បេសកជនរបស់សហប្រជាជាតិ សាទរចំពោះភាពជឿនលឿនជាពិសេសក្នុងការប្រឆាំងទប់ទល់ទៅនឹងការចម្លងរាលដាលនៅតំបន់អាហ្វ្រិកខាងលិច បន្ទាប់ពីករណីចម្លងថ្មីកាលពីសប្ដាហ៍មុនកន្លងមកនេះ មានត្រឹមតែ២០ករណីជាលើកទីមួយហើយចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៤ ប៉ុន្ដែបេសកជនរូបនេះបានព្រមានឲ្យដឹងថា គួរតែដល់ពេលត្រូវបញ្ចប់ជំងឺរាតត្បាតនេះជាស្ថាពរហើយ។
លោក David Nabarro បាននិយាយថា នៅក្នុងសប្ដាហ៍នេះរហូតមកដល់ថ្ងៃទី៣ ខែឧសភា គឺមានត្រឹមតែ៩ករណីនៃការឆ្លងប៉ុណ្ណោះដែលត្រូវបានរាយការណ៍នៅប្រទេសហ្គីណេ និងចំនួនដដែលនេះនៅប្រទេសក្បែរខាងគ្នាគឺសៀរ៉ាឡេអូន។ ជាថ្មីម្ដងទៀតដែលប្រទេសលីបេរីយ៉ា មិនមានករណីថ្មីទៀតឡើយ។
លោក Nabarro បាននិយាយថា លោកសុទិដ្ឋិនិយម ដែលប្រទេសលីបេរីយ៉ា ត្រូវបានប្រកាសថា រួចចាកផុតពី Ebola នៅថ្ងៃទី៩ ខែឧសភា ពេលដែលប្រទេសនេះឈានដល់កម្រិតស្ដង់ដាររបស់អង្គការសុខភាពពិភពលោក WHO គឺ៤២ថ្ងៃក្រោយមក ដោយរយៈពេល៤២ថ្ងៃគ្មានការចម្លងថ្មី។
WHO បាននិយាយនៅក្នុង Update ជាលើកចុងក្រោយកាលពីថ្ងៃអង្គារ ការចម្លងរាលដាលយ៉ាងធ្ងន់បំផុតនៅលើពិភពលោក ដែលកើតមាននៅតំបន់ដ៏ឆ្ងាយដាច់ស្រយាលភាគអាគ្នេយ៍នៃប្រទេសហ្គីណេ កាលពីខែធ្នូ ឆ្នាំ២០១៣ ដែលបានសម្លាប់មនុស្សសរុបអស់១០,៩៨០នាក់ ហើយចម្លងដល់ទៅជាង២៦,៥០០នាក់។
លោក Nabarro បានលើកយកមកនិយាយថា ការចែករំលែកនៃការចម្លងករណីថ្មីកើតមានឡើងដោយសារតែមានទំនាក់ទំនងជាមួយក្រុមមនុស្សដែលរងគ្រោះដោយសារ Ebola។
បេសកកម្មឆ្លើយតបនឹង Ebola ជាបន្ទាន់របស់សហប្រជាជាតិ បានបង្កើតឡើងនៅក្នុងខែកញ្ញា ឆ្នាំកន្លងទៅ ដើម្បីបើកយុទ្ធនាការបញ្ចប់ការចម្លង Ebola នៅដំណាច់ខែកក្កដា ខាងមុខនេះ៕