ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​អាជ្ញាធរ និង​ប្រជាជន​នេ​ប៉ាល់ កោតសរសើរ​ដល់​កិច្ច​ខិតខំ​របស់​ក្រុម​ជួយសង្គ្រោះ​ចិន​

ក្រុម​អាជ្ញាធរ និង​ប្រជាជន​នេ​ប៉ាល់ បាន​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​កិច្ច​ខិតខំ​របស់​ក្រុមការងារ​សង្គ្រោះ និង​ក្រុមសុខាភិបាល​ចិន សម្រាប់​ជំនួយ​មនុស្សធម៌​របស់​ពួកគេ​នៅក្នុង​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​មួយ​នេះ។

លោក​ខា​ហ្គា រ៉ា​ច អា​ឌី​ខា​រី គឺជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នេ​ប៉ាល់ បាន​ឲ្យ​ដឹង​ថា ក្នុងនាម​ជា​ប្រទេសជិតខាង​នេ​ប៉ាល់ ចិន​បាន​បន្ត​ផ្តល់​ជំនួយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​ប្រទេស​របស់​លោក​។ ពួកគេ​បាន​ជួយសង្គ្រោះ​មនុស្ស​ដែល​ជាប់​នៅក្នុង​គំនរ​បែកបាក់ ហើយ​បាន​ផ្តល់​ពួកគាត់​នូវ​សំពត់​តង់ ស្បៀងអាហារ និង​ថ្នាំពេទ្យ​ជាដើម​។ លោក​បាន​បន្ត​ទៀត​ថា ប្រការ​ដែល​សំខាន់​បំផុត​នោះ គឺ​ក្រុមការងារ​មួយ​នេះ បាន​ជួយ​ដែល​បាន​ជាប់​នៅក្នុង​គំនរ​បែកបាក់ ហើយ​រដ្ឋាភិបាល​របស់​លោក សង្ឃឹម​យ៉ាង​មុតមាំ​ថា ចិន​នឹង​បន្ត​កិច្ច​ខិតខំ​របស់​ខ្លួន ជួយ​ដល់​ជនរងគ្រោះ​នេ​ប៉ាល់ តទៅទៀត។

យោង​តាម​សេចក្តី​រាយការណ៍​ពី​ក្រសួងការបរទេស​ចិន បាន​ឲ្យ​ដឹងថា សម្ភារ​ជំនួស​សប្បុរសធម៌​ទម្ងន់​៣៦០​តោន​បន្ថែម​ទៀត ត្រូវ​បាន​បញ្ជូន​ទៅកាន់​ប្រទេស​នេ​ប៉ាល់ កាលពី​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ ខណៈ​ដែល​ជំនួយ​រាប់រយ​តោន​ផ្សេងទៀត​ពី​យោធា​ចិន បាន​មកដល់​ប្រទេស​នេ​ប៉ាល់ កាលពី​ថ្ងៃទី​២ និង​ទី​៣​ខែឧសភា​មុននេះ។

សូម​បញ្ជាក់​ថា យោង​តាម​សេចក្តី​រាយការណ៍​ពី​ក្រសួងមហាផ្ទៃ​នេ​ប៉ាល់ បាន​ឲ្យ​ដឹងថា គ្រោះ​រញ្ជួយ​ដី​ដ៏​អាក្រក់​បំផុត​នេះ បាន​សម្លាប់​មនុស្ស​សរុប​៧៦៧៥​នាក់​ហើយ ក្នុងនោះ​មនុស្ស​ជាង​១៦៣០០​នាក់​ផ្សេងទៀត​បាន​រង​របួស ខណៈ​ដែល​ប្រជាពលរដ្ឋ​ប្រហែល​ជាង​២.៥​លាន​នាក់ កំពុងតែ​រស់នៅ​ក្រោម​ដំបូល​ប្រក់​មេឃ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684