទាវ Halimah Yacob ដែរ​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី នៃ​ប្រទេស​ទាំងពីរ​កាលពី​ឆ្នាំ​កន្លងទៅ មាន​ទំហំ​ប្រមាណ​២.៧០០​លាន​ដុល្លារ​អាម៉េរិក ទាំងនេះ​គឺ​វា​មិនទាន់​សមស្រប ទៅនឹង​សក្តានុពល​ដែល​ប្រទេស​ទាំងពីរ​មាន​ទេ ដែល​តាមរយៈ​នេះ​សម្តេច​បានស្នើ​ដល់​ភាគី​សិង្ហ​បុរី​រិះរក​មធ្យោបាយ​យ៉ាងណា ដើម្បីឱ្យ​ទំហំ​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ថែមទៀត តាមរយៈ​ការជំរុញ​ការវិនិយោគ និង ពិនិត្យ​ឱ្យមាន​ការបង្កើន​ជើងហោះហើរ​ត្រង់ នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែមាន​ចំនួន​ច្រើន​ថែមទៀត ដើម្បី​បំពេញ​បំណងប្រាថ្នា និង​សេចក្តីត្រូវការ​របស់​អ្នកទេសចរ​នោះ​។

​ ​លោកជំទាវ Halimah Yacob មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ អញ្ជើញ​ជួបពិភាក្សា​ដោយផ្ទាល់​ជាមួយ​លោកជំទាវ និង​គណៈប្រតិភូ ។ តាមរយៈ​ជំនួប​ពិភាក្សាគ្នា​នេះ លោកជំទាវ​ប្រធានរដ្ឋសភា​ក៏បាន​ជម្រាបជូន​សម្តេច​តេ​ជោ អំពី​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​រវាង​លោកជំទាវ ជាមួយ​សម្តេច​អគ្គ​មហា ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​ផងដែរ​។

​ ​ក្នុងជំនួប​ពិភាក្សាគ្នា​នេះ លោកជំទាវ​ប្រធាន​មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​អតីត​នាយករដ្ឋមន្ត្រី លី ក្វាន់​យូ កាលពី​ខែ​មុន និង​បាន​ចាត់ទុកថា កម្ពុជា​គឺជា​ប្រទេស​ទី​១ ដែល​បានទទួល​ស្គាល់​សិង្ហ​បុរី​នៅពេលដែល​សិង្ហ​បុរី ទទួលបាន​ឯករាជ្យ​ភ្លាមៗ ដែល​ពេលនោះ​ព្រះករុណា​«​ព្រះ​បរម​រតន​កោដ្ឋ​» បានទទួល​ស្គាល់ និង​បាន​ផ្តើម​នូវ​ទំនាក់ទំនង​ការទូត​ជាមួយនឹង អតីត​នាយក​រដ្ឋ មន្ត្រី​ទី​១​របស់​សិង្ហ​បុរី គឺ​ឯកឧត្តម លី ក្វាន់​យូ ។ ជាមួយគ្នានេះ លោកជំទាវ​ប្រធាន ក៏បាន​ថ្លែង​នូវ​អំណរគុណ​ផងដែរ ជូន​ចំពោះ​សម្តេច​តេ​ជោ​ដែល​គ្រោង​នឹង​អញ្ជើញ​ទៅ​ចូលរួម​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៥០ នៃ​ទិវា​បុណ្យ​ឯករាជ្យ​របស់​សិង្ហ​បុរី​។​

​ ​ទាក់ទិន​ទៅនឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស លោកជំទាវ Halimah Yacob មានប្រសាសន៍​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា កម្ពុជា​គឺជា​ប្រទេស​ទី​៤​នៅក្នុង​តំបន់​អាស៊ាន ដែលមាន​មន្ត្រីរាជការ និង​និស្សិត​បានធ្វើការ​បណ្តុះបណ្តាល​នៅក្នុង​ប្រទេស​សិង្ហ​បុរី ។ ជាមួយគ្នានេះ​លោកជំទាវ​បាន​សម្តែង នូវ​ការពេញចិត្ត​ក្នុង​ទំនាក់ទំនង​ជាមួយនឹង​កម្ពុជា ក្នុងនោះ​សិង្ហ​បុរី គឺជា​ប្រទេស​ទី​៦ ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ជាមួយ​កម្ពុជា ហើយ​តាមរយៈ​ភាព ជា​ដៃគូ​ជិតស្និទ្ធ​នេះ ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការវិនិយោគ​នឹងមាន​ការ​កើន ឡើង​នៅពេល​ខាងមុខ និង​បាន​ចាត់ទុកថា កម្ពុជា គឺជា​គោលដៅ​ទេសចរណ៍ របស់​សិង្ហ​បុរី និង​សង្ឃឹមថា នឹងមាន​ការហោះហើរ​ត្រង់​ពី​សិង្ហ​បុរី​មកកាន់​កម្ពុជា និង​ពី​កម្ពុជា​ទៅកាន់​សិង្ហ​បុរី​កាន់​តែមាន​ចំនួន​ច្រើន​ទៀត​នៅពេល​ខាងមុខ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684