ព័ត៍មានទាន់​ហេតុការណ៏
Search

ទីក្រុង​ក្នុង​ប្រទេស​នេ​ប៉ាល់ ចាប់ផ្តើម​បោសសំអាត​គំនរ​បាក់បែក ក្រោយ​ជួប​គ្រោះ​រញ្ជួយ​ដី​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ទីក្រុង​នៅ​ខាងក្រៅ​រដ្ឋធានី​ក​ដ្ឋ​ម​ណ្ឌូ​របស់​ប្រទេស​នេ​ប៉ាល់ បាន​ចាប់​ផ្តើម​បោសសំអាត​គំនរ​បាក់បែក​អគារ​ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ គ្រោះមហន្តរាយ​រញ្ជួយ​ដី​កាលពី​ថ្ងៃទី​២៥​ខែមេសា​កន្លងទៅ។

ទីក្រុង​សាន​គូ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​នោះ​ទេពី​រដ្ឋធានី​ក​ដ្ឋ​ម​ណ្ឌូ ហើយ​ក្រុម​អ្នកស្រុក បាន​និយាយ​ថា ផ្ទះ​របស់​ពួកគេ​ភាគច្រើន ត្រូវ​បាន​ខូចខាត​គ្មាន​សល់។

ពលរដ្ឋ​វ័យ​២៦​ឆ្នាំ​ម្នាក់​ឈ្មោះ ស្រេ​ហ្សិ​ន បាន​និយាយ​ថា លោក​លែង​ចង់​រស់នៅ​ទីនេះ​ទៀតហើយ ពីព្រោះ​ថា​ទីនេះ រង​ការ​បំផ្លិចបំផ្លាញ​គ្មាន​សល់ ប្រៀប​បាន​នឹង​ទីក្រុង​ខ្មោច​អញ្ចឹង​ដែរ។

រីឯ​ពលរដ្ឋ​ម្នាក់ទៀត​ឈ្មោះ​ស៊ី​ស្តា អាយុ​២៩​ឆ្នាំ ដែល​កំពុង​រស់នៅ​ក្រោម​សំពត់​តង់ បាន​ឲ្យ​ដឹង​ដែរ​ថា ផ្ទះ​ទាំងអស់​នៅ​ទី​នេះ រង​ការ​បំផ្លិចបំផ្លាញ​ទាំងស្រុង មនុស្ស​ជាច្រើន​បាន​ស្លាប់ ហើយ​ក៏បាន​បំផ្លិចបំផ្លាញ​ស្រូវ​អង្ករ​ដែល​ដែល​ពួក​លោក បាន​រក្សាទុក​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ផង​ដែរ។

ខណៈនោះ​ដែរ ក្រុមការងារ​ជំនួយ​សប្បុរស​ធម៌ ដែល​ក្នុង​នោះ​រួមមាន​ទាំង​ក្រុម​កាកបាទក្រហម​របស់​ចិន បាន​កសាង​ជំរុំ​សំពត់​តង់ ជា​កន្លែង​ដែល​ប្រជាពលរដ្ឋ​រងគ្រោះ​អាច​ស្នាក់​នៅក្នុង​ជម្រក​បណ្តោះអាសន្ន​នេះ​បាន។

សូម​បញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​មហា​សោកនាដកម្ម​រញ្ជួយ​ដី​នៅក្នុង​ប្រទេស​ស្ថិត​តាម​តំបន់​ភ្នំ​ហិមពាន្ត​មួយ​នេះ បាន​កើន​ឡើង​ដល់​៧៦៧៥​នាក់​ហើយ ក្នុង​នោះ​មនុស្ស​ជាង​១៦៣០០​នាក់​ផ្សេងទៀត បាន​រង​របួស។ ប៉ុន្តែ​បើ​តាម​ការព្យាករណ៍​ទុក ចំនួន​អ្នក​ស្លាប់ អាច​នឹង​កើនឡើង​ទៀត ខណៈ​ដែល​មនុស្ស​រាប់ពាន់​នាក់​ទៀត កំពុង​បាត់​ខ្លួន។

ខណៈនោះ​ដែរ រដ្ឋមន្ត្រី​នេ​ប៉ាល់​មួយ​រូប​បាន​ឲ្យ​ដឹង​ថា យ៉ាងហោចណាស់​ក៏​ត្រូវ​ការ​ថវិកា​២​កោត​លាន​ដុល្លារ​អាមេរិក​ដែរ ដើម្បី​ស្តារ និង​ស្ថាបនា​ផ្ទះ​ប្រជាពលរដ្ឋ​ឡើង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684